ជើងយន្តហោះដំបូងដែលដឹកជញ្ជូនមធ្យោបាយសម្ភារៈបរិក្ខារសម្រាប់បម្រើឲ្យប្រធានាធិបតីអាមេរិក នៅសន្និសីទកំពូលជាមួយកូរ៉េខាងជើង បានមកដល់សិង្ហបុរីហើយ ។
យន្តហោះ C-17 Globemaster III ដឹករថយន្ត និងបរិក្ខារបម្រើឲ្យប្រធានាធិបតីអាមេរិក។
យន្តហោះដឹកជញ្ជូន C-17 ដែលផ្ទុកឧទ្ធម្ភាចក្រ រថយន្ត និងសម្ភារៈផ្សេងៗទៀត នៅថ្ងៃទី ៧ ខែមិថុនា បានទៅដល់មូលដ្ឋានទ័ពអាកាស Paya Lebar សិង្ហបុរី ដើម្បីត្រៀមបម្រើដល់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ក្នុងជំនួបជាមួយមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ។
តាម Aviations Militaires, C-17 Globemaster III គឺជាយន្តហោះដឹកជញ្ជូនយោធាធុនធ្ងន់ ផលិតដោយក្រុមហ៊ុន McDonnell Douglas សម្រាប់បម្រើដល់ការដឹកជញ្ជូនអាវុធ សម្ភារៈបរិក្ខារ ក៏ដូចជាប្រតិបត្តិការជម្លៀសពេលមានអាសន្ន និងភារៈកិច្ចពិសេសដទៃទៀត ។
យន្តហោះនេះ មានបណ្តោយប្រវែង ៥៣ម៉ែត្រ ហើយនិងសមត្ថភាពផ្ទុកទំនិញបាន ៧៨តោន ឬកងកុម្ម៉ង់ដូរ ១០២នាក់ ៕ សូយន