សៀមរាប ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋរាប់ពាន់នាក់នៅលើទីតាំងតំបន់អភិវឌ្ឍន៍រុនតាឯក ថា បងប្អូនដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់របស់ខ្លួនចេញពីតំបន់រមណីយដ្ឋានអង្គរ ហើយបានចាប់ឆ្នោតជ្រើសរើសក្បាលដីមកសាងសង់លំនៅឋាននរស់នៅលើទីតាំងថ្មីស្របច្បាប់ រុនតាឯក, អាចចាត់ទុកថា ជាការជ្រើសរើសដ៏ឆ្លាតវៃមួយក្នុងកាលៈទេសៈចាំបាច់។
ការថ្លែងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលលើកទី៣ ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅថ្មីក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ខ្ញុំជឿថា ការផ្លាស់ប្ដូរទីតាំងថ្មីរបស់បងប្អូន ដំបូង គឺពិតជាជួបការលំបាក ប៉ុន្តែមិនណាស់ណាទេ អាចតស៊ូរួចដើម្បីទទួលយកនូវអំណោយក្បាលដីស្របច្បាប់មួយ សម្រាប់ប្រចាំជីវិតគ្រួសាររស់នៅដោយមានសេរីភាព ស្របច្បាប់ពេញសិទ្ធិ ជាកម្មសិទ្ធិករ តកូនតចៅ អាចកែច្នៃ អភិវឌ្ឍន៍ភូមិឋានរបស់ខ្លួនបាន។
ការមកកាន់ទីនេះ យើងមានការទ្រទ្រង់ខាងហេដ្ឋារចនាសម្ព័ន្ធ ការទ្រទ្រង់ទៅលើផ្នែកដទៃទៀត ក្នុងនោះរាប់ទាំងការទ្រទ្រង់ផ្នែកកិច្ចគាំពារសង្គម ដូចជា ការឧបត្ថម្ភប្រចាំខែតាមរយៈប័ណ្ណក្រីក្រប្រភេទ១។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ប្រាសាទអង្គរវត្ត ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ១៩៩២ ដែលមកដល់ ឆ្នាំ២០២២នេះ គឺជាខួបលើកទី៣០ហើយ។
ការដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌនេះ តម្រូវឱ្យគោរពលក្ខខណ្ឌទាំងឡាយ ដែលកំណត់ដោយអង្គការយូណេស្កូ, ដូច្នេះ យើងមិនអាចបំពានជាមួយនឹងគោលការណ៍នេះបានទេ យើងត្រូវខិតខំដោះស្រាយ បើមិនដូច្នោះទេ អង្គររបស់យើងប្រឈមនឹងការបណ្តេញចេញ ហើយការបណ្តេញចេញនេះ មិនមែនជាបញ្ហាថ្មីរបស់អង្គការយូណេស្កូនោះទេ ប៉ុន្តែប្រទេសជឿនលឿនខ្លះក៏មានការបណ្តេញចេញដែរ ដូចជាអាល្លឺម៉ង់ជាដើម ក៏ធ្លាប់មានការបណ្តេញចេញ ដោយសារមិនគោរពតាមលក្ខខណ្ឌនៃការកំណត់របស់អង្គការយូណេស្កូ។
ងាកមកកម្ពុជាវិញ បើសិនជាប្រជាពលរដ្ឋបន្តរស់នៅខុសច្បាប់នៅតំបន់អង្គរនេះទៀត គឺប្រជាពលរដ្ឋមិនមានសិទ្ធិអភិវឌ្ឍអ្វីទាំងអស់ មិនមានកម្មសិទ្ធិដីធ្លីនោះឡើយ ប៉ុន្តែនៅពេលទៅរស់នៅតំបន់ថ្មី រុនតាឯក ដែលថ្ងៃខាងមុខ ក្លាយជាទីប្រជុំជន ពួកគាត់មានភាពជាកម្មសិទ្ធិពេញលេញ ដែលអាចអភិវឌ្ឍបន្តបាន។
បើតាម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ពេលនេះមានប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងចាប់ឆ្នោតជ្រើសរើសដីឡូត៍នៅលើទីតាំងថ្មីសរុប ៩ ៣២៣គ្រួសារ ក្នុងនោះ ៥ ៨២៣ គ្រួសារ ទៅកាន់តំបន់អភិវឌ្ឍន៍រុនតាឯក និង ៣ ២០០ គ្រួសារ ទៅកាន់តំបន់អភិវឌ្ឍន៍ពាក់ស្នែង ដែលរាជរដ្ឋាភិបាលបានរៀបចំអភិវឌ្ឍជាកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
















