Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្ម រយៈពេល ៩ខែ ឆ្នាំ២០២២នេះ ៤១ពាន់លានដុល្លារ

ភ្នំពេញ៖ តាមការឲ្យដឹងពីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្ម ក្នុងរយៈពេល ៩ខែឆ្នាំ២០២២នេះ ជាង ៤១ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨% ក្នុងនោះ ការនាំចេញមានចំនួន ១៧,២៥ពាន់លានដុល្លារអាម៉េរិក កើនឡើង ២២% និងការនាំចូល ២៣,៧៦ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៥%។

ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា តាមរយៈការអនុវត្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មជាមួយនឹងបទដ្ឋានការងារ បានប្រែក្លាយកេរ្តិ៍ឈ្មោះរបស់កម្ពុជាទៅជាប្រទេសឈានមុខគេ ក្នុងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ និងបានធ្វើអោយកម្ពុជាក្លាយជាប្រទេសគំរូ សម្រាប់ប្រទេសមួយចំនួន យកធ្វើជាបទពិសោធន៍ សម្រាប់យកទៅអនុវត្ត និងរៀនសូត្រតាម។

ឯកឧត្តម បានបន្តថា ការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ ក៏បានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗ ក្នុងការដាក់បន្ថែមការបញ្ជាទិញផលិតផលសំខាន់ៗ រួមមាន វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ និងកាបូប នៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើនឡើងៗ។

លើសពីនេះ កម្ពុជានឹងសិក្សាដាក់បញ្ចូលនូវវិស័យផលិតផលិតផលស្បែកជើង គ្រឿងអេឡិចត្រូនិក និងវិស័យ ដែលមានសក្តានុពលក្នុងការនាំចេញផ្សេងៗទៀត ចូលក្នុងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ដើម្បីជាយន្នការក្នុងការជំរុញឱ្យមានការបញ្ជារទិញទំនិញពីកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត។

គួរបញ្ជាក់ថា មុខទំនិញសំខាន់ៗ ក្នុងការនាំចេញ រួមមាន សម្លៀកបំពាក់ ៧១៧៥លានដុល្លារអាម៉េរិក កើនឡើង ២៣%, សម្ភារៈធ្វើដំណើរ និងកាបូប ១៤១០លានដុល្លារអាម៉េរិក កើនឡើង ៣៥%, ស្បែកជើង ១៣២៥លានដុល្លារអាម៉េរិក កើនឡើង ៣៣%, ម៉ាស៊ីនបរិធាន និងសម្ភារៈអគ្គិសនី ១២៨០លានដុល្លារអាម៉េរិក កើនឡើង ៦៩%, គ្រឿងសង្ហារឹមនិងបរិធានបំភ្លឺ ៨២៧លានដុល្លារអាម៉េរិក កើនឡើង ១៥% និងកង់ ៧០០លានដុល្លារអាម៉េរិក កើនឡើង ៤៨%៕

×