ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានអះអាងថា ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ប្រាក់រៀលខ្មែរ ចរាចរណ៍បានកើនឡើង១៦% ប្រាក់បញ្ញើ ជារៀលកើន ២៩% និងឥណទានជារៀលកើន ៣៨% ជាមធ្យមក្នុង១ឆ្នាំ។

ក្នុងឱកាសពិធីផ្សព្វផ្សាយ«ស្ដីពីប្រាក់រៀល ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជានៅខេត្តកំពង់ចាម លោកជំទាវបណ្ឌិត ជា សិរី ឧបការី ទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា ធ្លាប់បានប្រើប្រាស់ប្រាក់កាសតាំងពីសម័យនគរភ្នំមកម្ល៉េះ ដែលនាពេលនោះមានប្រភពមកពីតំបន់ផ្សេងៗ តាមរយៈការធ្វើពាណិជ្ជកម្មជាមួយបរទេស និងបានប្រើប្រាស់ជាបន្តបន្ទាប់ក្នុង សម័យលកាល ក្នុងរូបភាពផ្សេងៗ ជាបនន្តបន្ទាប់។

បើយោងតាមទិន្នន័យអង្កេត សម្រាប់ខេត្តកំពង់ចាម ប្រជាពលរដ្ឋចំនួន ៧៩% បានប្រើប្រាស់លុយរៀលភាគច្រើន (លើសពី ៨០%) នៅក្នុង ចំណាយប្រចាំថ្ងៃរបស់ខ្លួន។ លោកជំទាវ បានថ្លែងការកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះការរួមចំណែករបស់ប្រជាជននៅខេត្តកំពង់ចាមទាំងអស់ ដែលបានចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

គួរបញ្ជាក់ថា លោកជំទាវ ជា សិរី បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ ប្រជាជនទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានបន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលក្នុងប្រតិបត្តិការរបស់ខ្លួន ដូចជា តាមរយៈការទូទាត់ ការបិទស្លាកតម្លៃទំនិញ និងការសន្សំជាប្រាក់រៀលព្រមទាំងផ្តល់លក្ខខណ្ឌអនុគ្រោះឱ្យបានកាន់តែច្រើនចំពោះការប្រើប្រាស់ប្រាក់រៀលរបស់ជាតិយើងទាំងអស់គ្នា៕


