ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទវិចារណកថា ÷ ដំណើរទស្សនកិច្ចរបស់ លោក វ៉ វ៉ាន់ធឿង លេខាអចិន្ត្រៃយ៍មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រួមវិភាគទានពង្រឹងចំណងមិត្តភាពជាមួគណបក្សប្រជាជនកម្ពុជា

 
ភ្នំពេញ ៖ ទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា (CPP) គឺជាទំនាក់ទំនងសាមគ្គីភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងបានរក្សានូវតួនាទីស្នូលក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាល និងគណបក្សនយោបាយនៃប្រទេសទាំងពីរ ក្រោយពីបានឆ្លងកាត់នូវដំណាក់កាលប្រវត្តិសាស្ត្រជាច្រើនរួចមក។

ក្រោយសន្ធិសញ្ញាក្រុងប៉ារីសស្តីពីកម្ពុជាត្រូវបានចុះហត្ថលេខា កាលពី ខែតុលា ឆ្នាំ១៩៩១ កម្ពុជាបានដំណើរការបោះឆ្នោតសាកល បង្កើតឡើងនូវរបបរាជានិយមអាស្រ័យធម្មនុញ្ញ និងបង្កើតឡើងនូវរដ្ឋាភិបាលចម្រុះ អនុវត្តរបបសេរីនិយម ពហុបក្ស និងលទ្ធិប្រជាធិបតេយ្យ។ សព្វថ្ងៃនេះ CPP បានក្លាយទៅជាគណបក្សដ៏ធំជាងគេបំផុត រក្សាបាននូវតួនាទីដឹកនាំឆាកនយោបាយកម្ពុជា ដឹកនាំប្រទេសកម្ពុជាអោយមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើច្រើនវិស័យ។

តាមរយៈទំនាក់ទំនងក្នុងតួនាទីស្នូលរវាងបក្សកុម្មុយនិស្តវៀតណាម និង CPP ដែលមានទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យរឹងមាំយូរអង្វែង រវាងវៀតណាម និងកម្ពុជា ត្រូវបានពង្រឹង និងបង្កើនឡើងជាប់ជាលំដាប់ឥតឈប់ឈរ។

កិច្ចសហប្រតិបត្តិការនយោបាយ ការបរទេស រវាងវៀតណាម និងកម្ពុជា ត្រូវបានពង្រឹងឡើងថែមទៀតជាប់ជាប្រចាំ និងអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ដោយរក្សានូវតួនាទីស្នូល កំណត់គោលដៅរួម សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានបន្តរក្សានូវប្រពៃណី ផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់របស់បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា ក៏ដូចជា ស្ថាប័ន ក្រសួង មន្ទីរ បណ្តាមូលដ្ឋាន ខេត្ត ក្រុង និង ការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាប់ជាប្រចាំ ហើយតាមរយៈដំណើរទស្សនកិច្ចទាំងនោះ ថ្នាក់ដឹកជាន់ខ្ពស់នៃប្រទេសទាំងពីរ សុទ្ធតែបានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពូនជ្រំនូវរាល់ទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសពីរ ហើយបានចាត់ទុកថា នេះគឺជាកត្តាដ៏សំខាន់ ដើម្បីធានាដល់ជ័យជម្នះសម្រាប់បុព្វហេតុកសាងមាតុភូមិរបស់ប្រទេសនីមួយៗ ព្រមជាមួយនេះ លិខិតបទដ្ឋាន កិច្ចព្រមព្រៀងជាច្រើន ត្រូវបានចុះហត្ថលេខាលើមូលដ្ឋានសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសពីរ លើច្រើនវិស័យ ដូចជា ៖ សន្ធិសញ្ញាបំពេញបន្ថែមស្តីពីការកំណត់ព្រំដែននាឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមនាឆ្នាំ២០០៥ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា កិច្ចព្រមព្រៀងស្តីពីការបោះបង្គោលព្រំដែនគោករវាងសាធារដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៥ តុលា ឆ្នាំ២០១៩ កន្លងមក និង ចូលជាធរមានចាប់តាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០០ កិច្ចព្រមព្រៀងផ្តល់នូវភាពស្របច្បាប់ដល់ការរស់នៅពលរដ្ឋ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ហើយមានសុពលភាពអនុវត្តចាប់តាំងពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩, ហើយថ្មីៗបំផុតនេះ ក្នុងឱកាសដែលលោក ង្វៀន សួនហ្វ៊ុក ប្រមុខរដ្ឋវៀតណាម ធ្វើទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជា កាលពី ខែធ្នូ ឆ្នាំ២០២១ ភាគីទាំងពីរ វៀតណាមកម្ពុជា បានចុះហត្ថលេខាព្រមព្រៀងលើឯកសារសហប្រតិបត្តិចំនួន ៧។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានសហប្រតិបត្តិការយ៉ាងសកម្មក្នុងសកម្មភាពដ៏រស់រវើកផុសផុលប្រកបដោយអត្ថន័យសម្រាប់អបអរសាទរខួបអនុស្សាវរីយ៍នៃព្រឹត្តិការណ៍នានាក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងនៃប្រទេសទាំងពីរ។ ក្នុងទិដ្ឋភាពនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ ដែលមានការប្រែប្រួលដ៏ស្មុគស្មាញ បើទោះបីការប្រាស្រ័យទាក់ទងផ្ទាល់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ មិនអាចប្រព្រឹត្តទៅបាន, ប៉ុន្តែ ភាគីទាំងពីរនៅតែបន្តរក្សាបានទំនាក់ទំនងនយោបាយ តាមរយៈមធ្យោបាយនានា ដូចជា ផ្ញើរលិខិតសួរសុខទុក្ខ ជួបប្រជុំតាមប្រព័ន្ធនិមិ្មត (ប្រព័ន្ធអនឡាញ) សកម្មចែករំលែក ជួយគ្នាទៅវិញទៅមកនូវឧបករណ៍វេជ្ជសាស្ត្រ សុខាភិបាល ដើម្បីបង្ការ និងប្រឆាំងមេរោគរាតត្បាតសាកលកូវីដ-១៩។

