Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីទីម័រខាងកើត នៅកម្ពុជា

spot_img

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណា ចក្រកម្ពុជា ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ។

ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តមប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ។ ឯកឧត្តមប្រធានាធិបតី ក៏មានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។

ឯកឧត្តមប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំកំពូលទ្វេភាគី នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ ដើម្បីពិភាក្សាអំពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានវាយ តំលៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋដ៏មានអត្ថន័យរបស់ ឯកឧត្តមប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ក្នុងពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី២០ នៃការបង្កើតទំនាក់ទំនងការទូត។
ថ្នាក់ដឹកនាំទាំងពីរបានស្វាគមន៍ចំពោះការចូលជាធរមាននាពេលថ្មីៗនេះ នៃកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិត ឆ្លងដែន ការទូត និងផ្លូវការ ដែលត្រូវបានចុះហត្ថលេខាក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសទីម័រខាងកើត កាលពីឆ្នាំ២០១៦ និងបានចាត់ទុកកិច្ចព្រមព្រៀងនេះថាជាការបោះជំហានមួយទៀតនៅក្នុងការពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកឡើងវិញអំពីការពិភាក្សាប្រកបដោយផ្លែផ្កា នាពេលថ្មីៗនេះរវាងថ្នាក់ ដឹកនាំទាំងពីរនៅទីក្រុងញូវយ៉ក ជាពិសេស អំពីសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជំរុញឲ្យ អាជ្ញាធរមានសមត្ថកិច្ចនៃប្រទសទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព នូវឯកសារចំនួនបី ដែលបានចុះហត្ថលេខារួច រួមមាន ៖ អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស, កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកទេស និងសេដ្ឋកិច្ច, និង អនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
ឯកឧត្តមប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា បានបង្ហាញចំណាប់អារម្មណ៍ និងទទួលយក ទៅ ពិចារណាសំណើរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ការវិនិយោគ ដោយប្រទេសទីម័រខាងកើត លើវិស័យម៉ាស៊ីនកិនស្រូវនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់នាំចេញទៅកាន់ប្រទេសទីម័រខាងកើត ដើម្បីបំពេញតម្រូវការក្នុងប្រទេស។

ថ្នាក់ដឹកនាំទាំងពីរបានសំដែងការពេញចិត្តចំពោះកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ ដែលនឹងត្រូវចុះហត្ថលេខាបន្ទាប់ពីកិច្ចប្រជុំនេះ ហើយសង្ឃឹមថាវានឹងនាំទៅដល់ការបង្កើតការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ។
ឯកឧត្តមប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា បានកោតសរសើរចំពោះទឹកចិត្តសប្បុរសរបស់កម្ពុជា ក្នុងការផ្តល់ម៉ាស់ និងឧបករណ៍វេជ្ជសាស្ត្រ ដើម្បីចូលរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ប្រទេសទីម័រខាងកើត និងបានថ្លែងអំណរគុណកម្ពុជាដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតទីម័រខាងកើតចំនួន១០នាក់។
ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាផងដែរអំពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការជួញដូរមនុស្សផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់កម្ពុជាចំពោះសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត រីឯ ឯកឧត្តមប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា បានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់កម្ពុជា។
នៅចុងបញ្ចប់នៃជំនួប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនពីរ រួមមាន៖ កិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ស្តីពីពាណិជ្ជកម្មស្រូវ រវាងប្រទេសទាំងពីរ។

នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងកន្រ្តកផ្កានៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមប្រធានាធិបតី ក៏បានអញ្ជើញធ្វើបាឋកថាសាធារណៈ នៅសាកលវិទ្យាល័យចំនួនបី នៅក្នុងរាជធានីភ្នំពេញផងដែរ៕ រក្សាសិទ្ធិដោយៈចេស្តារ

spot_img
×