ទីក្រុងឡុងដ៍៖ លោកស្រី Liz Truss នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស បានលាលែងពីតំណែងត្រឹមតែរយៈពេលប្រាំមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោកស្រីត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រីអង់គ្លេស ដោយលោកស្រី មិនអាចបំពេញការសន្យាលើកម្មវិធីសេដ្ឋកិច្ច របស់លោកស្រី។

ថ្លែងនៅខាងក្រៅនៃការិយាល័យលេខ 10 Downing Street លោកស្រី Truss បានទទួលយកថា លោកស្រី មិនអាចផ្តល់ការសន្យាដែលលោកស្រីបានធ្វើនៅពេលដែលលោកស្រីកំពុងឈរឈ្មោះជាមេដឹកនាំអភិរក្ស ដោយធ្វើឱ្យសមាជិកបាត់បង់ជំនឿរបស់គណបក្សរបស់លោកស្រី។

ការបោះឆ្នោតសម្រាប់ថ្នាក់ដឹកនាំនឹងត្រូវបញ្ចប់ក្នុងសប្តាហ៍ក្រោយ ដើម្បីជំនួសលោកស្រីTruss ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចខ្លីបំផុតក្នុងប្រវត្តិសាស្ត្រចក្រភពអង់គ្លេស។ លោក George Canning ធ្លាប់បានកាន់កាប់កំណត់ត្រានេះដោយបម្រើ 119 ថ្ងៃក្នុងឆ្នាំ 1827 នៅពេលដែលគាត់បានទទួលមរណភាព។ អ្នកស្រី Truss បានបន្តថា៖ «ខ្ញុំទទួលស្គាល់ថាដោយសារស្ថានភាពនេះខ្ញុំមិនអាចប្រគល់អាណត្តិដែលខ្ញុំជាប់ឆ្នោត ដោយគណបក្សអភិរក្សបានទេ ដូច្នេះខ្ញុំបានទូលថ្វាយព្រះមហាក្សត្រដើម្បីជូនដំណឹងដល់គាត់ថាខ្ញុំលាលែងពីតំណែងជាប្រធានគណបក្សអភិរក្ស»។ មុននេះ មន្ត្រីគណបក្សអភិរក្សបានប្រមូលផ្ដុំគ្នានៅផ្លូវ Downing Street ខណៈដែលសមាជិកសភាជាច្រើនរូបរបស់លោកស្រីបានអំពាវនាវឱ្យលោកស្រីលាលែងពីតំណែង។

លោកស្រី ត្រូវបានតែងតាំងនៅថ្ងៃទី 6 ខែកញ្ញា។ គេបង្ខំឱ្យលោកស្រី Truss បណ្តេញរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងសម្ព័ន្ធមិត្តនយោបាយជិតស្និទ្ធបំផុតរបស់លោកស្រីគឺ Kwasi Kwartengចេញពីតំណែង និងបោះបង់ចោលកម្មវិធីសេដ្ឋកិច្ចស្ទើរតែទាំងអស់របស់លោកស្រី បន្ទាប់ពីផែនការរបស់លោកស្រីក្នុងការកាត់ពន្ធដែលមិនមានមូលនិធិយ៉ាងច្រើន ដោយបានធ្វើឱ្យប្រាក់ផោននិងមូលបត្របំណុលរបស់អង់គ្លេសធ្លាក់ចុះ។

មន្ត្រីទទួលបន្ទុកបាននិយាយថា ការបោះឆ្នោតដើម្បីជំនួសលោក Truss ជាមេដឹកនាំគណបក្សអភិរក្សគួរតែធ្វើឡើងនៅថ្ងៃទី 28 ខែតុលា។ មេដឹកនាំប្រឆាំងរបស់ចក្រភពអង់គ្លេស Keir Starmer បានទាមទារឱ្យមានការបោះឆ្នោតសកលជាបន្ទាន់៕ ប្រភព៖ CNA