Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នឹងចុះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយទីម័រខាងកើត

ភ្នំពេញ៖ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលកម្ពុជា និងទីម័រខាងកើត នឹងធ្វើឡើងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់បណ្ឌិត ចូសេ រ៉ាម៉ូស ហ័រតា ប្រធានាធិបតីទីម័រខាងកើត ចាប់ពីថ្ងៃទី១៩-២២ ខែតុលា ឆ្នាំ២០២២ មកប្រទេសកម្ពុជា ដែលនឹងជួយអភិវឌ្ឍវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងវិនិយោគ។

បើតាមអ្នកពាក្យលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹងធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ជាមួយសមភាគីទីម័រខាងកើត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព ក្រោមអធិតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។​

ការចុះកិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យប្រសើរឡើង នូវលំហូរចូលនៃអ្នកដំណើរ តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីអភិវឌ្ឍវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វិនិយោគ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត រវាងប្រទេសទាំងពីរ។ ក្រៅពីនេះកិច្ចព្រមព្រៀងនេះ នឹងនាំមកនូវប្រយោជន៍ ជូនប្រទេសទាំងពីរដូចជា៖ បង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធ លើវិស័យអាកាសចរស៊ីវិល។ សហការពង្រឹងសន្តិសុខ និងសុវត្ថិភាពអ្នកដំណើរអន្តរជាតិ តាមផ្លូវអាកាស។ បង្កើតឱ្យមានការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាស ទាំងអ្នកដំណើរ និងទំនិញ។ បង្កើតសេវាដឹកជញ្ជូនតាមផ្លូវអាកាស ការតភ្ជាប់មនុស្ស វប្បធម៌ និងធុរៈកិច្ច រវាងប្រទេសទាំងពីរ ព្រមទាំងគាំទ្រដល់កំណើននិរន្តរភាពនៃអាកាសចរណ៍។ បង្កើតលទ្ធភាពជូនក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរ សហការជើងហោះហើរ (Code-sharing Flights) និងលទ្ធភាពបើកជើងហោះហើរដោយផ្ទាល់ (Direct Flights) រវាងប្រទេសទាំងពីរ ឬការហោះហើរចុះចតប្រមូលភ្ញៀវច្រើនកន្លែង តាមរយៈការប្រើប្រាស់សិទ្ធិហោះហើរទី៥ (5th Freedom Traffic Rights) ជាដើម។ អ្នកដំណើរនឹងទទួលបានបទពិសោធន៍ថ្មី គោលដៅថ្មី និងជម្រើសថ្មីប្រកបដោយពិពិធកម្ម ក្នុងការធ្វើដំណើរ។

សូមបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស (ASAs) និងអនុស្សរណៈយោគយល់ (MOUs) ជាមួយបណ្តាប្រទេសនានានៅលើពិភពលោកបានចំនួន ៤៧ ប្រទេសហើយ៕

×