ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន គូសរំលេចនូវកិច្ចការជាអាទិភាពសំខាន់ៗមួយចំនួន សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ផ្តោតការយកចិត្តទុកដាក់ ក្នុងរយៈពេលខ្លី, មធ្យម និង វែងខាងមុខ

ភ្នំពេញ ៖ ក្នុងពិធីផ្ទេរ និង ប្រគល់តំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និង នេសាទ នាថ្ងៃទី១៧ខែតុលានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បន្ថែមពីលើការងារអាទិភាពនាពេលចំពោះមុខ , ក្នុងគោលដៅបន្ត ជំរុញអភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាទាញយកឱ្យអស់នូវសក្តានុពលដ៏ធំធេងពីវិស័យនេះ, ខ្ញុំសូមធ្វើ ការគូសរំលេចនូវកិច្ចការជាអាទិភាពសំខាន់ៗមួយចំនួន សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ផ្តោតការយកចិត្តទុកដាក់ ក្នុងរយៈពេលខ្លី, មធ្យម និង វែងខាងមុខ ដូចខាងក្រោម ៖

ទី១.អនុវត្តការងារក្នុងស្មារតីបុរេសកម្ម ដោយតាមដាន និង វាយតម្លៃជាប្រចាំ អំពីស្ថានភាព ទូទៅនៃវិស័យកសិកម្ម និង ដោះស្រាយបញ្ហាប្រឈមនានា ឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ ។

ទី២.ជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពនូវ គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ ២០២២-២០៣០; ក្របខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ និង ពន្លឿនការ រៀបចំផែនការមេអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ ២០៣០ ។

ទី៣.ធ្វើឱ្យប្រសើរឡើង នូវផលិតភាពកសិកម្ម តាមរយៈការពង្រឹងការគ្រប់គ្រងគុណភាពដី, ការផ្តល់សេវាបច្ចេកទេសកសិកម្មឱ្យសមស្របតាមតម្រូវការរបស់ប្រជាជន, ការប្រើប្រាស់បច្ចេកវិទ្យា, ការជ្រើសរើសពូជដំណាំ, ការកាត់បន្ថយថ្លៃដើមផលិតកម្ម, ការប្រើប្រាស់ធាតុចូលសមស្រប និង ការអនុវត្តកសិកម្មល្អ, ព្រមទាំងការពង្រឹង និង ការកែលម្អសមត្ថភាពកសិដ្ឋាន, ស្ថានីយពិសោធន៍ និង មជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្ម ឱ្យក្លាយជា មជ្ឈមណ្ឌលឧត្តមភាពកសិកម្ម សម្រាប់ផ្សព្វផ្សាយ ទៅតាមឯកទេសសមស្រប ។

ទី៤.ជំរុញការដាំដុះបន្លែ តាមរយៈការអនុវត្តកសិកម្មល្អ និង ការប្រើប្រាស់ផ្ទះសំណាញ់ ឬផ្ទះ កញ្ចក់ ដោយមានការរៀបចំផែនការផលិតកម្ម និង កិច្ចសន្យាកសិកម្មច្បាស់លាស់ ជាមួយទីផ្សារ; ជំរុញវារីវប្បកម្មគ្រប់រូបភាពឲ្យបានខ្លាំងក្លាស្របតាម ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្ម ឆ្នាំ ២០១៦-២០៣០ និង ជំរុញផលិតកម្មសត្វ ដើម្បីធានាបាននូវការផ្គត់ផ្គង់សាច់សត្វ, ត្រី និង បន្ថ ក្នុងស្រុក សំដៅកាត់បន្ថយការពឹងផ្អែកលើការនាំចូល; និង ជំរុញការនាំចេញ ។

ទី៥.បន្តជំរុញផលិតកម្មស្រូវ ជាពិសេស ស្រូវក្រអូប និង ដំណាំកសិ-ឧស្សាហកម្ម ដែលមាន សក្តានុពល ដូចជា៖ ដំឡូងមី, កៅស៊ូ, ស្វាយចន្ទី, ដូង, ស្វាយ, ពោតក្រហម និង មៀនប៉ៃលិន ជាដើម តាមរយៈការបង្កើនការផ្គត់ផ្គង់ និង ការប្រើប្រាស់ពូជដែលសុទ្ធ និង មានថ្លៃសមរម្យ, ការបង្កើន ប្រសិទ្ធភាពក្នុងការប្រើប្រាស់ធាតុចូល, ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធស្រោចស្រព, ការអនុវត្ត វិធានការចម្រុះគ្រប់គ្រងជីជាតិដី តាមរយៈការអនុវត្ត កម្មវិធីសកម្មភាពជាតិដើម្បីប្រយុទ្ធប្រឆាំងនឹង ការធ្លាក់ចុះគុណភាពដី, ការផ្តល់សេវាបច្ចេកទេសកសិកម្មល្អប្រសើរ, ការសម្របសម្រួលតភ្ជាប់កសិករ និង ក្រុមផលិត ទៅកាន់ទីផ្សារ និង ពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ឱ្យមានលក្ខណៈជាអាជីព ។ ទន្ទឹមនេះ, ត្រូវពង្រឹងការអនុវត្តវិធានការការពារដំណាំ និង ជំរុញការអនុវត្ត ច្បាប់ស្តីពីការការពារ រុក្ខជាតិ និងភូតគាមអនាម័យ ព្រមទាំងទប់ទប់ស្កាត់ការឆ្លងរាលដាលសមាសធាតុចង្រៃ ។

