ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានហៅការប្រកាសសាលក្រមផ្តន្ទាទោសទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ និងជាពូជក្បត់ជាតិបីជំនាន់ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឱ្យជាប់នៅក្នុងពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ទាំងសិទ្ធិបោះឆ្នោត ទាំងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀតក្នុងសំណុំរឿងចុះហត្ថលេខាកាត់ដីខ្មែរចំនួនបួនខេត្ត គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ឱ្យក្រុមជនជាតិម៉ុងតាញ៉ាវៀតណាម គឺជាការត្រឹមត្រូវ។
ការប្រកាសគាំទ្រនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញទៅប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា “សាលក្រមតុលាការផ្តន្ទាទោសទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ និងជាពូជក្បត់ជាតិបីជំនាន់ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឱ្យជាប់នៅក្នុងពន្ធនាគារអស់មួយជីវិត គឺត្រឹមត្រូវ ហើយអនុវត្តទៅលើទោសទណ្ឌដែលអ្នកឯងមានភស្តុតាងជាក់លាក់។ ដោយសម្តេចបានចោទសួរថា ហេតុអ្វីចាំបាច់ដាក់ទង់ជាតិពីខាងក្រោយរហូតដល់ទៅបី បើនោះគ្រាន់តែជាកិច្ចសន្យានៃការផ្តល់សិទ្ធិឲ្យជនជាតិដើមភាគតិច។
ហើយតើជនជាតិដើមភាគតិចរបស់យើងនៅខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មានតំណាងសម្រាប់ចុះហត្ថលេខាបែបនេះទេ? ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ប្រជាពលរដ្ឋនឹងយល់ថា ហេតុអ្វីបានជាត្រូវកាត់ទោសជនក្បត់ជាតិរូបនេះ ហើយហេតុអីបានជាយើងប្រើពាក្យក្បត់ជាតិ គឺបញ្ហាកាត់ដីបួនខេត្តមិនមែនលេងសើចបានទេ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា តើអាចក្លាយជាមេដឹកនាំប្រទេសកម្ពុជាបែបណាទៅបើខ្លួនមិនទាន់មានអំណាចផង ខ្លួនទៅចុះហត្ថលេខាប្រគល់ទឹកដីទៅឲ្យជនបរទេសរហូតទៅដល់បួនខេត្ត (ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី) ហើយធ្វើការបកស្រាយថា នេះដើម្បីអនុវត្តជនជាតិដើមភាគតិច គេធ្វើនេះដើម្បីផ្តល់នៅសិទ្ធិសម្រាប់ជនជាតិដើមភាគតិច។
សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២
តុលាការ បានសាលក្រមផ្តន្ទាទោសទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ និងជាពូជក្បត់ជាតិបីជំនាន់ ឱ្យជាប់នៅក្នុងពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ទាំងសិទ្ធិបោះឆ្នោត ទាំងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀត ក្នុងសំណុំរឿងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយឈ្មោះ កុក សរ ប្រធានមូលនិធិជនជាតិ ដើមភាគតិចម៉ុងតាញ៉ាដោយសន្យាកាត់ដីខ្មែរចំនួនបួនខេត្ត គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ឱ្យក្រុមជនជាតិម៉ុងតាញ៉ាវៀតណាមនិងផ្តល់ស្វយ័តភាពដល់ក្រុមជនជាតិនេះក្នុងការគ្រប់គ្រងនិងចាត់ចែងប្រសិនបើគណបក្សសង្គ្រោះជាតិ នឹងបានឈ្នះការបោះឆ្នោត នៅក្នុងឆ្នាំ២០១៣៕ រក្សាសិទ្ធិដោយៈ ចេស្តារ





