Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន អរគុណដល់គ្រឹះស្ថានហិរញ្ញវត្ថុ យល់ព្រមតាមការស្នើសុំ យោគយល់កូនបំណុលក្នុងគ្រាដ៏លំបាកដោយសារគ្រោះទឹកជំនន់

spot_img

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ឥឡូវនេះជាការល្អហើយ ដែលខ្ញុំអំពាវនាវប៉ុន្មានថ្ងៃមុន គឺមីក្រូហិរញ្ញវត្ថុទាំងអស់ បានគាំទ្រចំពោះការអំពាវនាវរបស់ខ្ញុំ យល់ព្រមពន្យារការសង បន្ថយអត្រាការប្រាក់ ឬរក្សាស្ថេរភាពអត្រាការប្រាក់ និងរៀបចំឥណទានឡើងវិញ ហើយនឹងគ្មានការរឹបអូសទ្រព្យសម្បត្តិ ចំពោះអ្នកដែលទទួលផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។

សម្ដេចតេជោ ហ៊ុន សែន លើកបង្ហាញបែបនេះ ក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២, ដោយសម្ដេចតេជោ បានថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលបានគាំទ្រនូវការអំពាវនាវរបស់សម្តេច ចំពោះការស្នើសុំឲ្យជួយអនុគ្រោះដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ប៉ុន្មានថ្ងៃក្រោយបន្ទាប់ពីខ្ញុំបានលើកឡើងរឿងបំណុលរបស់ប្រជាពលរដ្ឋ ឥឡូវនេះ គ្រឹះស្ថានធនាគារ និងមីក្រូហិញ្ញវត្ថុ បានសម្រេចផ្តល់ការអនុគ្រោះ តាមរយៈការពន្យារសង បន្ថយអត្រាការប្រាក់ រៀបចំឥណទានឡើងវិញ និងមិនរឹបអូសទ្រព្យសម្បត្តិពីប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ ដោយគ្រោះទឹកជំនន់។ ចំណុចនេះ ខ្ញុំសូមអរគុណចំពោះធនាគារជាតិនៃកម្ពុជា ក៏ដូចជាបណ្តាមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលបានយោគយល់ក្នុងសភាពការណ៍ដ៏លំបាកនៃគ្រោះទឹកជំនន់ ហើយខ្ញុំក៏អរគុណដល់អាជ្ញាធរទាំងអស់គ្រប់ទីកន្លែង ដែលបានមើលថែទាំប្រជាពលរដ្ឋ ក្នុងកាលៈទេសៈដ៏លំបាក។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួម បញ្ជាក់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិករបស់ខ្លួន នឹងផ្តល់ការយោគយល់ និងអនុគ្រោះចំពោះអតិថិជន ដែលរងផលប៉ះពាល់ជាក់ស្តែងដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន លើកឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ដែលនេះជាកិច្ចសហការល្អក្នុងលក្ខខណ្ឌកិច្ចការពារអតិថិជន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×