បង់ក្លាដែស ៖ បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គា ទី២៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ១៦នាក់បានស្លា.ប់ បន្ទាប់ពីព្យុះស៉ីត្រាង (Sitrang) បានបោកបក់មកលើប្រទេសបង់ក្លាដែស បង្ខំឲ្យមនុស្សរាប់លាននាក់ ជម្លៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេ ទៅរកកន្លែងសុវត្ថិភាព។
ក្រុមមន្រ្តីបង់ក្លាដែស និយាយថាព្យុះស៊ីត្រាង (Sitrang) បានបោកបក់ដល់ភាគខាងត្បូងប្រទេសបង់ក្លាដែស កាលពីល្ងាចថ្ងៃចន្ទសប្តាហ៍នេះ ប៉ុន្តែអាជ្ញាធរបានជម្លៀសមនុស្សប្រហែល១លាននាក់ ទៅកាន់ទីសុវត្ថិភាព មុនពេលអាកាសធាតុអាក្រក់នេះមកដល់។ រីឯជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល ៣៣,០០០នាក់ មកពីប្រទេសមីយ៉ាន់ម៉ា ត្រូវបានបញ្ជាកុំឱ្យចេញពីកន្លែងស្នាក់នៅ, ហើយពេលនេះ មៅមិនទាន់មានរបាយការណ៍អំពីការខូចខាតណាមួយ ដែលបង្កឡើងដោយព្យុះស៊ីត្រាងនេះនៅឡើយទេ។
គួរបញ្ជាក់ថា មុននេះបន្តិច ភ្លៀងបានធ្លាក់ខ្លាំងនៅទូទាំងប្រទេសបង់ក្លាដែស និងបង្កជាទឹកជំនន់នៅទីក្រុងដាកា (Dhaka), គុលណា (Khulna) និងបារីសាល់ (Barisal) ហើយបានធ្វើឱ្យមនុស្សប្រហែល១០លាននាក់ នៅក្នុងស្រុកចំនួន១៥ ដែលជាប់ឆ្នេរសមុទ្រ គឺគ្មានថាមពលប្រើប្រាស់ ខណៈសាលារៀនត្រូវបានបិទទ្វារនៅទូទាំងតំបន់ភាគខាងត្បូង និងភាគនិរតី។
លោកស្រី ចេប៊ុន ណាហា (Jebun Nahar) មន្ត្រីរដ្ឋាភិបាលបង់ក្លាដែស បានឱ្យដឹងថា គ្រោះធម្មជាតិដ៏អាក្រក់នេះ បណ្ដាលឱ្យមនុស្សចំនួនម១៤នាក់បានស្លា.ប់ ដែលភាគច្រើនត្រូវដើមឈើដួលរលំលើ ហើយ២នាក់ផ្សេងទៀតបានស្លាប់ ដោយសារលិចទូកនៅក្នុងទន្លេចាមូណា (Jamuna) ភាគខាងជើង។ រហូតមកដល់ពេលនេះ ក្រុមសង្គ្រោះនៅមិនទាន់ទទួលបានរបាយការណ៍នៃការខូចខាតសរុបនៅឡើយទេ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

















