Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គលេខាធិការអង្គការណាតូ មិនបោះបង់ចោលសមយុទ្ធទប់ទល់នុយក្លេអ៊ែរឡើយ ព្រោះជាជំហររឹងមាំរបស់លោកខាងលិច

ស្ថានភាពកាន់តែតានតឹងទៅរវាងអង្គការណាតូ និងរុស្ស៊ី ស្ដីពីបញ្ហានុយក្លេអ៊ែរ ដែលត្រូវបានចោទជាសំណួរទូទៅថា តើរុស្សីនឹងប្រើប្រាស់វានៅក្នុងសង្គ្រាមអ៊ុយក្រែនដែរឬក៏អត់? ឆ្លើយតបនឹងចម្ងល់នេះ កាលពីថ្ងៃចន្ទម្សិលមិញ អង្គការណាតូ (NATO) បានចាប់ផ្តើមបើកការធ្វើសមយុទ្ធយោធា ហៅថា សមយុទ្ធទប់ទល់នុយក្លេអ៊ែរ នៅតំបន់ភាគខាងលិចអឺរ៉ុប។

ការធ្វើសមយុទ្ធទប់ទល់នុយក្លេអ៊ែររបស់ណាតូនេះ បន្ទាប់ពីភាពតានតឹងបានកើនឡើងជាមួយរុស្ស៉ី ជុំវិញការព្រមានធ្ងន់ៗពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ចំពោះមុខស្ថានការណ៍មិនអំណោយផល ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែនថា បើចាំបាច់ រុស្ស៊ីនឹងត្រូវប្រើនុយក្លេអ៊ែរ។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថាបក្សសម្ព័ន្ធយោធាដែលមាន៣០ប្រទេសខាងលើ បានសង្កត់ធ្ងន់ថា សកម្មភាពហ្វឹកហាត់នេះ នឹងបន្តរហូតដល់ថ្ងៃទី៣០ ខែតុលា គឺត្រូវបានគ្រោងទុកជាយូរមកហើយ មុនពេលទីក្រុងមូស្គូបើកការឈ្លានពានលើអ៊ុយក្រែនទៅទៀត។

អគ្គលេខាធិការអង្គការ NATO លោក ចេន ស្តូលថិនបឺកហ្គ៍ (Jens Stoltenberg) បានបដិសេធការអំពាវនាវនានា ដែលចង់ឱ្យលុបចោល សមយុទ្ធយោធាទប់ទល់នុយក្លេអ៊ែរនេះ បន្ទាប់ពីលោក ពូទីន បានបង្កើនការព្រមានពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ ស្របពេលដែលរុស្ស៉ី បន្តបាត់បង់ទឹកដីដែលខ្លួនកាន់កាប់នៅអ៊ុយក្រែន។

សមយុទ្ធទប់ទល់នុយក្លេអ៊ែរខាងលើនេះ នឹងមានវត្តមានរបស់ក្រុមយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52ផងដែរ ហើយយន្តហោះសរុបរហូតដល់ ៦០គ្រឿង នឹងចូលរួមក្នុងការហ្វឹកហាត់ នៅប្រទេសបែលហ្ស៉ិក ចក្រភពអង់គ្លេស ព្រមទាំងនៅសមុទ្រខាងជើង (North Sea)។

លោក ចេន ស្តូលថិនបឺកហ្គ៍ បាននិយាយទៀតថា វានឹងបង្ហាញនូវសញ្ញាដ៏ខុសឆ្គងបំផុតមួយ ប្រសិនបើនៅសុខៗ យើងសម្រេចលុបចោលលំហាត់យោធាជាប្រចាំ ដែលត្រូវបានគ្រោងទុកជាយូរមកហើយ ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន។ យើងត្រូវដឹងថា ជំហររឹងមាំរបស់ NATO ហើយនិងកម្លាំងផ្នែកយោធារបស់យើង គឺជាមធ្យោបាយល្អបំផុត ដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×