ជាមួយនឹងការបង្កើនទំនាក់ទំនងជាន់ខ្ពស់, ប្រទេសទាំងពីរនៅបានជំរុញសកម្មភាព ការទូតប្រជាពលរដ្ឋ ឬទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយចាត់ទុកថា នេះជាផែនគ្រឺះដ៏រឹងមាំ ដើម្បីផ្សារភ្ជាប់ និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតដល់ចំណងទាក់ទងជាប្រពៃណី ដែលមានស្រាប់រួចមកហើយ រវាងប្រទេសទាំងពីរ។ សមាគមមិត្តភាពនៃប្រទេសទាំងពីរ បានរួមសហប្រតិបត្តិការគ្នារៀបចំឱ្យមានកិច្ចប្រជុំមិត្តភាព និងផ្លាស់ប្តូរប្រជាជន ជាច្រើនលើកច្រើនសារ ដោយចាត់ទុកថា នេះសកម្មភាពសម្រាប់អបអរសាទរទិវាបុណ្យធំៗ របស់ប្រជាជាតិទាំងពីរ។

ចលនាចងសម្ព័នមិត្ត ការផ្លាស់ប្តូរប្រជាជនទៅវិញទៅមករវាងមូលដ្ឋាន ខេត្តក្រុងនានា នៃប្រទេសទាំងពីរ ត្រូវបានជំរុញយ៉ាងខ្លាំងក្លាដោយមិនកំហិតកំណត់ត្រឹមតែខេត្តជាប់ព្រំដែនប៉ុណ្ណោះទេ តែថែមទាំងតាមបណ្តាខេត្តឆ្ងាយពីព្រំដែនថែមទៀតផង ក្រៅពីនេះ យើងនៅមានយន្តការសហប្រតិបត្តិការនានា ដូចជា គណៈកម្មាធិការចម្រុះស្តីពី កិច្ចសហប្រតិបត្តិសេដ្ឋកិច្ច វប្បធម៍ វិទ្យាសាស្ត្រ បច្ចេកទេស សន្និសីទ កិច្ចសហប្រតិបត្តិអភិវឌ្ឍន៍ តាមខេត្តនៅតាមបណ្តោយព្រំដែនវៀតណាម-កម្ពុជា, សន្និសីទជំរុញវិនិយោគក៏ត្រូវបានប្រទេសទាំងពីរ អនុវត្តបានយ៉ាងមានប្រសិទ្ធភាព។

