ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងផ្តាំទៅមន្ត្រីកសិកម្មទាំងអស់ រួមទាំងអាជ្ញាធរដែនដី មិនត្រូវអនុវត្តន៍សកម្មភាពការងាររបស់ខ្លួនបែប ជិះសេះមើលផ្កានោះទេ គឺត្រូវនៅឲ្យជាប់កៀកកិតជាមួយប្រជាជន ដោះស្រាយភ្លាមៗនូវបញ្ហារបស់ពួកគាត់។
ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ការវាយតម្លៃផលប៉ះពាល់ត្រូវធ្វើបន្ទាន់ នៅពេលវាយតម្លៃរួច ត្រូវដឹកជញ្ជូនគ្រាប់ពូជជូនប្រជាពលរដ្ឋភ្លាមៗ ហើយកន្លែងណាអាចធ្វើស្រូវបាន ឲ្យពួកគាត់ធ្វើស្រូវ ចំពោះកន្លែងណាដែលមិនអាចធ្វើស្រូវបាន ត្រូវផ្តល់គ្រាប់ពូជដំណាំរួមផ្សំជូនពួកគាត់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់រាជរដ្ឋាភិបាលកម្ពុជា មានស្តុកនូវគ្រាប់ពូជយុទ្ធសាស្ត្រ ដើម្បីការពារនូវហានិភ័យនានា ដែលអាចកើតឡើង សម្រាប់ការបង្កបង្កើនផល របស់បងប្អូនប្រជាពលរដ្ឋ មិនជួបបញ្ហាខ្វះខាតពូជនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលខ្ញុំចង់បញ្ជាក់បន្ថែមនៅទីនេះ ហើយក៏បានដាក់វិធានការរួចមកហើយ គឺការវាយតម្លៃបន្ទាន់ អត់មានរង់ចាំវាយតម្លៃរួចបានផ្គត់ផ្គង់ទេ ដើម្បីឲ្យទាន់ពេលវេលានៃការបង្កបង្កើនផល របស់ប្រជាជន កន្លែងណាវាយតម្លៃរួច ដឹកស្រូវពូជ ឬពូជដំណាំដទៃទៀត ទៅដល់ចែកជូនប្រជាជនតែម្តង ដោយឥតត្រូវរង់ចាំទេ យើងមានពូជមានស្តុកយុទ្ធសាស្ត្រ កន្លែងខ្លះយើងអាចធ្វើស្រូវឡើងវិញ កន្លែងខ្លះអាចត្រូវប្រើពូជដំណាំផ្សេង យើងត្រូវផ្គត់ផ្គង់ពូជនោះ ដើម្បីឲ្យពួកគាត់អាចមានលទ្ធភាព ដើម្បីស្តារឡើងវិញ។អាជ្ញាធរខេត្តដែលជាប់ពាក់ព័ន្ធ ត្រូវនៅកៀកកិតជាមួយប្រជាជន យន្តការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវតែធ្វើសកម្មភាពនេះឲ្យបានលឿន ជាមួយគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច ដែលក្នុងនោះមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ ដើម្បីធ្វើការវាយតម្លៃអំពីការខូចខាត ហើយផ្គត់ផ្គង់ពូជភ្លាមសម្រាប់ប្រជាជន ហើយសុំផ្ញាំទៅមន្ត្រីកសិកម្មទាំងអស់ ក៏ដូចជាអាជ្ញាធរដែនដី មិនមែនជិះសេះមើលផ្កាទេ ត្រូវនៅឲ្យជាប់ជាមួយប្រជាពលរដ្ឋ វាយតម្លៃឲ្យត្រូវ ហើយនៅកៀកកិតជាមួយគាត់ ជូនកាលពូជដាក់ទៅវាមិនដុះ បើមិនដុះត្រូវដោះស្រាយបន្តទៀត អីចឹងបានកាលៈទេសៈនេះ ទាមទារឲ្យផ្នែកកសិកម្មយកចិត្តទុកដាក់ធ្វើអន្តរាគមន៍បន្ទាន់ អត់មានពេលត្រូវរង់ចាំនេះ រង់ចាំនោះ ធ្វើផង មិនធ្វើផង អត់ទេ។
សម្តេចតេជោបានថ្លែងទៀតថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក្នុងតួនាទីជារដ្ឋមន្ត្រីស្តីទី ក្រសួងកសិកម្ម បានរាយការណ៍ ជូនសម្តេចនូវការវាយតម្លៃផលប៉ះពាល់ និងការចុះចែកគ្រាប់ពូជជូនប្រជាពលរដ្ឋជាប្រចាំ ខណៈដែលការផ្ទេរតំណែងរដ្ឋមន្ត្រីថ្មី ក្រសួងកសិកម្ម ធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សប្បុរសជននានា រួមទាំងកាកបាទក្រហមកម្ពុជាផងដែរ ដែលបានចែកជូនជាជំនួយស្បៀងអាហារ ដល់បងប្អូនដែលមានផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ជាការជួយសម្រាល ដល់ការលំបាកមួយផ្នែករបស់បងប្អូនប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី







