នៅថ្ងៃទី ៦ ខែមិថុនា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak បានបដិសេធរាល់កំហុសឆ្គងក្នុងការសាងសង់បំពង់បង្ហូរប្រេង ដែលមានតម្លៃ 9,4 ពាន់លានរីងហ្គីត (ប្រមាណ 2,36 ពាន់លានដុល្លារអាមេរិក) ជាមួយចិន ។
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak (កណ្តាល) ទៅកាន់គណៈកម្មាធិការប្រឆាំងអំពើពុករលួយ (MACC) ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី Lim Guan Eng ឲ្យដឹងថា គ្រោងការណ៍នេះ ទើបអនុវត្តបានការងារប្រមាណ ១៣% ប៉ុណ្ណោះ ក៏ប៉ុន្តែតម្លៃសរុបនៃគ្រោងការណ៍នេះ ត្រូវបានទូទាត់ដល់ទៅ ៨៨% ឯណោះ ។
គ្រោងការណ៍នេះ ត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០១៦ ដែលភាគីក្រុមហ៊ុនចិនជាអ្នកអនុវត្តការសាងសង់ ។ រដ្ឋមន្ត្រីរូបនេះឲ្យដឹងថា គ្រោងការណ៍ដែលបង្កប់ដោយភាពសង្ស័យខាងលើ បានធ្វើឲ្យលោកបញ្ជាដល់ថ្នាក់ក្រោមធ្វើរបាយការណ៍ដាក់ជូនគណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី កាលពីសប្តាហ៍មុន របាយការណ៍នេះទើបនឹងត្រូវបានដាក់ជូននាយករដ្ឋមន្ត្រីទើបឡើងកាន់តំណែង Mahathir Mohamad ។
តាមកាសែត Malaymail អតីតនាយករដ្ឋមន្ត្រី Najib បានអះអាងថា រាល់បែបបទផ្លូវច្បាប់ដែលតម្រូវឲ្យមានសុទ្ធសឹងត្រូវបានអនុវត្ត ហើយទឹកប្រាក់ត្រូវបានទូទាត់ដល់ទៅ “៨៨%” គឺឲ្យទៅភាគីចិន ពុំមែនផ្ទេរឲ្យភាគីទី “៣” ណាផ្សេងទៀតឡើយ ។ នៅថ្ងៃដដែលនោះ ភ្នាក់ងារស៊ើបអង្កេតប្រឆាំងអំពើពុករលួយក៏បានសួរចម្លើយអតីតជំទាវ Rosmah Mansor របស់អតីតនាយករដ្ឋមន្ត្រីណាស៊ីបផងដែរ ជុំវិញករណីមូលនិធិ 1MDB ៕
គួររំលឹកថា មូលនិធិ 1MDB នេះ គឺជាចំណុចផ្ទុះឡើងនៃរឿងអាស្រូវ ព្រោះវាបានធ្វើឲ្យខាតបង់ទឹកប្រាក់ ៣,៧ពាន់លានដុល្លារ ដែលត្រូវបានគេចាត់ទុកថា ជាលុយពុករលួយ នឹងត្រូវបានផ្ទេរទៅកាន់ប្រទេសក្រៅដើម្បីលាងសំអាត ហើយបច្ចុប្បន្នកំពុងរងការស៊ើបអង្កេតនៅអាមេរិក ស្វីស សិង្ហបុរី ចិន និងម៉ាឡេស៊ីខ្លួនឯង ៕ សូយន