Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំពាណិជ្ជកម្មកម្ពុជាក្នុងរយៈពេល ៩ខែ ឆ្នាំនេះ សម្រេចបាន ៤១.០២៣លានដុល្លារអាម៉េរិក កើនឡើង ១៨%

spot_img

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជាក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ សម្រេចបាន ៤១.០២៣លានដុល្លារអាម៉េរិក កើនឡើង ១៨% ក្នុងនោះ ការនាំចេញមានចំនួន ១៧.២៥៨លានដុល្លារអាម៉េរិក កើនឡើង ២២% និងការនាំចូល ២៣.៧៦៤លានដុល្លារអាម៉េរិក កើនឡើង ១៥%។ មុខទំនិញសំខាន់ៗក្នុងការនាំចេញ រួមមាន៖ សម្លៀកបំពាក់ ៧.១៧៥លានដុល្លារអាម៉េរិក កើនឡើង២៣% សម្ភារៈធ្វើដំណើរនិងកាបូប ១.៤១០លានដុល្លារអាម៉េរិក កើនឡើង ៣៥% ស្បែកជើង ១.៣២៥លានដុល្លារអាម៉េរិក កើនឡើង ៣៣% ម៉ាស៊ីនបរិធាននិងសម្ភារៈអគ្គិសនី ១.២៨០លានដុល្លារអាម៉េរិក កើនឡើង ៦៩% គ្រឿងសង្ហារឹមនិងបរិធានបំភ្លឺ ៨២៧លានដុល្លារអាម៉េរិក កើនឡើង ១៥% និង កង់ ៧០០លានដុល្លារអាម៉េរិក កើនឡើង ៤៨% ។

នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មទទួលជួបពិភាក្សាការងារជាមួយ លោកស្រី YUKI KOBAYASHO អ្នកសម្របសម្រួលកម្មវិធីរបស់ អង្គការអន្តរជាតិខាងការងារ (ILO-TOKYO) និង លោក SUSUMU TANAKA សេដ្ឋវិទូជាន់ខ្ពស់របស់ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ព្រមទាំងសហការីក្នុងកិច្ចសហប្រតិបត្តិការលើគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia-BFC) ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះភាគី ជប៉ុន ដែលបានជួយដល់កម្ពុជាយ៉ាងច្រើនលើការកសាងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ចាប់តាំងពីការបោះឆ្នោត១៩៩៣មក ដូចជាផ្លូវថ្នល់ ស្ពានជ្រោយចង្វារ ស្ពានគីហ្សូណា និងស្ពានត្សឹបាសា ដែលជាស្ពានដ៏វែងឆ្លងទន្លេមេគង្គ ព្រមទាំងបន្តផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជានូវ Duty Free & Quota Free (DFQF) លើទំនិញ ៩៧.៩% ដើម្បីនាំចូលទៅប្រទេសជប៉ុន។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានរំលឹកអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តនូវលក្ខខណ្ឌការងារនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩មកម្លេះ ដោយពេលនោះ រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក លើកិច្ចព្រមព្រៀងទ្វេភាគីលើវាយនភ័ណ្ឌ (U.S.-Cambodia Bilateral Textile Agreement) ដោយបានផ្សារភ្ជាប់លក្ខខណ្ឌការងារលើវិស័យវាយនភណ្ឌ សម្លៀកបំពាក់ សមស្របតាមបទដ្ឋានការងារដែលទទួលស្គាល់ជាអន្តរជាតិ និងស្របតាមច្បាប់ការងារកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ក្រោមកិច្ចព្រមព្រៀងនេះ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ចាប់ផ្តើមបង្កើតឡើងក្នុងឆ្នាំ២០០១ ដើម្បីកែលម្អលក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់ តាមរយៈការអនុវត្តច្បាប់ការងារ និងច្បាប់ពាក់ព័ន្ធរបស់ព្រះរាជាណាចក្រកម្ពុជា ដែលទទួលស្គាល់ស្តង់ដារការងារជាអន្តរជាតិ។ បន្ទាប់ពីកិច្ចព្រមព្រៀងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក បានបញ្ចប់នៅចុងឆ្នាំ២០០៤ និងមិនត្រូវបន្តដោយកម្ពុជាបានក្លាយជាសមាជិកWTO រាជរដ្ឋាភិបាលកម្ពុជាក៏នៅតែប្តេជ្ញាចិត្តបន្តគាំទ្រគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានេះ ជាបន្តបន្ទាប់ទៀត ដែលថ្មីៗនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាមានរយៈពេលប្រាំឆ្នាំតទៅទៀត ចាប់ពីឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៧។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ផងដែរថា តាមរយៈការអនុវត្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មជាមួយនឹងបទដ្ឋានការងារ បានប្រែក្លាយកេរ្តិ៍ឈ្មោះរបស់កម្ពុជាទៅជាប្រទេសឈានមុខគេក្នុងគោលនយោបាយពាណិជ្ជកម្ម អន្តរជាតិ និងបានធ្វើអោយកម្ពុជាក្លាយជាប្រទេសគំរូសម្រាប់ប្រទេសមួយចំនួនយកធ្វើជាបទពិសោធន៍ សម្រាប់យកទៅអនុវត្ត និងរៀនសូត្រតាម។

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ ក៏បានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗក្នុងការដាក់បន្ថែមការបញ្ជាទិញផលិតផលសំខាន់ៗ រួមមាន វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ និងកាបូប នៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើនឡើងៗ ផងដែរ។

ជាការឆ្លើយតប លោកស្រី Yuki Kobayasho បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ និងកែលម្អលក្ខខណ្ឌការងារ សិទ្ធិកម្មករ សេរីភាពអង្គការវិជ្ជាជីវៈ ជាពិសេសការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់ ផលិតផលធ្វើដំណើរនិងកាបូប។

ជាមួយគ្នានេះ លោកស្រី ក៏បានថ្លែងអំណរគុណផងដែរដល់ ឯកឧត្តមរដ្ឋលេខាធិការ និងសហការី ជាពិសេស ក្រសួងពាណិជ្ជកម្ម ដែលបានសហការយ៉ាងល្អជាមួយនឹង ILO-Tokyo office និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) លើគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានគូសបញ្ជក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការវាងក្រសួងពាណិជ្ជកម្ម ILO-Tokyo office និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ក្នុងការកែលម្អលក្ខខណ្ឌការងារ សិទ្ធិកម្មករ សេរីភាពអង្គការវិជ្ជាជីវៈ និងជំរុញការប្រកួតប្រជែងលើវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតផលធ្វើដំណើរនិងកាបូប និងវិស័យផ្សេងៗទៀត បង្កើននូវការបញ្ជាទិញពីកម្ពុជា និងធានាថាទំនិញដែលទិញពីកម្ពុជា ជាទំនិញដែលមានប្រភពស្អាតស្អំដោយគោរពតាមបទដ្ឋានការងារអន្តរជាតិ។ បន្ថែមលើនេះ កម្ពុជានឹងសិក្សាដាក់បញ្ចូលនូវវិស័យផលិតផលិតផលស្បែកជើង គ្រឿងអេឡិចត្រូនិក
និងវិស័យដែលមានសក្តានុពលក្នុងការនាំចេញផ្សេងៗទៀត ចូលក្នុងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ដើម្បីជាយន្នការក្នុងការជំរុញឱ្យមានការបញ្ជារទិញទំនិញពីកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×