Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ចធុរកិច្ចនៅ​អេមីរ៉ាតអារ៉ាប់រួម ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ

ភ្នំពេញោ៖ គណៈប្រតិភូកម្ពុជា បានទៅបំពេញទស្សនកិច្ចធុរកិច្ចនៅ អាប៊ូដាប៊ី អេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ដើម្បីចូលរួមពិធីប្រកាសបើកការចចារជាផ្លូវការ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងស្ថាប័ន ពាក់ព័ន្ធ និងវិស័យឯកជនប្រទេសទាំងពីរ។

ក្នុងឱកាសដំណើរទស្សនកិច្ចធុរកិច្ចនេះ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម និងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម រៀបចំវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័ននៃប្រទេសទាំងពីរ និងក្រុមហ៊ុនសរុបជាង ៧០ ក្រុមហ៊ុន។

អ្នកឧកញ៉ា គិត ម៉េង ដែលដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្ម និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា នឹងថ្លែងសុន្ទរកថាក្នុងវេទិកានេះ ដោយលើកយកកាលានុវត្តភាពធុរកិច្ចវិនិយោគ ស្ថានភាពសេដ្ឋកិច្ច និងវិស័យសក្តានុពលរបស់កម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យឌីជីថល សហគ្រាសធុនតូច និងមធ្យម និងពិនិត្យលទ្ធភាពសហការលើគម្រោងរួម រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។ 

គួរបញ្ជាក់ថា វេទិកាធុរកិច្ចនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីពិធីប្រកាសបើកការចចារជាផ្លូវការ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កម្ពុជា និងលោកបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រីពាណិជ្ជកម្មក្រៅប្រទេស អេមីរ៉ាតអារ៉ាប់រួម៕

×