រដ្ឋធានីកៀវ៖ ការវាយប្រហារ ដោយមីស៊ីល យន្ដហោះគ្មានមនុស្សបើក ឬ ដ្រូន ក៏ដូចជា ការវា.យប្រហារតាមអាកាស ទៅលើទីក្រុងនានារបស់ប្រទេសអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក៏មានសេចក្ដីរាយការណ៍ ថា រុស្ស៊ី បានប្រើប្រាស់ដ្រូន ផលិត នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយឥឡូវ សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប បានលើកយកបញ្ហានេះ បញ្ជូនទៅកាន់អង្គការសហប្រជាជាតិ។
បណ្ដាញទូរទស្សន៍របស់អាល្លឺម៉ង់ DW News បានផ្សាយ កាលពីព្រឹក ថ្ងៃទី១៩ ខែតុលា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) កាលពីថ្ងៃអង្គារ បានបញ្ជាក់ ថា ការប្រើប្រាស់គ្រឿងសព្វាវុធរបស់អ៊ីរ៉ង់ កំពុងតែបង្ហាញ អំពីការទទួលស្គាល់នូវបរាជ័យរបស់ក្រុងមូស្គូ នៅក្នុងសង្គ្រាមរបស់លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) នៅក្នុងប្រទេសអ៊ុយក្រែន។ ទន្ទឹមនឹងនេះ ក្រុមមន្ត្រី គាំទ្រដោយរុស្ស៊ី បានអះអាង ថា ការប្រយុទ្ធ សម្រាប់តំបន់ឃើរសុន (Kherson) នឹងចាប់ផ្តើម នៅក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី បានថ្លែងសុន្ទរកថា ជាវីដេអូ ប្រចាំរាត្រីរបស់គាត់ កាលពីថ្ងៃអង្គារ ថា « អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ រុស្ស៊ី បានចំណាយថវិកាជាតិ អស់រាប់សិបពាន់លានដុល្លារ ទៅលើវិស័យឧស្សាហកម្មការពារជាតិរបស់ខ្លួន។ ប៉ុន្ដែទីបញ្ចប់ ក្រុងមូស្គូ បានងាកទៅរកប្រទេសអ៊ីរ៉ង ដើម្បីធានាដល់ការផ្គត់ផ្គង់ដ្រូន និង មីស៊ីល។
ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់ ថា ការពឹងផ្អែករបស់រុស្ស៊ី ទៅលើយន្ដហោះគ្មានមនុស្សបើក ឬ ដ្រូន ផលិតដោយប្រទេសអ៊ីរ៉ង់ ដើម្បីយកមកវា.យប្រហារ នៅលើគោលដៅនានា នៅក្នុងប្រទេសអ៊ុយក្រែន កំពុងតែបង្ហាញយ៉ាងច្បាស់ ថា រដ្ឋាភិបាលក្រុងមូស្គូ ទទួលបរាជ័យ ទាំងខាងនយោបាយ និង យោធា។
អ៊ុយក្រែន បានបញ្ជាក់ នៅក្នុងលិខិតមួយច្បាប់ ថា «ការផ្គត់ផ្គង់យន្ដហោះគ្មានមនុស្សបើក ឬដ្រូន ប្រភេទ ម៉ូហាជើរ (Mohajer) និង សាហេដ (Shahed) ទៅឲ្យរុស្ស៊ី ដោយប្រទេសអ៊ីរ៉ង់ គឺជាការរំលោភបំពានលើដំណោះស្រាយលេខ២២៣១របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ព្រោះដ្រូនទាំងនេះ មានសមត្ថភាព អាចវា.យហោះ ទៅប្រ.ហារ នៅក្នុងចម្ងាយស្មើនឹង ឬលើសពី៣០០គីឡូម៉ែត្រ»។
ក្រុងកៀវ បានអះអាង ថា ការវា.យប្រហារចុងក្រោយរបស់រុស្ស៊ី ទៅលើហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងប្រទេសអ៊ុយក្រែន បានពឹងផ្អែកលើដ្រូន Shahed-136 ផលិត ដោយអ៊ីរ៉ង់។ ប៉ុន្ដែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អ៊ីរ៉ង់ នៅតែបដិសេធការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក ទៅឲ្យប្រទេសរុស្ស៊ី។
ដោយឡែក សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង បារាំង គ្រោងនឹងលើកឡើង អំពីការផ្ទេរគ្រឿងសព្វាវុធរបស់អ៊ីរ៉ង់ ទៅឲ្យរុស្ស៊ី នៅឯកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នាថ្ងៃពុធ នេះ ក្រោយពេលអ៊ុយក្រែន បានអះអាង ថា រុស្ស៊ី បានទទួលយន្តហោះគ្មានមនុស្សបើក បានរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការកំពូលមួយនេះ។
ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក្រុមអ្នកការទូត បានអះអាង ថា ប្រទេសមហាអំណាចទាំង៣នេះ ជឿថា ការផ្ទេរបច្ចេកវិទ្យាយោធារបស់អ៊ីរ៉ង់ បែបនេះ បានរំលោភទៅលើដំណោះស្រាយលេខ២២៣១របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។
លោក វេដិន ផាថែល (Vedant Patel) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា «នៅមុននេះបន្តិច សម្ពន្ធមិត្តរបស់យើង រួមមាន បារាំង និង ចក្រភពអង់គ្លេស បានសន្និដ្ឋានជាសាធារណៈថា ការផ្គត់ផ្គង់យន្ដហោះគ្មានមនុស្សបើក ឬ ដ្រូនរបស់ឱ្យអ៊ីរ៉ង់ ទៅឱ្យប្រទេសរុស្ស៉ី ជាការបំពានលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ លេខ ២២៣១…ហើយនេះជាអ្វី ដែលយើងឯកភាព»។
ក្រសួងការបរទេសអាមេរិក បានវាយតម្លៃ ថា រុស្ស៉ីបានប្រើយន្ដហោះគ្មានមនុស្សបើក ឬដ្រូនអ៊ីរ៉ង់ សម្រាប់វាយប្រហារ ទៅលើទីក្រុងកៀវ កាលពីថ្ងៃចន្ទ ខណៈក្រុងតេអ៊ីរ៉ង់ បានអះអាង ថាខ្លួន មិនបានលក់ ឬ ផ្ដល់ដ្រូន ប្រភេទនេះ ទៅឱ្យក្រុងមូស្គូ៕ រក្សាសិទ្ធិដោយ ៖ សារាយSN



























