រដ្ឋធានីកៀវ៖ ស្របពេលកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែបង្កើនការវាយរំដោះទឹកដីរបស់ពួកគេ នៅតំបន់ភាគខាងត្បូង និង ភាគខាងកើត ប្រទេសនោះ ក្រុមមន្រ្ដីនៅក្នុងតំបន់កាន់កាប់ ដោយកម្លាំងទាហានរុស្ស៊ី បានជំរុញឲ្យប្រជាជន នៅក្នុងតំបន់ឃើរសុន (Kherson) ត្រូវចាកចេញជាបន្ទាន់។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៣ ខែតុលា ថា អាជ្ញាធរ គាំទ្រ ដោយរុស្ស៉ី ដែលបានគ្រប់គ្រង នៅក្នុងតំបន់ឃើរសុន ស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន បានជំរុញឲ្យប្រជាជន ចាកចេញជាបន្ទាន់ ខណៈពួកគេរំពឹងទុកថា កងទ័ពអ៊ុយក្រែន នឹងវាយលុក មកកាន់តំបន់នេះយ៉ាងលឿន។
ការប្រកាសរបស់អាជ្ញាធរ គាំទ្រដោយរុស្ស៊ី បានកើតឡើង ចំពេលលោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី បានអះអាង ថា រុស្ស៉ីបានបា.ញ់ផ្លោងគ្រាប់រ៉ុក្កែត ចំនួន៣៦គ្រាប់ មកលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន បណ្ដាលឱ្យដាច់ចរន្តអគ្គិសនី នៅទូទាំងប្រទេស កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍មុននេះ។
អាជ្ញាធរគាំទ្រដោយក្រុងមូស្គូ បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ថា «ដោយសារស្ថានការណ៍ នៅលើសមរភូមិ កំពុងតែប្រឈមមុខនឹងភាពតានតឹងខ្លាំងឡើង ហើយការបា.ញ់ផ្លោងមកលើទីក្រុង កំពុងតែកើនខ្លាំង ធ្វើឲ្យការគំ.រាមកំ.ហែង ពីការវា.យប្រ.ហារភេរ.វកម្ម លើជនស៊ីវិល កាន់តែធ្ងន់ធ្ងរទៅ។ ដូច្នេះ អាជ្ញាធរ ត្រូវតែជំរុញឲ្យពលរដ្ឋចាកចេញពីទីក្រុងនេះ ជាបន្ទាន់ ដោយត្រូវឆ្លងទៅច្រាំងខាងឆ្វេង នៃទន្លេឌីនីប្រូ»។
ក្រោយពេលមានការប្រកាសបែបនេះ រុស្ស៉ី បានជម្លៀស ប្រជាជនចេញពីតំបន់ឃើរសុន ជាបន្តបន្ទាប់ ប្រមាណ ២៥ ០០០នាក់ បានឆ្លងទន្លេ Dnieper កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុននេះ ៕ រក្សាសិទ្ធិដោយ ៖ សារាយSN


















