(រ៉យទ័រ) – ក្រុមហ៊ុន Apple Inc បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងធ្វើការបណ្តាក់ទុនថ្មីៗ ដើម្បីបង្កើតគម្រោងថាមពលព្រះអាទិត្យ និងខ្យល់នៅអឺរ៉ុប ហើយបានអំពាវនាវឱ្យអ្នកផ្គត់ផ្គង់របស់ខ្លួនឱ្យធ្វើប្រតិបត្តិការកាត់បន្ថយការបំភាយឧស្ម័ន (decarbonize) ទាក់ទងនឹងការផលិតផលិតផល iPhone និងផលិតផលផ្សេងទៀត។

ក្រុមហ៊ុននៅឆ្នាំ 2020 បានសន្យាថានឹងកាត់បន្ថយការបំភាយកាបូនចេញពីអាជីវកម្មទាំងមូលរបស់ខ្លួន រួមទាំងផលិតផល និងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ធំទូលាយរបស់ខ្លួន ដែលលាតសន្ធឹងពីប្រទេសវៀតណាម ដល់ប្រទេសប្រេស៊ីលនៅឆ្នាំ 2030។ ក្រុមហ៊ុនផលិតទូរសព្ទ iPhone ឥឡូវនេះនឹងតម្រូវឱ្យដៃគូផ្គត់ផ្គង់របស់ខ្លួនរាយការណ៍អំពីវឌ្ឍនភាពលើគោលដៅអព្យាក្រឹតកាបូន ជាពិសេសការកាត់បន្ថយការបំភាយឧស្ម័ន Scope 1 និង Scope 2 ដែលទាក់ទងទៅនឹងការផលិតផលិតផល Apple ហើយនឹងធ្វើសវនកម្មដំណើរការរបស់ពួកគេជារៀងរាល់ឆ្នាំ។

អ្នកផ្គត់ផ្គង់ជាង 200 ដែលតំណាងឱ្យ 70 ភាគរយនៃការចំណាយលើការផលិតដោយផ្ទាល់របស់ Apple និងរួមទាំង Corning Inc, Nitto Denko Corp, SK Hynix Inc, STMicroelectronics, TSMC និង Yuto បានប្តេជ្ញាចិត្តប្រើប្រាស់ថាមពលស្អាតដូចជាខ្យល់ ឬពន្លឺព្រះអាទិត្យសម្រាប់ផលិតកម្ម Apple ទាំងអស់។

ក្រុមហ៊ុន Apple ធ្លាប់បានស្នើសុំអ្នកផ្គត់ផ្គង់ឱ្យប្តេជ្ញាចិត្តចំពោះថាមពលកកើតឡើងវិញ 100 ភាគរយសម្រាប់ផលិតកម្មរបស់ Apple ។ នាយកប្រតិបត្តិលោក Tim Cook បាននិយាយថា “យើងប្តេជ្ញាថានឹងក្លាយទៅជារលកនៅក្នុងស្រះដែលបង្កើតការផ្លាស់ប្តូរកាន់តែធំ” ។ ក្រុមហ៊ុន Apple មានអព្យាក្រឹតកាបូនសម្រាប់ប្រតិបត្តិការសាជីវកម្មសកលរបស់ខ្លួនចាប់តាំងពីឆ្នាំ 2020។

ក្រុមហ៊ុនចម្រុះជាតិសាសន៍ជាច្រើនកំពុងសម្លឹងមើលខ្សែសង្វាក់ផ្គត់ផ្គង់សកលកាន់តែខ្លាំងឡើង ដើម្បីកាត់បន្ថយហ្វួតព្រីនកាបូនរបស់ពួកគេ ខណៈដែលការប្រែប្រួលអាកាសធាតុក្លាយជាការយកចិត្តទុកដាក់កាន់តែធំសម្រាប់វិនិយោគិន និងនិយតករ។ ក្រុមហ៊ុន Apple បាននិយាយថា ការវិនិយោគនៅអ៊ឺរ៉ុបគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តដើម្បីដោះស្រាយប្រហែល 22 ភាគរយនៃកាបូនឌីអុកស៊ីតរបស់ខ្លួនដែលបានមកពីអតិថិជនអគ្គិសនីប្រើប្រាស់ដើម្បីសាកឧបករណ៍របស់ពួកគេ។ ក្រុមហ៊ុននេះបាននិយាយថា ជាមួយនឹង គម្រោងថ្មីនៅក្នុងទ្វីបអឺរ៉ុប ក្រុមហ៊ុននេះមានបំណងផ្តល់ថាមពលដល់ឧបករណ៍របស់ Apple ទាំងអស់នៅលើទ្វីបជាមួយនឹងអគ្គិសនីដែលមានកាបូនទាប។ សរុបមក ការវិនិយោគដែលបានគ្រោងទុកនឹងបន្ថែម 3,000 ជីហ្គាវ៉ាត់ម៉ោងក្នុងមួយឆ្នាំនៃថាមពលកកើតឡើងវិញថ្មីនៅលើបណ្តាញអគ្គិសនី៕ ប្រភព៖រ៉យទ័រ