ភ្នំពេញៈ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានធ្វើញ្ញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ចេញនូវគោលការណ៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ពូជជនក្បត់ជាតិ៣ជំនាន់ ដែលជាមេក្រុមចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក។ នេះបើយោងតាមញ្ញត្តិគាំទ្រនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។
ញ្ញត្តិគាំទ្របានបញ្ជាក់ថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមប្រឆាំងដាច់ខាត និងថ្កោលទោស យ៉ាងដាច់អហង្ការនូវរាល់សកម្មភាពទាំងឡាយណាដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដោយមិនស្រប តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ប្រកាសគាំទ្រការការពារយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះរដ្ឋធម្មនុញ្ញ រាជបល្ល័ង្ក និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្នើម និងបាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៃសង្គមជាតិកម្ពុជាទាំងមូល។
ក្នុងឱកាសអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២០ ខែតុលា សម្តេចតេជោ ហ៊ុន សែន គាំទ្រការសម្រេចរបស់តុលាការផ្តន្ទាទោសជនក្បត់ជាតិ សម រង្ស៊ី ដាក់គុកមួយជីវិត និងប្រកាសថា មិនត្រឹមតែមិនលើកលែងទោសឱ្យជននោះទេ ថែមទាំងដាក់ចេញចលនាកម្ចាត់ចោលនូវនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ៣ជំនាន់ ។ សម្តេចបានបញ្ជាក់ទៀតថា បក្សនយោបាយណាដែលផ្សារភ្ជាប់ខ្លួនជាមួយជនឧទ្ទាមក្បត់ជាតិ យើងនឹងប្តឹងទៅតុលាការ ដើម្បីរំលាយបក្សនោះចោល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងចោទសំណួរថា «តើឲ្យទណ្ឌិតសម រង្ស៊ី ដឹកនាំប្រទេសយ៉ាងម៉េចទៅ បើមិនទាន់កាន់តំណែងផង ហ៊ានចុះហត្ថលេខាកាត់ដីឲ្យជនបរទេសរហូតដល់៤ខេត្ត»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កុំថាឡើយអ្នកឯងមិនទាន់បានកាន់អំណាចហ៊ានកាត់ទឹកដីឲ្យជនបរទេសរហូតដល់៤ខេត្ត សូម្បីតែខ្ញុំកាន់តំណែង ក៏ខ្ញុំមិនមានសិទ្ធិក្នុងការកាត់ដីឲ្យជនបរទេសសូម្បី១ម៉ីលីម៉ែត្រ ព្រោះត្រូវជាប់គុក»។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា «ខ្ញុំមិនលើកលែងទោសដល់ជនក្បត់ជាតិ៣ជំនាន់ឡើយ ថែមទាំងដាក់ចេញការកម្ចាត់មនោគមន៍ជ្រុលនិយមចោលទៀតផង»។
សូមរំលឹកថា កន្លងទៅមជ្ឍដ្ឋានគ្រប់លំដាប់ថ្នាក់បានចេញញ្ញត្តិថ្កោលទោស ទណ្ឌិត សម រង្ស៊ី បន្ទាប់ពីទណ្ឌិតញុះញង់ឲ្យបះបោរផ្ដួលរំលំរាជរដ្ឋាភិបាល ឆ្នាំ២០២៣។ ស្របជាមួយគ្នានេះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រម កាត់ទោស ទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ទាំងសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀត។ ក្រៅពីសម្រេចដាក់ពន្ធនាគារមួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ក្រោមការចោទប្រកាន់ពីបទ «ប៉ុនប៉ងនូវប្រគល់ឱ្យរដ្ឋបរទេស នូវដែនដីមួយផ្នែក» តុលាការក្រុងភ្នំពេញ ក៏បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនទណ្ឌិត សម រង្ស៉ី យកមកផ្តន្ទាទោសផងដែរ៕ រក្សាសិទ្ធិដោយៈ ចេស្តារ



