រាជធានីឡុងដ៍៖ ក្រោយពេលក្លាយជានាយករដ្ឋមន្រ្ដីថ្មីរបស់ចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារ លោក រីស៊ី ស៊ូណាក់ (Rishi Sunak) នឹងត្រូវប្រឈមមុខជាមួយភារកិច្ចយ៉ាងធ្ងន់ធ្ងរធំបំផុត ដោយចាំបាច់ ត្រូវតែដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ច ដែលកំពុងកើនឡើង ការដោះស្រាយបញ្ហានៅក្នុងគណបក្សនយោបាយ និង ប្រទេសបែកបាក់គ្នាយ៉ាងខ្លាំង។
សារព័ត៌មាន 92 News បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៥ ខែតុលា ថា បុរសដើមកំណើតឥណ្ឌា វ័យ៤២ឆ្នាំ ជាអតីតរដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុ លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បានក្លាយជានាយករដ្ឋមន្រ្ដីទី៣របស់ចក្រភពអង់គ្លេស នៅក្នុងរយៈពេលមិនដល់២ខែផង ក្រោយពេលបែកបាក់ និង ជម្លោះ នៅឯ Westminster ដែលធ្វើឲ្យមានការភ័យខ្លាច ដល់វិនិយោគិន និង ប្រកាសអាសន្នដល់សម្ពន្ធមិត្តអន្ដរជាតិ។
អតីតរដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុ និង ជាអ្នកនយោបាយ មានទ្រព្យសម្បត្ដិស្ដុកស្ដម្ភមួយរូប នៅក្នុងរដ្ឋសភា ឥឡូវនេះ នឹងត្រូវស្វែងរកការកាត់បន្ថយការចំណាយយ៉ាងច្រើន សម្រាប់ទប់ទល់នឹងការចំណាយ ចំនួន៤០ពាន់លានផោន ឬស្មើនឹងប្រហែល ៤៥ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ ខណៈគោលជំហរ នៃគណបក្សរបស់គាត់ នៅក្នុងប្រទេសបានថយចុះ។
នាយករដ្ឋមន្រ្ដីថ្មីរបស់ចក្រភពអង់គ្លេស រូបនេះ កាលពីថ្ងៃចន្ទ បានព្រមាន ដល់សហសេវិកគណបក្សអភិរក្សនិយមរបស់គាត់ ថា គណបក្សនេះ ប្រឈមមុខនឹង «វិបត្តិអស្ថិរភាព» ប្រសិនបើគណបក្ស មិនជួយដឹកនាំប្រទេស តាមរយៈអ្វីដែលគាត់ បានពិពណ៌នា ថា វាជា បញ្ហាប្រឈមមុខនឹងវិបត្ដិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុត។
លោកនាយករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ ថា «ឥឡូវ យើងត្រូវការចាំបាច់នូវស្ថិរភាព និង ឯកភាព ហើយខ្ញុំនឹងធ្វើឱ្យវា ក្លាយជាអាទិភាពបំផុតរបស់ខ្ញុំ ដើម្បីដឹកនាំគណបក្ស និង ប្រទេសរបស់យើង ឲ្យរួបរួមគ្នា»។
លោក រីស៊ី ស៊ូណាក់ (Rishi Sunak) ជានាយករដ្ឋមន្រ្ដីវ័យក្មេងជាងគេបំផុត នៅក្នុងប្រវត្ដិសាស្រ្ដរបស់ចក្រភពអង់គ្លេស អស់រយៈពេលជាង២០០ឆ្នាំកន្លងមកនេះ។ គាត់ ក៏ជាជនជាតិអាស៊ីលើកទី១ បានក្លាយជាប្រមុខរដ្ឋាភិបាល នៃប្រទេសមហាអំណាចមួយនេះ ក្រោយពេលគាត់បានចូលមកស្នងតំណែង បន្ដការដឹកនាំ ពីលោកស្រី លីស ត្រាស់ (Liz Truss) ដែលបានប្រកាសលាលែងពីតំណែង កាលពីសប្ដាហ៍មុន បន្ទាប់ពីលោកស្រី បានកាន់តំណែង ត្រឹមតែរយៈពេល៤៤ថ្ងៃ ដែលហ៊ុមព័ទ្ធទៅ ដោយភាពវឹកវរ នៅក្នុងវិបត្ដិសេដ្ឋកិច្ច។
