ភ្នំពេញ៖ នៅថ្ងៃចន្ទនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ពន្លឿននីតិវិធីបែងចែកភូមិសាស្ត្រព្រំប្រទល់រវាងខេត្តទាំងពីរឲ្យបានឆាប់។
សម្តេចតេជោបានថ្លែងថា ការមិនអាចកំណត់ព្រំប្រទល់ដែនខេត្តទាំងពីរ ដោយសារមានអ្នកធំមានដីនៅកន្លែងនោះ មិនចង់ឱ្យមានការកាត់ទៅខេត្តប៉ៃលិន ហើយព្យាយាមបង្កការរាំងស្ទះ ដូច្នេះសម្ដេចសូមឲ្យខេត្តទាំងពីរពន្លឿនការងារនេះឲ្យបានឆាប់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវពន្លឿននីតិវិធីបែងចែកភូមិសាស្ត្រព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ឱ្យបានច្បាស់លាស់ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ មានសិទ្ធិស្របច្បាប់លើទីតាំងដែលកំពុងរស់នៅបច្ចុប្បន្ន។
ការបញ្ជា របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ៦,៤១១នាក់ នារី ៣,៥៦០នាក់។
សម្តេចតេជោ ហ៊ុន សែន បានណែនាំនាំថា ខ្ញុំនិយាយតាមទូរស័ព្ទ ជាមួយនឹងអភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តប៉ៃលិន ថាត្រូវដោះស្រាយឱ្យចប់នូវតំបន់មួយគ្រាន់តែកែសម្រួលព្រំប្រទល់រដ្ឋបាល ធ្វើប៉ុន្មានជំនាន់ហើយធ្វើអត់ចេញ អញ្ចឹងទេម្សិលមិញ ខ្ញុំបានផ្ញើសារទៅ សុខ លូ បើសិន២អាទិត្យទៀត ធ្វើមិនចេញ ខ្ញុំចុះទៅតែម្តង ព្រោះវាមិនមែនកាត់ដីឱ្យបរទេសណា ភូមិហ្នឹងជាភូមិដែលបងប្អូន ធ្វើសមាហរកម្ម ដែលចេញមក ធ្វើប៉ុណ្ណឹងមិនចេញ ហើយខ្ញុំបានផ្ញើសំលេងទៅសម្តេចក្រឡាហោម ស ខេង ដើម្បីធ្វើការងារនេះឱ្យចប់ ប្រជាពលរដ្ឋបានអាហ្នឹង គាត់បានកម្មសិទ្ធិដីស្របច្បាប់ ឯកឧត្តម សុខ លូ និង បានស្រី មុំ ពីរនាក់ហ្នឹង បើធ្វើមិនទាន់ទេ ២អាទិត្យទៀត ខ្ញុំនឹងចុះទៅហ្នឹង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការកំណត់ព្រំដែនរដ្ឋបាលរវាងខេត្តទាំង២នេះ ឱ្យច្បាស់លាស់ គឺដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការចុះឈ្មោះឆ្នោត ជាពិសេស គឺផ្តល់ភាពស្របច្បាប់ក្នុងការកាន់កាប់ដីធ្លីដល់ប្រជាពលរដ្ឋដែលកំពុងតែរស់នៅតំបន់នោះ។
សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា បញ្ហាដែលមិនអាចកំណត់ព្រំដែនរដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន នៅក្នុងតំបន់នោះឱ្យបានជាក់លាក់ ដោយសារតែមានអ្នកធំមួយចំនួន មានដីនៅកន្លែងនោះ ទើបជាហេតុនាំឱ្យពួកគេទាំងនោះរារាំង រដ្ឋបាលខេត្តបាត់ដំបង កាត់ដីតំបន់នោះទៅឱ្យខេត្តប៉ៃលិន។
សម្តេចតេជោ ហ៊ុន សែន ក៏សង្កត់ធ្ងន់ៗថា៖ អាដីស្វាយលោកឯងអត់បាត់ទៅណាទេ កាត់ដីទៅបាត់ដំបង គង់តែដីខ្មែរ ដីនៅប៉ៃលិន គង់តែដីខ្មែរ លោកឯងស៉ីផលដំណាំទៀតទៅ កុំចាំបាច់ទៅរារាំង គេអញ្ចឹង ខ្ញុំស៊ើបខ្ញុំដឹងតើស មូលហេតុអីបានរាប់ឆ្នាំដោះស្រាយវាមិនចេញ។
សម្តេចបានបញ្ជាពីចម្ងាយទៅដល់ចៅហ្វាយខេត្ត និងចៅហ្វាយស្រុកដែលពាក់ព័ន្ធនឹងករណីនេះ ត្រូវកែសម្រួលព្រំប្រទល់រដ្ឋបាល ដើម្បីឱ្យប្រជាពលើរដ្ឋដែលកំពុងរស់នៅតំបន់នោះទទួលបានកម្មសិទ្ធិស្របច្បាប់ ខណៈតំបន់នោះត្រូវបានធ្វើសមាហរកម្មជាង៣០ឆ្នាំមកហើយ ប៉ុន្តែ នៅតែមិនទាន់កំណត់ព្រំប្រទល់រដ្ឋបាលមិនទាន់ទៀត។
សម្រាប់ខេត្តប៉ៃលិន មានចំនួន២ស្រុករួមមាន៖ ស្រុកកំរៀង ជាប់ជាមួយស្រុកសាលាក្រៅ របស់ខេត្តប៉ៃលិន និងស្រុកសំឡូត ជាប់ជាមួយក្រុងប៉ៃលិន សម្រាប់ទំហំផ្ទៃដីនៅតំបន់នោះ គឺមិនទាន់បញ្ជាក់ពីតួលេខច្បាស់នោះទេ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី








