Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការពារជាតិរ៉ូម៉ានី ធ្លាប់លើកទឹកចិត្តឱ្យអ៊ុយក្រែន ចរចាបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ពេលនេះបានលាលេងចេញពីតំណែង ដោយសារសម្ពាធ

រ៉ូម៉ានី ៖ ដោយសារទស្សនៈខ្វែងគ្នាជាមួយប្រធានាធិបតីរ៉ូម៉ានី ដែលជាអគ្គមេបញ្ជាការលើផ្ទៃប្រទេសនោះ ក្នុងរឿងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន រដ្ឋមន្រ្តីការពារជាតិរូម៉ានី លោក វ៉ាស៉ីល ឌីនឃូ (Vasile Dincu) បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃចន្ទ សប្ដាហ៍នេះ ក្រោយរងសម្ពាធដោយសារតែកាលពីប៉ុន្មានសប្តាហ៍កន្លងទៅ លោកបានលើកឡើងថា ឱកាសតែមួយគត់របស់អ៊ុយក្រែន ដើម្បីអាចបញ្ចប់សង្រ្គាមបាន គឺមានតែចរចាគ្នាជាមួយរុស្ស៉ីប៉ុណ្ណោះ។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថា លោក វ៉ាស៉ីល ឌីនឃូ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការលាលែងពីតំណែងរបស់ខ្ញុំ គឺកើតឡើងស្របពេលដែលវាជារឿងមិនអាចទៅរួចក្នុងការសហការគ្នាតទៅទៀតជាមួយ លោកប្រធានាធិបតី លោក ខ្លោស អ៉ីអូហាននីស (Klaus Iohannis) ដែលមានឋានៈជាអគ្គមេបញ្ជាការកងទ័ពរ៉ូម៉ានី។ នេះជាការយល់ឃើញខ្វែងទស្សនៈគ្នាមួយ ខ្ញុំយល់ថា ការចាកចេញរបស់ខ្ញុំ គឺចាំបាច់ដើម្បីកុំឱ្យប៉ះពាល់ដល់ការសម្រេចចិត្តឬកម្មវិធីណាមួយ ដែលតម្រូវឱ្យមានការសហការគ្នាដោយរលូន រវាងលោកប្រធានាធិបតី រូបខ្ញុំ និងសហភាពអឺរ៉ុប។

សូមរំលឹកថា កាលពីដើមខែតុលានេះ លោកប្រមុខការពារជាតិរូម៉ានី បានលើកឡើងថា អ៊ុយក្រែនត្រូវការសម្ព័ន្ធមិត្តអន្តរជាតិ ដើម្បីចរចា ការធានាសន្តិសុខ និងសន្តិភាពជាមួយរុស្ស៉ី ហើយវាជាជម្រើសតែមួយគត់ គឺត្រូវចរចាជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាម ខណៈការលើកឡើងនោះ បានទទួលរងការរិះគន់ខ្លាំងៗពីប្រធានាធិបតីរូម៉ានី លោក ខ្លោស អ៉ីអូហាននីស (Klaus Iohannis)។

លោក ខ្លោស អ៉ីអូហាននីស បាននិយាយថា ប្រជាជនអ៊ុយក្រែនកំពុងលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៉ី ហើយមានតែ ពួកគេខ្លួនឯងទេ ទើបអាចសម្រេចថា គួរចរចាបែបណា និងនៅពេលណា ខណៈវាក៏ជាជំហរប្រកាន់ខ្ជាប់ដោយរូម៉ានី និងសហភាពអឺរ៉ុបផងដែរ។

ចំណែក រដ្ឋមន្រ្តីការពារជាតិរូម៉ានី លោក វ៉ាស៉ីល ឌីនឃូ បានលើកឡើងថា ការយល់ឃើញរបស់ខ្ញុំជំរុញឲ្យអ៊ុយក្រែនចរចាជាមួយរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាមមនុស្សនោះ គឺជាការលើកទឹកចិត្តឲ្យពួកគេចូលតុចរចា បង្កើនវប្បធម៌សន្ទនា ជាជាងការប្រឆាំងគ្នា បាញ់ស្រោចដោយកាំភ្លើងធំ មីស៊ីល ដ្រូន និងរុក្កែត ផ្សេងៗទៀត, ពោលគឺ ដើម្បីសន្តិសុខតំបន់ និងពិភពលោកផងដែរ ប៉ុន្តែប្រសិនបើមានការប៉ះពាល់អារម្មណ៍សហភាពអឺរ៉ុប ហើយដាក់សម្ពាធមកលើប្រទេសខ្ញុំបែបនេះទៀតនោះ ខ្ញុំគប្បីត្រូវលាលែងចេញពីតំណែង កុំឱ្យរាំងស្ទះដល់គម្រោងផ្សេងៗ ដែលមានភាពចាំបាច់បំផុត សម្រាប់ក្រសួងការពារជាតិ ក៏ដូចជាសម្រាប់កងទ័ពរបស់រ៉ូម៉ានី៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×