រដ្ឋធានីមូស្គូ៖ នៅក្នុងសង្គ្រាម វា.យប្រយុទ្ធគ្នាយ៉ាងសាហាវ អស់រយៈពេល២៣៨ថ្ងៃ គិតត្រឹមថ្ងៃទី១៩ ខែតុលា ក្រុងមូស្គូ តែងតែគំ.រាមជាញឹកញាប់ អំពីការប្រើប្រាស់អាវុធមហាប្រល័យលោក ទើបប្រធានាធិបតីសហរដ្ឋអាមេរិក គំ.រាមតបត អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរ ដល់ប្រទេសរុស្ស៊ី ប្រសិនបើលោក វ៉្លាឌីមៀ ពូទីន ហ៊ានប្រើប្រាស់អាវុធយុទ្ធសាស្រ្ដបរមាណូ នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្ដែនៅពេលនេះ រុស្ស៊ី បានបន្ដគំ.រាមជាថ្មី អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ សម្រាប់ការពារតំបន់ចំនួន៤ ដែលរឹបអូសពីប្រទេសអ៊ុយក្រែន។
សារព័ត៌មាន US News បានចេញផ្សាយ កាលពីអង្គារ ទី១៨ ខែតុលា ថា រុស្ស៊ី បានអះអាង កាលពីថ្ងៃអង្គារ ថា តំបន់ចំនួន៤របស់អ៊ុយក្រែន រួមមាន ឃើរសុន (Kherson) ហ្សាប៉ូរីសហ្សា (Zaporizhzhia) លូហានស្ក៍ (Luhansk) និង ដូណែតស្ក៍ (Donetsk) ដែលក្រុងមូស្គូ បានដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់រុស្ស៊ី កាលពីខែកញ្ញា ស្ថិតក្រោមកិច្ចការពារ ពីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
សេចក្ដីថ្លែងការណ៍ចេញពីវិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានកើតឡើង ចំពលមានភាពតានតឹង កាន់តែខ្លាំង រវាងអង្គការសន្ធិសញ្ញាអាត្លង់ទិក ហៅកាត់ ណាតូ (តាមភាសាអង់គ្លេស) ឬ អូតង់ (តាមភាសាបារាំង) និង រុស្ស៊ី ដែលត្រូវគេរំពឹងទុក ថា នឹងធ្វើសមយុទ្ធយោធា នៅក្នុងរយៈពេលឆាប់ៗនេះ ដើម្បីសាកល្បង អំពីការត្រៀមខ្លួនឲ្យរួចរាល់ សម្រាប់កម្លាំងនុយក្លេអ៊ែររបស់ពួកគេ។
លោក ឌីមីទ្រី ប៉េស្កូ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំង បានបញ្ជាក់ ដោយមានការសាកសួរ ពីក្រុមអ្នកសារព័ត៌មាន ប្រសិនបើតំបន់ទាំង៤របស់អ៊ុយក្រែន ស្ថិតក្រោមឆត្រនុយក្លេអ៊ែររបស់ក្រុងមូស្គូ ថា «ទឹកដីទាំងអស់នេះ ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ ចេញពីសហព័ន្ធន៍រុស្ស៊ី បាន ហើយទាំងទឹកដីទាំងនោះ ត្រូវតែទទួលបាននូវកិច្ចការពារ។ ចំណែកសន្តិសុខ នៅលើទឹកដីទាំងនោះ ក៏ត្រូវបានផ្តល់ឱ្យ នៅក្នុងកម្រិតដូចគ្នានឹងក្រុងមូស្គូ តែងតែធ្វើ សម្រាប់ទឹកដីរុស្ស៊ី ទាំងអស់ផងដែរ។
លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ កាលពីខែមុន ថា ក្រុងមូស្គូ បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រើប្រាស់អាវុធមហាប្រល័យលោក ប្រសិនបើមានការចាំបាច់ សម្រាប់ការការពារនូវបូរណភាពទឹកដីរបស់រុស្ស៊ី។
ដោយឡែក លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានសង្កត់ កាលពីថ្ងៃទី៦ ខែតុលា ថា ការគំ.រាមកំ.ហែងរបស់លោក ពូទីន បាននាំពិភពលោកទៅរកទីបញ្ចប់ ជាងពេលណាៗទាំងអស់ ចាប់តាំងពីមានវិបត្ដិមីស៊ីលរបស់គុយបា កាលពីឆ្នាំ១៩៦២មក ខណៈមនុស្ស នៅលើភពផែនដី មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីសង្គ្រាមអាវុធមហាប្រល័យលោក អាចនឹងកើតមានឡើង។
សង្គ្រាមឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន អស់រយៈពេល២៣៨ថ្ងៃ គិតត្រឹមថ្ងៃទី១៩ ខែតុលា ហើយក្រុមអ្នកវិភាគមួយចំនួន ជឿថា លទ្ធភាពរបស់លោក ពូទីន នៅក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ បានកើនឡើង ចាប់តាំងពីកងទ័ពរបស់គាត់ បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ជាបន្តបន្ទាប់។ ចំណែកលោក អាឡេកសានដឺរ លូកាសែនកូ (Alexander Lukashenko) ប្រធានាធិបតីបេឡារុស ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក ពូទីន បានព្រមានដល់លោកខាងលិច កាលពីសប្តាហ៍មុន ប្រឆាំងនឹងការរុញរុស្ស៊ី ឱ្យទៅកប់ជញ្ជាំងបែបនេះ។
ក្រុមអ្នកវិភាគខ្លះទៀត បានលើកជាទឡ្ហីករណ៍ ថា ហានិភ័យអាវុធនុយក្លេអ៊ែរ កើនឡើងហួសប្រមាណ ដោយបានលើកឡើង ថា ការប្រើប្រាស់អាវុធបរមាណូ នឹងជាការធ្វើអត្ត.ឃាតសម្រាប់លោក ពូទីន ជុំវិញការកើនឡើងជម្លោះបែបនេះ។
អង្គការណាតូ កំពុងតែអនុវត្ដធ្វើសមយុទ្ធ ត្រៀមរៀបចំនុយក្លេអ៊ែរ នៅសប្តាហ៍នេះ ហើយអង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះ បានអះអាង ថា ខ្លួនរំពឹង ថា រុស្ស៊ីនឹងធ្វើសមយុទ្ធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងពេលដ៏ឆាប់ៗនេះ ប៉ុន្តែលោក Peskov បានអះអាង ថា គាត់មិនទទួលបានព័ត៌មាន អំពីរឿងនេះទេ។
លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីខែកញ្ញា បានប្រកាស ពីដែនដីនានា ដែលក្រុងមូស្គូ រឹបអូសបាន ពីប្រទេសអ៊ុយក្រែន នឹងជាផ្នែកមួយ នៃទឹកដីរបស់រុស្ស៊ី ជារៀងរហូត។ ប៉ុន្ដែ រុស្ស៊ី នៅតែមិនអាចគ្រប់គ្រងពេញលេញ នៅក្នុងតំបន់ណាមួយ នៃខេត្តទាំង៤របស់អ៊ុយក្រែន ដែលកម្លាំងទាហានក្រុងមូស្គូ បានដណ្ដើមកាន់កាប់នៅឡើយ ហើយក៏នៅមិនទាន់បានកំណត់ព្រំដែនរបស់ខ្លួនផងដែរ។
ការដាក់បញ្ចូលតំបន់លូហានស្ក៍ ដូណែតស្ក៍ ហ្សាប៉ូរីសហ្សា និង ឃើរសុនរបស់អ៊ុយក្រែន ជាឧបសម្ព័ន្ធរបស់រុស្ស៊ី នោះ នាំឲ្យមានការថ្កោលទោស និង ចាត់ទុកជាអំពើខុសច្បាប់ ដោយប្រទេសអ៊ុយក្រែន និង សម្ពន្ធមិត្ត។ ជាមួយគ្នានេះ ប្រទេសចំនួន១៤៣ នៅក្នុងចំណោមសមាជិក១៩៣ប្រទេស នៃមហាសន្និបាត អង្គការសហប្រជាជាតិ បានបោះឆ្នោតថ្កោលទោសយ៉ាងខ្លាំង ប្រឆាំងនឹងសកម្មភាពរុស្ស៊ី។ ក្រៅពីនេះ មានប្រទេស៥ រួមទាំងរុស្ស៊ីខ្លួនឯងមួយផង បានបោះឆ្នោតប្រឆាំង ហើយប្រទេសចំនួន៣៥ មិនបោះឆ្នោត ដោយចាត់ទុកជាអនុបវាទ។
កម្លាំងទាហានរុស្ស៊ី បានបាត់បង់ដែនដីកាន់កាប់ជាបណ្ដើរៗ នៅក្នុងតំបន់ទាំងបួន ក្រោយពេលកងទ័ពអ៊ុយក្រែន វាយសម្រុក ដើម្បីរំដោះទឹកដីរបស់ពួកគេមកវិញ ចាប់តាំងពីក្រុងមូស្គូ បានអះអាងពីការគ្រប់គ្រង ទៅលើតំបន់ទាំងនោះ នៅក្នុងពិធីមួយរបស់វិមានក្រឹមឡាំង កាលពីថ្ងៃទី៣០ ខែកញ្ញា មក។ ប៉ុន្ដែលោក Peskov បានបន្ថែម ថា ការងារកំពុងតែដំណើរការ ដើម្បីដាក់បញ្ចូលតំបន់ទាំងនោះ ទៅក្នុងប្រព័ន្ធច្បាប់ សេដ្ឋកិច្ច និង សន្តិសុខរបស់រុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ សារាយSN

















