ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសារអបអរសាទរដល់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលត្រូវបានជាប់ឆ្នោតសារជាថ្មី ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន(CPC) នៅក្នុងសមាជជាតិរបស់គណបក្សកុម្មុយនីស្តចិន លើកទី២០ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមគណបក្សប្រជាជនកម្ពុជា (CPP) ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះឯកឧត្តម ។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ អបអរសាទរដល់ថ្នាក់ដឹកនាំ និងសមាជិក CPC ទាំងអស់ ចំពោះការបិទបញ្ចប់ដោយជោគជ័យ នៃ សមាជជាតិលើកទី២០ នៃគណបក្សកុម្មុយនីស្តចិន ដែលនឹងផ្ដល់កម្លាំងថ្មី ដល់ការកសាងប្រទេសចិន ក្លាយជាប្រទេសសង្គមនិយមទំនើប។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាព និងឈ្លាសវៃរបស់ លោក ស៊ី ជិនពីង ពិភពលោកបានសាទរចំពោះជោគជ័យដ៏ធំធេងរបស់ចិន លើការកាត់បន្ថយភាពក្រីក្រ នវានុវត្តន៍បច្ចេកវិទ្យា វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងការកសាងសង្គមនិយមតាមលក្ខណ:ពិសេសរបស់ចិន។ សមិទ្ធផលជាប្រវត្តិសាស្ត្រ បានផ្ដល់ផលប្រយោជន៍ មិនត្រឹមតែដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ដល់ពិភពលោកទាំងមូលផងដែរ។
សម្តេចជឿជាក់ថា ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ និងកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់ លោកប្រធានាធិបតី ស៊ី ជិនពីង ប្រទេសចិន នឹងទទួលបានជោគជ័យធំធេងបន្ថែមទៀត ព្រមទាំងសម្រេចបាននូវគោលដៅ ១០០ឆ្នាំ លើកទី ២ ក៏ដូចជាសម្រេចជោគជ័យលើគោលនយោបាយ និងគោលដៅដែលដាក់ចេញដោយសមាជ ជាតិរបស់បក្សកុម្មុយនីស្តចិន លើកទី ២០ ។
ចំពោះទំនាក់ទំនងទ្វេភាគី កម្ពុជា និងចិនវិញ ត្រូវបានសម្តេចបញ្ជាក់ថា មានទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ ដែលរីកចម្រើនជាលំដាប់ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធគ្រប់ជ្រុងជ្រោយ ដោយសារមិត្តភាពប្រពៃណី និងទំនាក់ទំនងដ៏ ស្និទ្ធស្នាលរបស់ CPP និង CPC៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី






