អ៊ីរ៉ង់ ៖ ក្រុមលោកខាងលិចពេលមានរឿងពាក់ព័ន្ធនឹងសង្គ្រាមចេះជួយគ្នាបាន ចំណែកក្រុមសម្ព័ន្ធមិត្តរុស្ស៊ីជួយគ្នាអត់បាន… តើអ្វីទៅជាសេរីភាព និងឯករាជ្យភាព?! ពេលនេះសហភាពអឺរ៉ុបកំពុងដំណើរការរឿងដាក់ទណ្ឌកម្មថ្មីលើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីបានប្រមូល «ភស្តុតាងគ្រប់គ្រាន់» ដែលថា ប្រទេសនេះ បាននិងកំពុងផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ី នូវយន្តហោះគ្មានមនុស្សបើក (ដ្រូន) សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី ណាប៊ីឡា ម៉ាសស្រាលី (Nabila Massrali) អ្នកនាំពាក្យរបស់ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បាននិយាយថា ឥឡូវនេះ ពួកយើងបានប្រមូលភស្តុតាងគ្រប់គ្រាន់ ហើយ ខណៈការងាររបស់យើងកំពុងដំណើរការនៅក្នុងក្រុមប្រឹក្សាអឺរ៉ុប, ហើយថា សហភាពអឺរ៉ុបនឹងឆ្លើយតបយ៉ាងច្បាស់លាស់ រហ័ស និងរឹងមាំមួយចំពោះរឿងនេះ។
តាមរបាយការណ៍ព័ត៌មានអន្តរជាតិ បានបង្ហាញថា ដ្រូន របស់អ៊ីរ៉ង់មានប្រសិទ្ធភាពខ្លាំងក្លាក្នុងការវាយប្រយុទ្ធទៅលើអ៊ុយក្រែន ដូចជាការបំផ្លាញអាគារ, ការវាយបំបែកទីតាំងកងទ័ពអ៊ុយក្រែន…។ល។ ប៉ុន្តែ យ៉ាងណាក៏ដោយ ភាគីអ៊ុយក្រែន បានអះអាងថា យោធារបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូន ដែលផលិតដោយប្រទេសអ៊ីរ៉ង់ សរុបជាង២២០គ្រឿង ក្នុងរយៈពេលជាង១ខែមកនេះ។
ដ្រូន អត្តឃាតអ៊ីរ៉ង់ ពិតជាមានប្រសិទ្ធភាពមែន ដោយកាលពីដើមសប្តាហ៍នេះ រដ្ឋធានីកៀវ និងទីក្រុងមួយចំនួនទៀតរបស់អ៊ុយក្រែន បានរងការវាយប្រហារដោយយន្តហោះដ្រូនអត្តឃាតនេះ ពីសំណាក់កងកម្លាំងរុស្ស៉ី ហើយបណ្តាលឱ្យជនស៉ីវិលមួយចំនួនបាត់បង់ជីវិត និងបង្កការខូចខាតដល់ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរបស់អ៊ុយក្រែន, ហើយទីក្រុងកៀវ បានចោទថា រុស្ស៉ីបានដ្រូនទាំងនោះមកពីអ៊ីរ៉ង់, ប៉ុន្តែ ទីក្រុងតេហេរ៉ង់ នៅតែប្រកែកថា ខ្លួនមិនបានផ្គត់ផ្គង់ដ្រូន ឬមីស៉ីល ឱ្យទីក្រុងមូស្គូ សម្រាប់ការប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែនឡើយ នោះជារឿងរបស់រុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN


















