Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន បានចាត់ចែងឱ្យសាលាស្រុកបន្ទាយស្រី និងសាលាស្រុកអង្គរធំ ទៅនៅជាមួយប្រជាពលរដ្ឋលើតំបន់អភិវឌ្ឍន៍ថ្មី

spot_img

សៀមរាប ៖ ជាការផ្ដល់ទំនុកចិត្ត និងភាពកក់ក្ដៅដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅកាន់ទីតាំងថ្មី, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធររើសាលាស្រុកបន្ទាយស្រីផ្លាស់ទៅតំបន់អភិវឌ្ឍន៍រុនតាឯក, រីឯសាលាស្រុកអង្គរធំ ត្រូវរើផ្លាស់ទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែងវិញ ខណៈទីតាំងចាស់នៃសាលាស្រុកទាំងពីរនេះ គឺស្ថិតនៅក្នុងតំបន់១ ដែលត្រូវបានការពារដោយអាជ្ញាធរជាតិអប្សរា និងមានការហាមឃាត់មិនឱ្យសាងសង់សំណង់ថ្មីៗ។

ក្នុងពិធីជួបសំណេះសំណាលលើកទី៣ ជាមួយប្រជាពលរដ្ឋ ១,៨៥៣គ្រួសារថ្មីទៀត ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២, សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ថា សាលាស្រុកបន្ទាយស្រីដែលស្ថិតនៅតំបន់១ ត្រូវរើមកតាំងនៅក្នុងភូមិរុនតាឯក, អ៉ីចឹងបងប្អូននៅភូមិរុនតាឯក គឺត្រូវប៉ាន់តែម្ដង ស្អីក៏មានដែរ ព្រោះសាលាស្រុកនៅហ្នឹងស្រាប់, ចំណែកសាលាស្រុកអង្គរធំ ក៏ត្រូវធ្វើដូចគ្នាដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់ទៅ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងជាប្រធានក្រុមការងារតម្រង់ទិសនៃការអភិវឌ្ឍតំបន់ទាំងពីរ ថា ត្រូវទុកដីសមរម្យសម្រាប់ធ្វើសាលាស្រុកបន្ទាយស្រីថ្មី នៅតំបន់អភិវឌ្ឍន៍រុនតាឯក, ចំណែកសាលាស្រុកអង្គរធំ ត្រូវរើទៅសាងសង់ថ្មីនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ដូច្នេះ ត្រូវរៀបចំដីឱ្យបានសមរម្យដូចគ្នា។

ម៉្យាង ទីតាំងចាស់នៃសាលាស្រុកទាំងពីរនេះ គឺត្រូវបានការពារ និងហាមឃាត់ការសាងសង់សំណង់ថ្មី ដូច្នេះប្រសិនបើធ្វើអ្វីមិនបានដដែល ត្រូវតែផ្លាស់ទៅតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែងវិញចុះ ព្រោះប្រជាជនបានស្ម័គ្រចិត្តយល់ព្រមចាកចេញហើយ អ៊ីចឹងសាលាស្រុកក៏ត្រូវទៅជាមួយប្រជាជនដែរ។

សម្ដេចតេជោ ហ៊ុន សែន បានណែនាំទៅកាន់ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ត្រូវរាយការណ៍ទៅដល់គណៈកម្មការអាយស៉ីស៉ី-អង្គរ (ICC-Angkor) អំពីវឌ្ឍនភាព និងភាពម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាជូនប្រជាជន និងការការពារតំបន់បេតិកភណ្ឌពិភពលោកនៅតំបន់រមណីយដ្ឋានអង្គរ ខណៈនាពេលខាងមុខឆាប់ៗនេះ នឹងមានកិច្ចប្រជុំអាយស៉ីស៉ី-អង្គរផងដែរ ដើម្បីឱ្យសហប្រធានដែលមានជប៉ុន និងបារាំងរាយការណ៍បន្តទៅកាន់អង្គការយូណេស្កូអំពីការខិតខំដោះស្រាយរបស់កម្ពុជា សម្រេចបានលទ្ធផលជាវិជ្ជមាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×