ភ្នំពេញ ៖ ស្ដីពីការងារបង្កបង្កើនផល ផលិតផលកសិកម្ម អាជីវកម្មលើវិស័យកសិកម្ម និងការស្វែងរកទីផ្សារជួយជំរុញដល់ចង្វាក់ទិញ-លក់របស់ប្រជាពលរដ្ឋនោះ ជាពិសេសការពង្រឹងសន្តិសុខស្បៀង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងខ្លាំងៗផ្តាំទៅមន្ត្រីកសិកម្មទាំងអស់ រួមទាំងអាជ្ញាធរដែនដី មិនត្រូវអនុវត្តន៍សកម្មភាពការងាររបស់ខ្លួនបែប «ជិះសេះមើលផ្កា» នោះទេ គឺត្រូវនៅឲ្យជាប់កៀកកិតជាមួយប្រជាពលរដ្ឋ ដោះស្រាយភ្លាមៗនូវបញ្ហារបស់ពួកគាត់។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២, ដោយសម្ដេចសង្កត់ថា ក្រុមមន្ត្រីកសិកម្មទាំងអស់ និងមន្ត្រីអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការវាយតម្លៃផលប៉ះពាល់បន្ទាន់អំពីបញ្ហាទឹកជំនន់ជាមួយនឹងប្រជាពលរដ្ឋ, នៅពេលវាយតម្លៃរួច ត្រូវដឹកជញ្ជូនគ្រាប់ពូជដំណាំជូនប្រជាពលរដ្ឋភ្លាមៗ ហើយកន្លែងណាអាចធ្វើស្រូវបាន ឲ្យពួកគាត់ធ្វើស្រូវ ចំពោះកន្លែងណាដែលមិនអាចធ្វើស្រូវបាន ត្រូវផ្តល់គ្រាប់ពូជដំណាំរួមផ្សំជូនពួកគាត់, កិច្ចការផ្សេងៗទៀត គឺត្រូវជួយបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ។
ក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាលកម្ពុជា បានស្តុកនូវគ្រាប់ពូជយុទ្ធសាស្ត្រ ដើម្បីការពារនូវហានិភ័យនានា ដែលអាចកើតឡើង សម្រាប់ការបង្កបង្កើនផល របស់បងប្អូន ប្រជាពលរដ្ឋ មិនជួបបញ្ហាខ្វះខាតពូជនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលខ្ញុំចង់បញ្ជាក់បន្ថែមនៅទីនេះ ក៏បានដាក់វិធានការរួចមកហើយ គឺការវាយតម្លៃបន្ទាន់ អត់មានរង់ចាំវាយតម្លៃរួចបានផ្គត់ផ្គង់ទេ ដើម្បីឲ្យទាន់ពេលវេលានៃការបង្កបង្កើនផល របស់ប្រជាជន កន្លែងណាវាយតម្លៃរួច ដឹកស្រូវពូជ ឬពូជដំណាំដទៃទៀត ទៅដល់ចែកជូនប្រជាជនតែម្តង ដោយឥតត្រូវរង់ចាំទេ យើងមានពូជដំណាំស្តុកជាយុទ្ធសាស្ត្រ, កន្លែងខ្លះយើងអាចធ្វើស្រូវឡើងវិញ កន្លែងខ្លះអាចត្រូវប្រើពូជដំណាំផ្សេង យើងត្រូវផ្គត់ផ្គង់ពូជនោះ ដើម្បីឲ្យពួកគាត់អាចមានលទ្ធភាព ដើម្បីស្តារជីវភាព និងសេដ្ឋកិច្ច ឡើងវិញ។
អាជ្ញាធរខេត្តណាដែលជាប់ពាក់ព័ន្ធ ត្រូវនៅកៀកកិតជាមួយប្រជាជន យន្តការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវតែធ្វើសកម្មភាពនេះឲ្យបានលឿន ជាមួយគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច ដែលក្នុងនោះ មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ ដើម្បីធ្វើការវាយតម្លៃអំពីការខូចខាត ហើយផ្គត់ផ្គង់ពូជភ្លាមសម្រាប់ប្រជាជន។ ខ្ញុំសុំផ្ដាំផ្ញើទៅមន្ត្រីកសិកម្មទាំងអស់ ក៏ដូចជាអាជ្ញាធរដែនដី មិនត្រូវជិះសេះមើលផ្កាទេ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









