ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចដែលពាក់ព័ន្ធបានត្រៀមរួចរាល់អស់ហើយ សម្រាប់ការពារការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ជាពិសេសត្រៀមទប់ស្កាត់ចំពោះឧបាយកលរំខានដល់ការបោះឆ្នោត ក៏សមត្ថកិច្ចបានត្រៀមម្ចាស់ការរួចហើយដែរ ទាំងកងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ និងស្ថាប័នពាក់ព័ន្ធដទៃទៀត។
បទបញ្ជាត្រូវបានដាក់ចេញពីថ្នាក់ដឹកនាំកំពូលជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដើម្បីការពារពលរដ្ឋទៅបោះឆ្នោត និងត្រៀមបង្ក្រាបក្រុមអុកឡុកការិយាយបោះឆ្នោតថែមទៀតផង។
នៅថ្ងៃទី៧មិថុនានេះលោកស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានវិធានការផ្លូវច្បាប់ចំពោះការអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិការក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ដោយមានការអំពាវនាវ ក៏ដូចជាជម្រុញឲ្យមានការចែកខិតប័ណ្ណដើម្បីឲ្យប្រជាពលរដ្ឋធ្វើពហិការក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដោយចាត់ទុកថា ការបោះឆ្នោតនេះ ជាការបោះឆ្នោតក្លែងក្លាយ។ គ.ជ.ប ចាត់ទុកថា ការអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិការក្នុងការបោះឆ្នោត គឺជាសកម្មភាពរារងាំប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត និងធ្វើឲ្យមានការភ័ន្តច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិ ៕ ដោយ៖បញ្ញាស័ក្តិ