អ៊ុយក្រែន ៖ ខឹងអ៉ីស្រាអែលមិនជួយចែករំលែក ឬឧបត្ថម្ភអាវុធដល់ខ្លួនប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានរិះគន់ចំពោះអព្យាក្រឹតភាពរបស់ប្រទេសអ៉ីស្រាអែល នៅក្នុងសង្រ្គាមអ៊ុយក្រែន ដោយនិយាយថាការសម្រេចចិត្តនៃមេដឹកនាំអ៉ីស្រាអែល ក្នុងការមិនគាំទ្រផ្តល់អាវុធដល់ទីក្រុងកៀវ ស្មើនឹងចាត់ទុក រុស្ស៊ី និងអ៉ីរ៉ង់ ជាសម្ព័ន្ធមិត្ត។
បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងសន្និសីទមួយដែលរៀបចំដោយកាសែត ហារ៉េតស៍ (Haaretz) របស់អ៉ីស្រាអែល កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងម្តងទៀតនូវសំណើដែលទីក្រុងកៀវ បានដាក់ទៅកាន់អ៉ីស្រាអែល ដើម្បីស្នើសុំប្រព័ន្ធប្រឆាំងមីស៊ីល អាយរ៉ូន ដូម (Iron Dome) មករារាំងការវាយប្រហាររបស់រុស្ស៊ី។ ប៉ុន្តែ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក បែននី ហ្គាន់ស៍ (Benny Gantz) បានប្រាប់រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក អូឡេកស៉ី រ៉េសនីកូវ (Oleksiy Reznikov) ថា អ៊ីស្រាអែល នឹងមិនផ្តល់ប្រព័ន្ធសព្វាវុធដល់អ៊ុយក្រែននោះទេ។
លោក ហ្សេលេនស្គី បាននិយាយបែបចំអកថា ការសម្រេចនេះ ” មិនរំខានដល់រុស្ស៊ី ” ក្នុងការវាយលុកអ៊ុយក្រែនដោយកម្លាំងយោធា និងការប្រើសព្វាវុធទំនើប ជាពិសេស គឺ មីស៊ីល, មួយវិញទៀត ជាការបង្ហាញឲ្យឃើញថា នេះគឺជា ភាពជាដៃគូរវាងទីក្រុងមូស្គូ និងទីក្រុងតេហេរ៉ង់, ហើយថា សម្ព័ន្ធភាពនេះហាក់បីដូចជាត្រូវបានអនុម័ត តាំងពីយូរណាស់មកហើយ គឺចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ ជាពេលដែលរុស្ស៊ីចាប់ផ្តើមការបំពានរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។
គេបានកត់សម្គាល់ឃើញថា ចាប់តាំងពីរុស្ស៊ីបើកការវាយលុកអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក អ៉ីស្រាអែលបានត្រឹមផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែនប៉ុណ្ណោះ ប៉ុន្តែបានបដិសេធមិនផ្តល់ឧបករណ៍យោធា នោះទេ ដោយសារខ្លាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយរុស្ស៊ី នាំឱ្យមានផលវិបាកទៅថ្ងៃក្រោយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