ប្រទេសទាំងពីរមិនត្រឹមតែមានកិច្ចសហប្រតិបត្តិការទ្វេភាគីជាប់ជាប្រចាំលើវិស័យនយោបាយ ចែករំលែកព័ត៍មានបានទាន់ពេលវេលា និងសហប្រតិបត្តិដ៏ស្អិតរមួត គាំទ្រគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងបានរួបរួមគ្នាគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិនានា ជាពិសេសក្នុងក្របខ័ណ្ឌសហប្រតិបត្តិការអាស៊ាន វេទិកាសហប្រតិបត្តិការ អង្គការអាស៊ី-អ៊ឺរ៉ុប (ASEM) សហប្រជាជាតិ និងយន្តការសហប្រតិបត្តិការរវាងកម្ពុជា ឡាវ វៀតណាម (CLV), កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបួន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) , យុទ្ធសាស្ត្រសហប្រតិបត្តិសេដ្ឋកិច្ចនៃ ប្រទេសតាមដងទន្លេអាយ៉េយ៉ាវ៉ាឌី ចៅប្រាយ៉ា មេគង្គ (ACMECs) , កិច្ចសហប្រតិបត្តិមេគង្គបើកទូលាយអនុតំបន់មេគង្គ (GMS) ដោយបានរួមចំណែករក្សាបាននូវបរិយាកាសសន្តិភាព ស្ថេរភាព សហប្រតិបត្តិការ និងអភិវឌ្ឃន៍ ក្នុងតំបន់ និងសាកលលោក។

ចំពោះកិច្ចសហប្រតិបត្តិការការពារប្រទេស សន្តិសុខកាន់តែត្រូវបានអនុវត្តប្រកបដោយភាពស៊ីជម្រៅ និងមានប្រសិទ្ធិភាពផង ហើយកិច្ចការនេះបានក្លាយជាស្នូលនៃទំនាក់ទំនងដ៏សំខាន់ដើម្បីពង្រឹង និងអភិវឌ្ឃន៍ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដោយមានផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងការអនុវត្តពិធីសារសហប្រតិបត្តិការរៀងរាល់ឆ្នាំ រវាងក្រសួងការពារប្រទេស ក្រសួងនគរបាលវៀតណាម ជាមួយនឹងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃកម្ពុជា, ភាគីទាំងពីរ បានធ្វើការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍រវាងគ្នានឹងគ្នា ជាប់ជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងការការពារសន្តិសុខសង្គម និងការងារប្រយុទ្ធបង្ការបង្ក្រាបបទឧក្រិដ្ឋនានា , ជាពិសេសសកម្មភាពមួលបង្កាច់ បំផ្លិចបំផ្លាញពីសំណាក់កម្លាំងអមិត្តប្រតិកិរិយា ដែលឆ្លៀតប្រើប្រាស់បញ្ហាជាតិសាសន៍ព្រំដែន បូរណភាពទឹកដី ដើម្បីបំបែក បំផ្លិចបំផ្លាញរវាងប្រទេសទាំងពីរ ដោយក្នុងនោះ យើងបានម្ចាស់ការបង្ការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋ ក្រោមរូបភាពចាត់តាំងនានា ដូចជា បទឧក្រិដ្ឋគ្រឿងញៀន ជួញដូរមនុស្ស ជាដើម។

ចំពោះទិដ្ឋភាពសេដ្ឋកិច្ចឯណោះវិញ ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ចាប់តាំងពីឆ្នាំ១៩៩៨ មកម្លេះ, ហើយរហូតមកទល់នឹងបច្ចុប្បន្ន ទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ រវាង វៀតណាម និងកម្ពុជា មានការរីកចម្រើនលូតលាស់យ៉ាងខ្លាំងក្លា ហើយបានដើរតួយ៉ាងសំខាន់ក្រៃលែង, ម្យ៉ាងបានរួមចំណែកដល់ការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ និងបានបង្កលក្ខណៈដល់ការពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងភាគីទាំងពីរ។

កាលពីឆ្នាំ១៩៩៨ ពេលចុះកិច្ចព្រមព្រៀងដំបូង ទំនាក់ទំនងពាណិជ្ជកម្មនាំចេញ-នាំចូល រវាងប្រទេសទាំងពីរ មានបរិមាណទឹកប្រាក់ ត្រឹមតែ ១១៧លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែ នៅក្នុងឆ្នាំ២០២១ កន្លងមក ទោះបីយើងប្រឈមនឹងការរីករាលដាលជាសាកល និងមានការប្រែប្រួលដ៏ស្មុគស្មាញនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏បរិមាណទឹកប្រាក់ពាណិជ្ជកម្មទ្វេភាគី មានរហូតដល់ទៅជិត ១០ពាន់លានដុល្លារអាមេរិកឯណោះ។ ភាគីទាំងពីរ បានព្រមព្រៀងគ្នាផ្តល់ការអនុគ្រោះពន្ធចំពោះទំនិញរបស់ក្រុមហ៊ុននៃប្រទេសទាំងពីរ, ឧទាហរណ៍ជាក់ស្តែង ភាគីវៀតណាម បានទទួលការអនុគ្រោះពន្ធពីកម្ពុជា រហូតដល់ទៅរួចពន្ធទាំងស្រុង ឬពន្ធស្មើសូន្យភាគរយចំពោះទំនិញ ២៦មុខ ដែលនាំចូលមកកាន់ទីផ្សារកម្ពុជា នេះគឺជាការផ្តល់អនុគ្រោះពន្ធដ៏ពិសេស ដែលកម្ពុជាផ្តល់ជូនវៀតណាម ហើយផ្ទុយមកវិញ វៀតណាម ក៏បានផ្តល់ការអនុគ្រោះស្មើនឹងសូន្យភាគរយដូចគ្នាចំពោះទំនិញកម្ពុជា ៣២មុខ ដែលនាំចូលទៅកាន់ទីផ្សារវៀតណាម ហើយភាគច្រើននៃទំនិញទាំងនោះគឺ ផលិតផលកសិកម្ម។

ភាពអនុគ្រោះពន្ធទៅវិញទៅមកនេះ បានជួយដល់ការនាំចេញរបស់វៀតណាម ទទួលបាននូវប្រភពផ្គត់ផ្គងវត្ថុធាតុដើមសម្រាប់អនុវត្តកិច្ចសហប្រតិបត្តិរបស់វៀតណាមទៅកាន់ប្រទេសនានា។

ជាមួយនឹងស្នាដៃសមិទ្ធផលដែលសម្រេចបាន ក្នុងរយៈពេល៥៥ ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរនៅតែបន្តសហប្រតិបត្តិការគ្នា ចំពោះការប្រែប្រួលដ៏ស្មុគស្មាញ និងពិបាកនឹងប៉ាន់ប្រមាណនៃសភាពការណ៍ពិភពលោក និងការអភិវឌ្ឍន៍ប្រទេសនីមួយៗ, ប្រទេសទាំងពីរ នឹងបន្តគូសបញ្ជាក់ការប្តេជ្ញាចិត្តថែរក្សាជាបន្ត និងលើកកម្ពស់ចំណងមិត្តភាពដ៏រឹងមាំដូចដែក រវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា តាមទិសស្លោក គុណភាព និងប្រសិទ្ធភាព រួមចំណែករក្សាបាននូវ ស្ថេរភាពនយោបាយ ការពារជាតិ សន្តិសុខ កំណើនសេដ្ឋកិច្ចដ៏រឹងមាំ សមាហរណកម្មកាន់តែស៊ីជម្រៅ និងលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិបន្ថែមទៀត។

ដើម្បីសម្រេចបាននូវគោលដៅនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បានឯកភាពគ្នាថា នឹងបន្តណែនាំស្ថាប័ននានាគ្រប់ជាន់ថ្នាក់ តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ឬថ្នាក់ក្រោមជាតិ ព្រមទាំងតំណាងនៃប្រទេសទាំងពីរ នៅវៀតណាម និងនៅកម្ពុជា ខិតខំសហប្រតិបត្តិគ្នាអនុវត្តឱ្យល្អនូវភារកិច្ចប្រកបដោយសារសំខាន់ដែលត្រូវបានប្រគល់ជូន។

ក្នុងន័យនេះ ភាគីទាំងពីរ នឹងបន្តថែរក្សា ព្រមទាំងអភិវឌ្ឍន៍នូវទំនាក់ទំនងដ៏ល្អប្រពៃលើវិស័យនយោបាយ សម្រាប់ជាការកំណត់ទិសដៅរួមដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយត្រូវយកចិត្តទុកដាក់ថែរក្សា និងលើកកម្ពស់ឥតឈប់ឈរនូវស្មារតីយល់ដឹងទៅលើសារសំខាន់ជាយុទ្ធសាស្ត្រ ប្រកបដោយអត្ថន័យស្លាប់រស់ ក្នុងទំនាក់ទំនងរវាង វៀតណាម និងកម្ពុជា ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនីមួយៗ ក្នុងដំណាក់កាល នៃសភាពការណ៍ថ្មី ដោយត្រូវពង្រឹងបង្កើនជំនឿទុកចិត្តខាងនយោបាយ កសាងគ្រឹះសង្គមឱ្យបានរឹងមាំ ជំរុញកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យ រវាងប្រទេសទាំងពីរលើវិស័យជាច្រើន។

ភាគីទាំងពីរ ត្រូវបន្តសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគណៈប្រតិភូគ្រប់ជាន់ថ្នាក់ សំដៅបង្កើនការផ្សារភ្ជាប់ និងជំនឿទុកចិត្តទៅវិញទៅមក អភិវឌ្ឃន៍ និលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមបណ្តោយព្រំដែន តាមរយៈការអភិវឌ្ឃន៍សមាសភាពសេដ្ឋកិច្ចនានា សហប្រតិបត្តិការ អនុវត្តប្រដោយលទ្ធផលនូវកិច្ចព្រមព្រៀងសហប្រតិបត្តិនៃថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ព្រមទាំងកិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្ថាប័ន និងមូលដ្ឋាននានា បន្តបង្កើនសហប្រតិបត្តិការដ៏ល្អប្រពៃលើវិស័យនានា ដូចជា ៖ ការពារប្រទេស សន្តិសុខ សហប្រតិបត្តិដ៏ជិតស្និទ្ធ ក្នុងទិដ្ឋភាពរវាងប្រទេស និងប្រទេស, ស្ថាប័ន និងស្ថាប័ន និងមូលដ្ឋាននានា ទិដ្ឋភាពតំបន់ និងអន្តរជាតិផង ដើម្បីរួមចំណែកបង្កលក្ខណៈងាយស្រួលដល់កម្ពុជា សម្រេចបានជោគជ័យត្រចះត្រចង់ ក្នុងឋានៈជាប្រធាអាស៊ាន នាឆ្នាំ២០២២នេះ។

យើងត្រូវម្ចាស់ការជំរុញសកម្មភាពវិនិយោគ ពាណិជ្ជកម្មទ្វេភាគី ដោយផ្សារភ្ជាប់នូវយុទ្ធសាស្ត្រអភិវឌ្ឃន៍ប្រទេសនីមួយៗ កំណត់កិច្ចសហប្រតិបត្តិសេដ្ឋកិច្ចសង្គមរវាងប្រទេសពីរ ទុកជាភារកិច្ចនយោបាយមានលក្ខណៈជាយុទ្ធសាស្ត្រយូរអង្វែងសម្រាប់ប្រទេសនីមួយៗ។

ឆ្នាំ២០២២នេះ គឺជាឆ្នាំអបអរសាទរអនុស្សាវរីយ៍នៃការបង្កើតចំណងទាក់ទងការទូតរវាងវៀតណាម និងកម្ពុជា។ ប្រទេសទាំងពីរ បានរៀបចំនូវសកម្មភាពជាច្រើន ដើម្បីអបអរសាទរនូវព្រឹត្តិការណ៍នេះ នៅតាមប្រទេសរៀងៗខ្លួន ក្នុងគោលបំណងពូនជ្រំចំណងសាមគ្គីភាព ទំនាក់ទំនងមិត្តភាព ផ្សារភ្ជាប់ជាប្រពៃណី និងសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ គឺបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា ប្រទេស និងប្រជាជនទាំងពីរ វៀតណាម-កម្ពុជា ឱ្យកាន់តែអភិវឌ្ឍន៍រីកចម្រើនឡើងបន្ថែមទៀត រួមវិភាគទានដល់បុព្វហេតុកសាងប្រទេសជាតិ ដើម្បីសន្តិភាព ស្ថេរភាព សហប្រតិបត្តិ នៅក្នុងតំបន់ និងនៅលើពិភពលោក៕ រក្សាសិទ្ធិដោយ ៖ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម