ភ្នំពេញ៖ បច្ចុប្បន្នក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប កំពុងវិនិយោគលើវិស័យហិរញ្ញវត្ថុ សំណង់ និងអចលនទ្រព្យ ក្នុងគម្រោងទុនរាប់ពាន់លានដុល្លារនៅកម្ពុជា។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនលំដាប់អន្តរជាតិរបស់សាធារណរដ្ឋកូរ៉េ ដោយគ្រោងនឹងបើកសកលវិទ្យាល័យ ដែលផ្តោតទៅលើវិស័យពន្ធដារ និង Fintech នៅកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ប៊ូ យ៉ុង ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ ក៏ដូចជា ចូលរួមសកម្មភាព មនុស្សធម៌ជាច្រើនផ្សេងទៀតនៅកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ពីការរីកចម្រើន និងសារៈសំខាន់នៃវិស័យ digital ក៏ដូចជា FinTech នៅប្រទេសកម្ពុជា និងស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពលើការវិនិយោគបន្ថែម និងផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍវិស័យ FinTech នៅប្រទេសកម្ពុជា។

លោកបណ្ឌិត LEE JOONG KEUN ប្រធាន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ បានទទួលស្គាល់តួនាទីស្នូលយ៉ាងចម្បងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិសេស ផ្នែកពន្ធដារ ដែលកម្ពុជា ក៏ដូចជា កូរ៉េសាធារណ ដើរតួជាសរសរស្ដម្ភមួយ គាំទ្រដល់សេដ្ឋកិច្ចជាតិ ។ លោក LEE បានបន្ថែមថា ប៊ូ យ៉ុង គ្រុប នឹងពិនិត្យលទ្ធភាព ក្នុងការបើកសកលវិទ្យាល័យ ដែលផ្តោតទៅលើវិស័យពន្ធដារ និង Fintech នៅកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ នាយករដ្ឋមន្ត្រី សង្ឃឹមថា ក្រុមហ៊ុននេះ នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួនលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបន្តផ្ដល់ការគាំទ្រ និងសហការផ្សេងៗទៀត នៅកម្ពុជា៕