Monday, May 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ ប្រកាសអនុគ្រោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែង ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

spot_img

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពីការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ ដែលបាន​រង​ផលប៉ះពាល់ជាក់ស្ដែង ដោយសារទឹកជំនន់ធ្ងន់ធ្ងរ។ សេចក្ដីជូនដំណឹងនេះ បានឲ្យដឹងថា ក្នុងស្ថានភាពដែលខេត្តមួយចំនួននៅកម្ពុជា បាននិងកំពុងជួបប្រទះបញ្ហាទឹកជំនន់ធ្ងន់ធ្ងរ និងអនុវត្តតាមប្រសាសន៍អំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្តី្រ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ និងក្រោយពីបានពិភាក្សាជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធនាគារជាតិនៃកម្ពុជា បានប្រកាសគាំទ្រចំពោះប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន និងស្នើឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តចូលរួមសហការល្អក្នុងក្របខណ្ឌ កិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ តាមលក្ខខណ្ឌ

ដូចជា៖ ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន។ ការបន្ថយអត្រាការ​ប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម។ ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់។ ការពន្យារឥណប្រតិទាន។ ការបន្ថែម និង/ឬ ការផ្លាស់ប្ដូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន។ ការផ្លាស់ប្តូរពីឥណទានមានការទូទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់តែការប្រាក់ ហើយទូទាត់​សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន (Bullet Loan)។ ការលើកលែង ឬ បន្ថយទ្រព្យធានា។ការបន្ថយលក្ខខណ្ឌកិច្ចសន្យា និង/ឬ ការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង (Grace period) ដែលអាចមានរយៈពេលរហូតដល់៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី។

ទន្ទឹមនេះ ដើម្បីរួមចំណែកសម្រាលបន្ទុក ក៏ដូចជាជួយស្តារជីវភាពរបស់អ្នកខ្ចីប្រាក់ គ្រឹះស្ថានគួរពិចារណា ផ្តល់ការអនុគ្រោះ ដូចជា ការបន្ធូរបន្ថយការប្រាក់និងកម្រៃផ្សេងៗពាក់ព័ន្ធនឹងឥណទាននិង/ឬ លើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានារបស់អ្នកខ្ចីប្រាក់ ជាដើម។

ចុងក្រោយធនាគារជាតិនៃកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នឹងបន្តចូលរួមសហការអនុវត្ត ប្រកបដោយការយោគយល់ និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្តែងរបស់អ្នកខ្ចីប្រាក់៕

spot_img
×