រាជធានីឡុងដ៍៖ រហូតមកដល់ដល់ពេលនេះ ចក្រភពអង់គ្លេស បានរកឃើញនាយករដ្ឋមន្រ្ដី ចូលខ្លួលមកដឹកនាំប្រទេសបន្ដ ពីលោកស្រី លីស ត្រាស់ ហើយបុរសរូបនេះ ក៏ជាជនជាតិឥណ្ឌាលើកដំបូងបំផុត នៅក្នុងប្រវត្ដិសាស្រ្ដ បានកាន់កាប់តំណែងកំពូល នៅក្នុងប្រទេសមហាអំណាចលោកខាងលិចមួយនេះ ហើយថែមទាំងមានឪពុកក្មេក ក៏ជាមហាសេដ្ឋីឥណ្ឌាផងដែរ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៤ ខែតុលា ថា លោក រីស៊ី ស៊ូណាក់ (Rishi Sunak) អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ (វេលាក្នុងតំបន់) បានក្លាយជានាយករដ្ឋមន្រ្ដី នៃប្រទេសមហាអំណាចបស្ចិមលោកមួយនេះ ក្រោយពេលបេក្ខជនផ្សេងៗទៀត នៅក្នុងគណបក្សអភិរក្សនិយមរបស់គាត់ បានបោះបង់ចោលការប្រកួតប្រជែង សម្រាប់តំណែងមេបក្សមួយនេះ ខណៈប្រទេសកំពុងបែកបាក់គ្នាយ៉ាងខ្លាំង បង្កឡើងដោយសារតែវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត មិនធ្លាប់មានពីមុនមក។
លោក Rishi Sunak នឹងចូលគាល់ព្រះមហាក្សត្រ ចក្រភពអង់គ្លេស ឆាលស៍ (Charles) នៅក្នុងព្រះបរមរាជវាំងបាក់ឃីងហាម (Buckingham Palace) នាព្រឹក ថ្ងៃអង្គារ មុននឹងឡើងកាន់តំណែង ជានាយករដ្ឋមន្រ្ដី។ ចំណែករដ្ឋាភិបាលរបស់គាត់ ក៏នឹងត្រូវបានប្រកាស នៅថ្ងៃអង្គារនេះ ដែរ ក្រោយពេលគាត់ធ្វើដំណើរ ទៅចូលគាល់ព្រះមហាក្សត្រ Charles ។
ស្របគ្នានេះដែរ លោកស្រី លីស ត្រាស់ (Liz Truss) ក៏នឹងធ្វើជាអធិបតី នៅក្នុងកិច្ចប្រជុំចុងក្រោយ នៃគណៈរដ្ឋមន្រ្ដីរបស់លោកស្រី នៅវេលាម៉ោង៩ព្រឹក ថ្ងៃអង្គារ (វេលានៅក្នុងតំបន់) រួចហើយលោកស្រី នឹងថ្លែងសុន្ទរកថា នៅខាងក្រៅវិមានរដ្ឋាភិបាល Downing Street ។ បន្ទាប់មក លោកស្រី លីស ត្រាស់ នឹងអញ្ជើញទៅកាន់ព្រះបរមរាជវាំងបាក់ឃីងហាម (Buckingham Palace) ដើម្បីធ្វើសវនាការជាមួយនឹងព្រះមហាក្សត្រ ផងដែរ។
លោក រីស៊ី ស៊ូណាក់ (Rishi Sunak) ជាអ្នកនយោបាយរបស់អង់គ្លេស ដើមកំណើតឥណ្ឌា។ គាត់ កើតនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៨០ នៅក្នុងទីក្រុងសាវហាមតុន (Southampton) ចក្រភពអង់គ្លេស។ រីឯឪពុកម្ដាយរបស់គាត់ ជាជនជាតិឥណ្ឌា មានដើមកំណើត នៅក្នុងតំបន់ពូចាប៊ី (Pujabi) ប្រទេសឥណ្ឌា ហើយពួកគេ បានធ្វើចំណាកស្រុក ឆ្លងកាត់ពីតំបន់អាហ្វ្រិកខាងកើត ចូលមកកាន់ទឹកដីចក្រភពអង់គ្លេស នាក្នុងទសវត្សរ៍ ១៩៦០។ គាត់ជាកូនប្រុសចម្បងនៅក្នុងចំណោមកូន៣នាក់ មកពីគ្រួសារជាជនអន្តោប្រវេសន៍ ដោយមានឪពុក ជាវេជ្ជបណ្ឌិត និងមានម្ដាយជាឱសថការី។
លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បានទទួលការសិក្សា នៅក្នុងមហាវិទ្យាល័យវីនឆែស្ទ័រ (Winchester) ហើយមានជំនាញផ្នែកទស្សនវិជ្ជា នយោបាយ និង សេដ្ឋកិច្ច (PPE) ពីមហាវិទ្យាល័យ លីនខូន (Lincoln), អក្សហ្វដ (Oxford) ហើយទទួលបានសញ្ញាបត្រ MBA ពីសាកលវិទ្យាល័យស្ដេនហ្វដ (Stanford) ស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ជាកន្លែងដែលគាត់បានជួបជាមួយនឹងអនាគតភរិយារបស់គាត់ គឺលោកស្រី អាកសាតា មឺធី (Akshata Murty) ជាកូនស្រីរបស់លោកមហាសេដ្ឋីឥណ្ឌា N. R. Narayana Murthy ជាស្ថាបនិកក្រុមហ៊ុន Infosys។
លោក រីស៊ី ស៊ូណាក់ (Rishi Sunak) និង ភរិយារបស់គាត់ Murty ក្លាយជាអ្នកមានលំដាប់ទី២២២ នៃប្រជាជនចក្រភពអង់គ្លេស។ នៅក្នុងឆ្នាំ២០២២នេះ ពួកគេ មានទ្រព្យសម្បត្ដិ រហូតដល់៧៣០លានផោន (លុយអង់គ្លេស) ឬស្មើនឹងប្រហែល ៨២៥លានដុល្លារសហរដ្ឋអាមេរិក។
លោក រីស៊ី ស៊ូណាក់ (Rishi Sunak) កាលពីថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ បានទទួលជ័យជម្នះ នៅក្នុងការប្រកួតប្រជែង កាន់កាប់តំណែងនាយករដ្ឋមន្ត្រីចក្រអង់គ្លេស ស្នងតំណែងបន្ដពីលោកស្រី លីស ត្រាស់ ទើបនឹងលាលែងចេញពីតំណែង កាលពីសប្ដាហ៍មុន។ ជ័យជម្ននេះ បានកើតឡើង ក្រោយពេលលោកស្រី ផែននី ម័រដោនត៍ (Penny Mordaunt) ជាគូប្រជែង បានប្រកាសដកខ្លួនចេញ។ លោក ស៊ូណាក់ នឹងក្លាយជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លើកដំបូងបំផុត មានដើមកំណើតពូជពង្សវង្សត្រកូល ចេញពីទ្វីអាស៊ី។
មុននឹងប្រឡូកចូលឆាកនយោបាយ លោក ស៊ូណាក់ ធ្លាប់បានធ្វើការជាច្រើនកន្លែង ផ្នែកធនាគារ និង ហិរញ្ញវត្ថុ។ គាត់ក៏ធ្លាប់ធ្វើជាអ្នកវិភាគមួយរូប នៅឯធនាគារ Goldman Sachs ផងដែរ។ លុះមកដល់ឆ្នាំ២០១៤ លោក ស៊ូណាក់ បានជាប់ឆ្នោតជាបេក្ខជន នៃគណបក្សអភិរក្សនិយប្រចាំតំបន់ Yorkshire និង នៅឆ្នាំ២០១៥ លោកបានជាប់ឆ្នោត ជាសមាជិកសភាអង់គ្លេស។
លោក ស៊ូណាក់ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ក្រោមរដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រី លោក បូរីស ចនសុន ហើយលោកបានកាន់តំណែងនេះ ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។ លោក ស៊ូណាក់ ធ្លាប់ចូលរួមប្រកួតប្រជែងតំណែងនាយករដ្ឋមន្ត្រី ស្នងតំណែងបន្ដពីលោក បូរីស ចនសុន ក្រោយពេលគាត់បានប្រកាសលាលែងពីតំណែង។ ប៉ុន្ដែគាត់បានចាញ់លោកស្រី លីស ត្រាស់ ដែលទើបនឹងប្រកាសលាលែងពីតំណែង កាលពីសប្ដាហ៍មុន ដោយសារតែវិបត្ដិសេដ្ឋកិច្ច និង នយោបាយយ៉ាងធ្ងន់ធ្ងរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN















