រដ្ឋធានីតេអ៊ីរ៉ង់៖ ក្រោយពេលកើតមានភាពវឹកវរ ដោយសារតែបាតុកម្ម បណ្ដាលឲ្យមានមនុស្សស្លាប់កើនឡើង កាន់តែច្រើន នោះមក មេដឹកនាំអ៊ីរ៉ង់ បានស្ដីបន្ទោសដល់សហរដ្ឋអាមេរិក ពីការញុះញង់ បង្កឲ្យមានភាពចលចល តវ៉ាប្រឆាំងនឹងការស្លាប់របស់ស្ដីម្នាក់ នៅក្នុងពន្ធនាគាររបស់រដ្ឋាភិបាល។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៧ ខែតុលា ថា លោក អេប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) ប្រធានាធិបតីអ៊ីរ៉ង់ បានចោទប្រកាន់សមភាគីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) អំពី«ការញុះញង់ឱ្យមានភាពវឹកវរ» ក្រោយពេលគាត់បានសម្តែងនូវការគាំទ្រ ចំពោះបាតុកម្មប្រឆាំង និង ទាមទារយុត្ដិធម៌ សម្រាប់ការស្លាប់របស់អ្នកស្រី ម៉ាសា អាមីនី (Mahsa Amini) នៅក្នុងពន្ធនាគាររបស់រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ កាលពីជិត១ខែកន្លងទៅនេះ។
ប្រធានាធិបតីអ៊ីរ៉ង់ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ថា «ការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ជាការញុះញង់ នាំឱ្យមានភាពចលាចល ភេរវកម្ម និងការបំផ្លិចបំផ្លាញដល់ប្រទេសដទៃ។ មេដឹកនាំអ៊ីរ៉ង់ ក៏បានរំឭកដល់ពាក្យមួយរបស់ស្ថាបនិកសាធារណរដ្ឋអ៊ិស្លាម ដោយបានហៅសហរដ្ឋអាមេរិក ថា ជាបិសាច»។
បាតុកម្មតវ៉ា តាមទាមទារស្វែងរកយុត្ដិធម៌ នៅក្នុងប្រទេសអ៊ីរ៉ង់ បានកើតឡើង កាលពីពាក់កណ្ដាលខែកញ្ញា ក្រោយពេលស្រ្ដីអ៊ីរ៉ង់ម្នាក់ឈ្មោះ ម៉ាស់សា អាមីនី មានអាយុ២២ឆ្នាំ បានស្លាប់ នៅក្នុងមន្ទីរឃុំឃាំង ត្រឹមតែរយៈពេល៣ថ្ងៃ បន្ទាប់ពីគាត់ត្រូវបានប៉ូលិសសីលធម៌ នៃប្រទេសអស៊ីខាងលិចមួយនេះ ចាប់ឃុំខ្លួន ដោយការចោទប្រកាន់ថា ស្លៀកពាក់មិនសមរម្យ។ ការផ្ទុះកំហឹងតវ៉ា ជុំវិញការស្លាប់របស់ស្រ្ដីអ៊ីរ៉ង់ ម្នាក់នេះ បាននាំឲ្យមានការស្លាប់មនុស្សយ៉ាងច្រើន ដោយសារតែការប៉ះទង្វិចគ្នាជាមួយនឹងប៉ូលិស៕ រក្សាសិទ្ធិដោយ ៖ សារាយSN