ជាមួយនឹងការចំណាយលើការប្រាក់បំណុលកើនឡើង និង ទស្សនវិស័យ សម្រាប់សេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺនឡើងនោះ លោក រីស៊ី ស៊ូណាក់ នឹងត្រូវពិនិត្យឡើងវិញនូវការចំណាយទាំងអស់ រួមទាំង ការចំណាយលើផ្នែក ដែលមានភាពរសើបលើផ្នែកនយោបាយ ដូចជា សុខភាព ការអប់រំ វិស័យការពារជាតិ សុខុមាលភាព និង ប្រាក់សោធននិវត្តន៍ ជាដើម។
ក្រោយពេលព្រះមហាក្សត្រ ឆាលស៍ បានតែងតាំង ជានាយករដ្ឋមន្រ្ដី នៅក្នុងព្រះបរមរាជវាំងបាក់ឃីងហាម (Buckingham Palace) រួចមក ភារកិច្ចដំបូងរបស់លោកនាយករដ្ឋមន្រ្ដី នឹងត្រូវជ្រើសរើសគណៈរដ្ឋមន្រ្ដីជាន់ខ្ពស់ ដែលតំណាងរាស្រ្ដគណបក្សអភិរក្សនិយមខ្លះ សង្ឃឹម ថា នឹងរាប់បញ្ចូល ទាំងអ្នកនយោបាយ មកពីគ្រប់គណបក្ស។ ក្រៅពីនេះ គេរំពឹង ថា លោកនាយករដ្ឋមន្រ្ដី នឹងរក្សាទុកលោក ជេរេមី ហាន់ត៍ (Jeremy Hunt) នៅកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ដដែល បន្ទាប់ពីអតីតរដ្ឋមន្ត្រីការបរទេស និង សុខាភិបាល រូបនេះ បានជួយធ្វើឱ្យទីផ្សារមូលបត្របំណុល មានភាពប្រែប្រួល ដោយសារការលុបចោលកម្មវិធីសេដ្ឋកិច្ចរបស់លោកស្រី Liz Truss មួយចំនួនធំ។
ជាមួយគ្នានេះ ក្រុមវិនិយោគិន ក៏នឹងចង់ដឹងដែរ ប្រសិនបើលោកនាយករដ្ឋមន្រ្ដី នឹងប្រកាន់ខ្ជាប់នូវផែនការបោះពុម្ពថវិកាថ្មី រួមនឹងអត្រាការខ្ចីប្រាក់ ហើយការព្យាករណ៍កំណើន នៅថ្ងៃទី៣១ ខែតុលា ដែលនឹងជួយផ្ដល់ដំណឹង ដល់ធនាគារអង់គ្លេស អំពីសកម្មភាពបន្ទាប់របស់ធនាគារអង់គ្លេស លើអត្រាការប្រាក់ នៅថ្ងៃទី៣ ខែវិច្ឆិកា ។
លោក Sunak ក៏ធ្លាប់ធ្វើអ្នកវិភាគឲ្យធនាគារវិនិយោគពហុជាតិសាសន៍របស់សហរដ្ឋអាមេរិក ឈ្មោះ Goldman Sachs ហើយគាត់ទើបតែចូលមកសភា នៅក្នុងឆ្នាំ២០១៥។ គាត់ក៏នឹងត្រូវការបង្រួបបង្រួមគណបក្សរបស់គាត់ផងដែរ ដោយដឹង ថា អ្នកបោះឆ្នោត មានការខឹងសម្បាកាន់តែខ្លាំង ចំពោះភាពស្រើបស្រាលរបស់អ្នកនយោបាយ នៅ Westminster ខណៈសេដ្ឋកិច្ច ឈានទៅរកវិបត្តិសេដ្ឋកិច្ច ដោយការកើនឡើងតម្លៃថាមពល និង ថ្លៃម្ហូបអាហារ។
លោក អានតូនី សែលដុន (Anthony Seldon) ជាអ្នកប្រវត្តិសាស្រ្ត និង ជាអ្នកនិពន្ធជីវប្រវត្ដិនយោបាយ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា លោក Sunak បានចូលខ្លួន មកទទួលមរតកសេដ្ឋកិច្ច និង នយោបាយដ៏លំបាកបំផុតរបស់មេដឹកនាំអង់គ្លេស ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ហើយនឹងត្រូវបានរំខាន ដោយកំហុសឆ្គងរបស់អ្នកកាន់តំណែងមុនរបស់គាត់៕ រក្សាសិទ្ធិដោយ ៖ សារាយSN
