ទី៦.ពង្រឹង និង ពង្រីកសហគមន៍ព្រៃឈើ តាមរយៈប្រព័ន្ធកសិ-រុក្ខកម្ម និង ការគ្រប់គ្រង ធនធានព្រៃឈើ និង សត្វព្រៃ ប្រកបដោយនិរន្តរភាព, ការស្តារព្រៃឈើឡើងវិញ និង ការបន្តអនុវត្ត វិធានការចាំបាច់នានា ដើម្បីជួយបង្កើនប្រាក់ចំណូល, លើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ និង រក្សាចីរភាពប្រព័ន្ធអេកូឡូស៊ី ។ ជាមួយគ្នានេះដែរ, ត្រូវបន្តទប់ស្កាត់ និង បង្ក្រាបបទល្មើសនេសាទ និង ការកាប់រាន ដុតឈូសឆាយដីព្រៃលិចទឹកតាមគ្រប់រូបភាព ព្រមទាំងចាត់ការតាមនីតិវិធីឱ្យមាន ប្រសិទ្ធភាពខ្ពស់ និង ស្មារតីទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

ទី៧.លើកកម្ពស់ការចូលរួមវិនិយោគពីវិស័យឯកជន ក្នុងគ្រប់ខ្សែច្រវាក់តម្លៃកសិកម្ម ដើម្បី ចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា, ទាំងមុន និង ក្រោយពេលប្រមូលផល, សហការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាទីផ្សារសម្រាប់កសិករ, បង្កើនការអនុវត្ត ផលិត កម្មកសិកម្មតាមកិច្ចសន្យា ឱ្យកាន់តែទូលំទូលាយ, និង ជំរុញការកែច្នៃ និង ការនាំចេញនូវផលិតផល កសិកម្ម និងកសិ-ឧស្សាហកម្មនានា ។

ទី៨.លើកកម្ពស់ការសម្របសម្រួល, កិច្ចសហការ និង កិច្ចសហប្រតិបត្តិការជាមួយគ្រប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, ក្នុងការជំរុញអនុវត្ត ប្រកបដោយ ប្រសិទ្ធភាព នូវគោលនយោបាយ, យុទ្ធសាស្ត្រ, កម្មវិធី, វិធានការ និង គម្រោងនានា សំដៅបន្តលើក ស្ទួយការអភិវឌ្ឍវិស័យកសិកម្មជាតិ ។

ទី៩.ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ, ទាំងក្នុងក្របខណ្ឌទ្វេភាគី និង ពហុភាគី, ដើម្បី កៀរគរជំនួយហិរញ្ញវត្ថុ និង ជំនួយបច្ចេកទេសថ្មីៗ សំដៅបន្តការធ្វើទំនើបភាវូបនីយកម្មកសិកម្ម និង បើកទីផ្សារសម្រាប់ផលិតផលកសិកម្មឱ្យបានកាន់ទូលំទូលាយ ។

ទី១០.លើកកម្ពស់ប្រសិទ្ធភាពការងារ, សាមគ្គីភាព និង ឯកភាពផ្ទៃក្នុង តាមរយៈការពង្រឹងមុខងារ, ភារកិច្ច និង រចនាសម្ព័ន្ធគ្រប់គ្រង, ការពង្រឹងភាពជាអ្នកដឹកនាំ និង ស្មារតីម្ចាស់ការ ប្រកបដោយការ ទទួលខុសត្រូវខ្ពស់, ការរៀបចំ និង អនុវត្តឱ្យបានម៉ត់ចត់ នូវក្រមប្រតិបត្តិសម្រាប់បំពេញការងាររបស់ មន្ត្រីគ្រប់លំដាប់ថ្នាក់, ការពង្រឹងសមត្ថភាពធនធានមនុស្ស និង ការប្រើប្រាស់គុណាធិបតេយ្យ ក្នុងការជ្រើសរើស និង តែងតាំងមន្ត្រី ។

ទី១១.ចូលរួមអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ពង្រឹងការប្រមូល ចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទ, ប្រើប្រាស់ថវិកាជាតិឱ្យចំគោលដៅ និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ និង ពង្រឹងការរក្សាការពារ និង ចាត់ចែងទ្រព្យសម្បត្តិរដ្ឋឱ្យបានល្អប្រសើរ ។

ជាការពិត, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅមានការងារអាទិភាពជាច្រើនទៀត ដែលត្រូវបន្តអនុវត្ត ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន ។ ក្នុងស្មារតីនេះ, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏សកម្ម និង ប្រកបដោយថាមពលរបស់ ឯកឧត្តម ឌិត ទីណា និង ជាពិសេស ដោយមានការគាំទ្រ និង កិច្ចប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំ និង មន្ត្រី រាជការ-និយោជិតគ្រប់លំដាប់ថ្នាក់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នឹងបន្តសម្រេចបាន នូវសមិទ្ធផលជាច្រើនថែមទៀត ជូនជាតិមាតុភូមិ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម