អាគារដោមដ៏ធំ ដែលជាកម្មសិទ្ធិរបស់ប្រាសាទមួយ ក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ត្រូវបានអគ្គីភ័យឆាបឆេះ និងដួលរលំភ្លាមៗ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
អគ្គីភ័យដ៏ខ្លាំងក្លា ដែលបានលេបត្របាក់នៅវិហារឥស្លាមនេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ អ្នកដែលមានវត្តមាននៅកន្លែងកើតហេតុបានស្រឡាំងកាំង ខណៈឃើញអគារដ៏ធំសម្បើមទាំងមូល បានឆាបឆេះដោយអណ្តាតភ្លើង និងផ្សែងខ្មៅ មុនពេលដួលរលំភ្លើងឆេះបានរាលដាលពាសពេញតំបន់ជុំវិញ។
ភ្លាមៗនោះ ក្រុមអ្នកជួយសង្រ្គោះបានទៅដល់កន្លែងកើតហេតុ ដើម្បីព្យាយាមពន្លត់ភ្លើង ប៉ុន្តែអគារនេះត្រូវបានបន្សល់ទុកនូវការខូចខាត បន្ទាប់ពីភ្លើងបានរលត់ទៅវិញ។ សំណាងល្អ ដែលមិនមានអ្នកណាម្នាក់រងរបួសក្នុងគ្រោះអគ្គិភ័យនេះទេ។
លោក Kombes Wibowo មេប៉ូលិសប្រចាំទីក្រុងហ្សាកាតាខាងជើង បាននិយាយថា អ្នកជំនាញផ្នែកកោសល្យវិច្ច័យ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីស៊ើបអង្កេតមូលហេតុ។ កម្មករ៤នាក់ដែលកំពុងធ្វើការជួសជុលអគារ ត្រូវបានប៉ូលិសកោះហៅមកសាកសួរ។
ប៉ូលិសបាននិយាយថា ផ្កាភ្លើងចេញពីឧបករណ៍របស់ក្រុមការងារជួសជុល ដែលអាចជាប្រភពនៃការឆាបឆេះ។ ទោះជាយ៉ាងណា មន្ត្រីជំនាញកំពុងតែធ្វើការស៊ើបអង្កេត ដើម្បីកំណត់ឲ្យប្រាកដ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


