Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី អះអាងថា ការបន្ដកិច្ចព្រមព្រៀងនាំគ្រាប់ធញ្ញជាតិចេញពីសមុទ្រខ្មៅ អាស្រ័យ លើទណ្ឌកម្ម លោកខាងលិច

រដ្ឋធានីមូស្គូ៖ សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន បានបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្ដិសុខស្បៀងអាហារ នៅលើពិភពលោក ហើយអង្គការសហប្រជាជាតិ និង តួកគី បានផ្ដួចផ្ដើមគំនិត និង សម្របសម្រួលជាមួយរុស្ស៊ី និង អ៊ុយក្រែន រហូតជំរុញឲ្យមានកិច្ចព្រមព្រៀង នាំគ្រាប់ធញ្ញជាតិ ចេញពីកំពង់ផែរបស់អ៊ុយក្រែន ស្ថិតក្នុងសមុទ្រខ្មៅ កាលពីខែកក្កដា កន្លងទៅ សម្រាប់បញ្ជូនគ្រាប់ធញ្ញជាតិចេញ ប៉ុន្ដែឥឡូវរុស្ស៊ី បានអះអាង អំពីការបន្ដកិច្ចព្រមព្រៀងនេះ ដោយអាស្រ័យទៅលើការបន្ធូរបន្ថយនូវទណ្ឌកម្មរបស់បស្ចិមលោក។

សារព័ត៌មាន US News បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៧ ខែតុលា ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា រុស្ស៊ី បានប្រាប់ដល់តំណាងកំពូលរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ថា ការបន្តកិច្ចព្រមព្រៀង ដឹកគ្រាប់ធញ្ញជាតិ ចេញពីសមុទ្រខ្មៅ ត្រូវពឹងផ្អែកទៅលើលោកខាងលិច ដែលបន្ធូរបន្ថយ លើការនាំចេញកសិកម្ម និង ជីផ្ទាល់ខ្លួនរបស់រុស្ស៊ី។

លោក អាឡែកសានដឺរ ហ្វូមីន (Alexander Fomin ) អនុរដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី បានប្រាប់ដល់លោក ម៉ាទីន ហ្គ្រីហ្វហ្វីតស៍ (Martin Griffiths) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំមួយ នាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថា ការបន្តកិច្ចព្រមព្រៀង លើការនាំចេញកសិផលរបស់អ៊ុយក្រែន ចេញពីកំពង់ផែ នាភាគខាងត្បូងរបស់ប្រទេសនេះ ត្រូវ«ពឹងផ្អែក ដោយផ្ទាល់ លើការបន្ធូបន្ថយទណ្ឌកម្ម»។

រុស្ស៊ី បានសង្កត់ធ្ងន់ ថា ឥទ្ធិពលទណ្ឌកម្មរបស់លោកខាងលិច លើផ្នែកដឹកជញ្ជូន ការទូទាត់ និង ការធានារ៉ាប់រង រារាំងដល់រុស្ស៊ី ពីការនាំចេញជី និង សារធាតុគីមី ក៏ដូចជា អាម៉ូញាក់ ហើយថា ការបន្ធូរបន្ថយនូវការរឹតបន្តឹងទាំងនេះ ក៏ជាផ្នែកយ៉ាងសំខាន់ សម្រាប់កិច្ចព្រមព្រៀង កាលពីខែកក្កដា ក្រោមការផ្ដួចផ្ដើមឡើង ដោយតួកគី និង អង្គការសហប្រជាជាតិ។

ចាប់តាំងពីការផ្ទុះសង្គ្រាមវាយប្រហារគ្នាយ៉ាងសាហាវ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក បានជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើពិភពលោក ហើយមនុស្ស ប្រហែល១៨១លាននាក់ ស្ថិតក្នុងចំណោមប្រទេសចំនួន៤១ ក៏ប្រឈមនឹងគ្រោះអត់ឃ្លាន ខណៈគ្រាប់ធញ្ញជាតិ ជាង២០លានតោន បានជាប់នៅក្នុងកំពង់ផែអូដែសា (Odesa) និង ការបិទនូវការនាំចេញ ពីប្រទេសអ៊ុយក្រែន។ ប៉ុន្ដែកិច្ចព្រមព្រៀង កាលពីអំឡុងខែកក្កដា ក្រោមការសម្របសម្រួល និង ការផ្ដួចផ្ដើមគំនិតឡើង ដោយអង្គការសហប្រជាជាតិ (UN) និង តួកគី បានបើកផ្លូវឲ្យមានការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ នាំទៅផ្គត់ផ្គង់ នៅលើពិភពលោកឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×