ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំឭកអំពីភាគីពាក់ព័ន្ធសំខាន់ៗ ដែលឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស

បន្ទាយមានជ័យ ៖ ទាក់ទងទៅនឹងខួបលើកទី៣១ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏ថ្លែងអំណរគុណដល់អន្តរជាតិ ដែលបានជួយសម្របសម្រួលនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍រំឭកអំពីភាគីពាក់ព័ន្ធសំខាន់ៗដែលឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ សម្តេចតេជោសិក្សាបន្ថែមទៀតថា នយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជាបញ្ចប់សង្គ្រាម ដោយមិនចំណាយគ្រាប់កាំភ្លើង និងមិនមានការបង្ហូរឈាម។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ក្នុងព្រឹត្តិការណ៍បោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន រំពឹងថា ប្រជាពលរដ្ឋនៅតែបន្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាជាបន្តទៀត នៅឆ្នាំ២០២៣ ខាងមុខ។

ថ្លែងពេលជួបជាមួយកសិករជាង ៥ពាន់គ្រួសារ និងចែកពូជស្រូវជាង ៥០០តោន នៅខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពទីក្រុងប៉ារីស ត្រូវទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ភាគីកម្ពុជា ជាពិសេសការជួបគ្នារវាងសម្តេច នរោត្តម សីហនុ និងសម្តេច។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើភាគីខ្មែរមិនស្រុះស្រួលគ្នាទេ មិនមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះឡើយ។

សម្តេច បានបញ្ជាក់ថា ថ្ងៃនេះ ខ្ញុំសូមនិយាយបន្តិចជាមួយកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ខ្ញុំក៏មិនចង់ចូលជ្រៅអីដែរទេ។ ខ្ញុំក៏សូមយកឱកាសនេះ អរគុណចំពោះបណ្តាប្រទេសនានា រាប់ទាំងអង្គការសហប្រជាជាតិ ដែលបានរួមចំណែកដោះស្រាយជាមួយយើង ដើម្បីបង្កើតឲ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ជាពិសេស រម្លឹកដល់ព្រះកុរណា ព្រះបិតា របស់យើង។ ការចាប់ផ្តើមចរចា ដែលគេនិយមហៅថា កិច្ចចរចា សីហនុ-ហ៊ុនសែន ហ្វ៊ែរអង់តាដឺណ័រ ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ គឺជាការចាប់ផ្តើមមួយ ដែលសំខាន់ ដើម្បីបើកផ្លូវឲ្យឆ្ពោះទៅរកការផ្សះផ្សាជាតិ។ នេះជាបញ្ហាធំណាស់ គ្មានបរទេសណា ដែលអាចធ្វើជំនួសខ្មែរបានទេ។

សម្តេចបន្តថា ការចរចាចេះតែរីកបន្តិចម្តងៗ រហូតដល់មានការប្រជុំក្រៅផ្លូវការ ចាកាតារ លើកទី១ លើកទី២ បន្តបន្ទាប់ទៅមានសន្និសីទទីក្រុងប៉ារីស ឆ្នាំ១៩៨៩។ ពេលហ្នឹង ប្រទេសធំតាំង៥ ដែលជាសមាជិកអិចន្ត្រៃយ៍ អង្គការសហប្រជាជាតិ មិនទាន់ចូលអន្តរាគមន៍ទេ។ ឆ្នាំ១៩៩០ ទើបប្រទេសទាំង៥ ចូលរួម បង្កើតឡើងដោយយកក្របខណ្ឌនៃការព្រមព្រៀង របស់ភាគីកម្ពុជា ដែលមានការស្រុះស្រួលគ្នា បូកទៅគំនិតផ្តួចផ្តើមទាំងឡាយ ដែលប្រទេសធំត្រូវធានា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា អ្វីដែលកម្ពុជាចង់បានពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺការបញ្ចប់ភ្លើងសង្គ្រាម តែអង្គការសហប្រជាជាតិជួយមិនបាន។ អង្គការសហប្រជាជាតិ បានចំណាយថវិកាជាង ២ពាន់លានដុល្លារ តែចេញទៅវិញទុកឱ្យខ្មែរនៅតែបែកបាក់ច្រើនបក្ខច្រើនពួក ជាពិសេសខ្មែរក្រហម នៅតែបន្តប្រឆាំងនឹងរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តែការបែកបាក់នេះ ត្រូវបានបង្រួបបង្រួមទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេច ដែលបានដាក់ចេញនៅឆ្នាំ១៩៩៦។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចូលរួមតស៊ូដណ្តើមអំណាចថ្វាយសម្តេច នរោត្តម សីហនុ តែអាពត បានប្លន់អំណាច។ ជាមួយគ្នានេះ សម្តេចតេជោ អះអាងថា ខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាអស់ហើយ។

សម្តេចតេជោ ហ៊ុន សែន ចោទសួរអ្នកស៊ីកេរកិច្ចព្រមព្រៀងទីក្រុងប៉ារីសថា តើកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានចែងពីការកាត់ទោសខ្មែរក្រហមទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា អ្នកវិភាគដែលរត់ស្រាតខោពេលកើតមានកិច្ចព្រមព្រៀង កំពុងតាំងខ្លួនជាអ្នកចេះដឹង និងជំនាញលើកិច្ចព្រមព្រៀងប៉ារីស។ បើតាមប្រសាសន៍ សម្តេចតេជោ នយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជាបញ្ចប់សង្គ្រាម ដោយមិនចំណាយគ្រាប់កាំភ្លើង។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាប់ផ្ដើមចរចាដែលគេហៅថា ការចរចាសីហនុ-ហ៊ុន សែន ហ្វែអង់តាដឺន័រ ថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៨៧ គឺជាការចាប់ផ្តើមមួយដ៏សំខាន់ ដើម្បីបើកផ្លូវឆ្ពោះទៅរកការផ្សះផ្សាជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកអំពីការចរចាដែលផ្ដើមចេញពីការចរចាសីហនុ-ហ៊ុនសែន នៅប្រទេសឥណ្ឌូនេស៊ី។ការចរចារវាងខ្មែរ និងខ្មែរនេះ បានធ្វើឡើងជាច្រើនលើស ទំរាំរៀបចំឲ្យមានការចរចាសម្រាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សម្ដេចបានរំឭកថា នៅឆ្នាំ១៩៨៩ សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង៥ មិនទាន់បានចូលរួមជួយដោះស្រាយបញ្ហាផ្ទៃក្នុងរបស់កម្ពុជាទេ រហូតដល់ឆ្នាំ១៩៩០ ទើបពួកគេចូលរួម។

សម្តេចបន្តថា ការចរចានេះជាការបើកផ្លូវធំ បើភាគីកម្ពុជាមិននិយាយគ្នា ក៏មិនអាចធ្វើអ្វីកើតដែរ ដូចជាក្របខណ្ឌការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ នេះវាស្ថិតនៅក្នុងផ្នែកដ៏សំខាន់មួយក្នុងការរៀបចំឲ្យកើតឡើងជាកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះឯង មិនមែនភាគីក្រៅជាអ្នករៀបចំទេ អានេះខ្មែរជាអ្នករៀបចំ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម