តាម AP ក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍រដ្ឋប្រទេសចិន ដែលផ្សាយនៅថ្ងៃទី ៦ ខែមិថុនា ប្រធានាធិបតីរុស្ស៊ី ព្រមានថា អាមេរិក ត្រូវបង្ហាញនូវការសន្យាជាក់លាក់ ក្នុងការធានាសន្តិសុខឲ្យកូរ៉េខាងជើង ប្រសិនបើក្រុងវ៉ាស៊ីនតោន ចង់សម្រេចបានកិច្ចព្រមព្រៀងមួយអំពីការរំសាយនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង ។
លោកពូទីន សម្តែងក្តីសង្ឃឹមចំពោះជំនួបកំពូលខាងមុខរវាងប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ថានឹងនាំមកលទ្ធផលវិជ្ជមានជាច្រើន ។
លោកពូទីនក៏បានអបអរផងដែរចំពោះជំហានទាំងឡាយដែល “ពុំធ្លាប់មាន” របស់កូរ៉េខាងជើង ក្នុងនោះមានការផ្អាកសាកល្បងនុយក្លេអ៊ែរ កាំជ្រួច និងបំផ្លាញចោលទីលានសាកល្បងនុយក្លេអ៊ែរ Punggye-ri ។ លោកពូទីនចាត់ទុកថា ទាំងអស់នោះគឺជាកាយវិការបង្ហាញឡើងនូវសុឆន្ទៈដ៏សំខាន់បំផុត ។
ទន្ទឹមនោះមេដឹកនាំរុស្ស៊ីក៏ស្វាគមន៍ការសម្រេចចិត្ត “ក្លាហាននិងប្រាកដប្រជា” របស់ប្រធានាធិបតីត្រាំ ចំពោះការរៀបចំជំនួបនិងមេដឹកនាំគីម ជុងអ៊ុន ។
ប៉ុន្តែលោកពូទីន លើកឡើងថា ក្រុងព្យុងយ៉ាងប៉ងប្រាថ្នា “ការធានាសន្តិសុខដាច់ខាត” សម្រាប់ពួកគេបោះបង់ចោលមហិច្ឆិតានុយក្លេអ៊ែរ ៕ សូយន