ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន រំលឹកពីសន្តិភាពនៅកមកពុជា អរគុណដល់អន្តរជាតិចូលរួមជួយខ្នះខ្នែង ប៉ុន្តែបិទបញ្ចប់ដោយភាគីខ្មែរ

បន្ទាយមានជ័យ ៖ ក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋជាង ៥ពាន់គ្រួសារ និងចែកពូជស្រូវជាង ៥០០តោន នាថ្ងៃទី២៣ ខែតុលាឆ្នាំ២០២២ នៅខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដល់អន្តរជាតិ ដែលបានជួយសម្របសម្រួលនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ នាំឲ្យមានបទឈប់បាញ់ ការបង្រួបបង្រួមជាតិ រៀបចំរដ្ឋាភិបាលចម្រុះក្មុងទម្រង់លទ្ធិប្រជាធិបតេយ្យ សេរីនិយម ពហុបក្ស បង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាលើកទី២ឡើងវិញ ហើយប្រជាពលរដ្ឋ និងសង្គមជាតិ ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា សន្តិភាពទីក្រុងប៉ារីស ត្រូវបានទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ភាគីកម្ពុជា, ប៉ុន្តែទោះជាយ៉ាងណា បើភាគីខ្មែរមិនស្រុះស្រួលគ្នាទេ មិនមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះឡើយ, អ្វីដែលជាពិសេស នាំមុខនោះ គឺជួបគ្នាដំបូងរវាង សម្តេចព្រះ នរោត្តម សីហនុ និងរូបសម្តេចផ្ទាល់ នៅហ្វ៊ែរអង់តាដឺន័រ ប្រទេសបារាំង។

សម្ដេចតេជោ មានប្រសាសន៍ថា ថ្ងៃនេះ ខ្ញុំសូមនិយាយបន្តិចជាមួយកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស, ខ្ញុំក៏មិនចង់ចូលជ្រៅអីដែរទេ, ខ្ញុំក៏សូមយកឱកាសនេះ អរគុណចំពោះបណ្តាប្រទេសនានា រាប់ទាំងអង្គការសហប្រជាជាតិ ដែលបានរួមចំណែកដោះស្រាយជាមួយយើង ដើម្បីបង្កើតឲ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ជាពិសេស រំលឹកដល់ព្រះកុរណា ព្រះបិតា របស់យើង, ការចាប់ផ្តើមចរចា ដែលគេនិយមហៅថា កិច្ចចរចា សីហនុ-ហ៊ុនសែន គឺនៅហ្វ៊ែរអង់តាដឺណ័រ ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ជាការចាប់ផ្តើមមួយដែលសំខាន់ ដើម្បីបើកផ្លូវឲ្យឆ្ពោះទៅរកការផ្សះផ្សាជាតិ និងឈានទៅមានជំនួបបន្តទៀត, នេះជាបញ្ហាធំណាស់ គ្មានបរទេសណា ដែលអាចធ្វើជំនួសខ្មែរបានទេ។

ការចរចាចេះតែរីកចម្រើនបន្តិចម្តងៗ រហូតដល់មានការប្រជុំក្រៅផ្លូវការ ចាការតា លើកទី១ លើកទី២ បន្តបន្ទាប់ទៅមានសន្និសីទទីក្រុងប៉ារីស ឆ្នាំ១៩៨៩, ពេលនោះ ប្រទេសធំតាំង៥ ដែលជាសមាជិកអិចន្ត្រៃយ៍អង្គការសហប្រជាជាតិ មិនទាន់ចូលអន្តរាគមន៍ទេ, រហូតឆ្នាំ១៩៩០ ទើបប្រទេសទាំង៥ចូលរួម បង្កើតឡើងដោយយកក្របខ័ណ្ឌនៃការស្រុះស្រួលគ្នារបស់ភាគីកម្ពុជាធ្វើជាគោល បូកទៅនឹងគំនិតផ្តួចផ្តើមទាំងឡាយដែលប្រទេសធំៗត្រូវធានា ទើបវិវឌ្ឍន៍ទៅមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ថា អ្វីដែលកម្ពុជាចង់បានពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះ គឺការបញ្ចប់ភ្លើងសង្គ្រាម តែអង្គការសហប្រជាជាតិជួយមិនបាន, អង្គការសហប្រជាជាតិ បានចំណាយថវិកាជាង ២ពាន់លានដុល្លារ តែចេញទៅវិញទុកឱ្យខ្មែរនៅតែបែកបាក់ច្រើនបក្ខច្រើនពួក ជាពិសេសខ្មែរក្រហម នៅតែបន្តប្រឆាំងនឹងរាជរដ្ឋាភិបាល ប្រទេសមួយមានតំបន់ត្រួតត្រា ៣ ទៅ ៤ ដដែល, តែការបែកបាក់នេះ ត្រូវបានបង្រួបបង្រួមទាំងស្រុងតាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេច ដែលបានដាក់ចេញនៅឆ្នាំ១៩៩៦ ហើយទទួលជោគជ័យពេញលេញ ហើយសង្គ្រាមស៊ីវិលត្រូវបានបិទបញ្ចប់ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ លើទឹកដីប៉ៃលិន ម៉ាឡៃ សំឡូត និងអន្លង់វែង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម