រដ្ឋធានីណៃពិដោរ៖ ការវាយប្រយុទ្ធគ្នា រវាងកម្លាំងទាហាន នៃរបបសឹកមីយ៉ាន់ម៉ា និង កងទ័ព ឧទ្ទាម នៅតាមរដ្ឋផ្សេងៗ នៃប្រទេសអាស៊ានមួយនេះ កំពុងតែបន្ដ ហើយសង្គ្រាមស៊ីវិលនេះ បាន និង កំពុងតែជំរុញឲ្យប្រជាជនភូមា រ៉ាប់ម៉ឺននាក់ ត្រូវបម្លាស់ទីលំនៅ ប៉ុន្ដែជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា (Rohingya) នៅតែរំពឹងទៅលើកងទ័ពអារ៉ាកាន់ (Arakan Army) ជាអ្នកសង្គ្រោះ នៅក្នុងការប្រយុទ្ធតទល់ជាមួយនឹងរបបយោធា នៅក្នុងប្រទេសនេះ។
សារព័ត៌មានភូមា The Irrawaddy បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៥ ខែតុលា ថា បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ការវាយប្រយុទ្ធគ្នាជាថ្មី រវាងកម្លាំងទាហានរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និង កងទ័ពអារ៉ាកាន់ (AA) នៅក្នុងរដ្ឋរ៉ាក់ឃីន (Rakhine) បានបណ្ដាលឲ្យមានការស្លាប់ដល់ជនស៊ីវិល។ ការវាយប្រយុទ្ធគ្នាយ៉ាងសាហាវនេះ បានកើតឡើង នៅក្នុងទីប្រជុំជនមោងដាវ (Maungdaw), ប៊ូធីដោង (Buthidaung) និង រ៉ាថេដោង (Rathedaung) ដែលស្គាល់ថា តំបន់ម៉ាយូ (Mayu) ស្ថិតនៅភាគខាងលិច រដ្ឋរ៉ាឃីន ហើយមានព្រំដែនជាប់គ្នាជាមួយនឹងទីប្រជុំជនប៉ាឡេតវ៉ា (Paletwa) ស្ថិតក្នុងរដ្ឋឈីន (Chin) ។
ការវាយប្រយុទ្ធគ្នានេះ បានធ្វើឲ្យអ្នកស្រុក ប្រហែលជាង ១០ ០០០នាក់ បានរត់ចោលផ្ទះសម្បែង។ ចំណែកជនស៊ីវិលជាច្រើននាក់ផ្សេងទៀត បានស្លាប់ ដោយសារពីការបាញ់ផ្លោង ពីទាហានរបស់របបសឹក។ អ្នកស្រុកជនជាតិភាគតិចរ៉ាក់ឃីន ភាគច្រើន បានក្លាយជាជនរងគ្រោះ ប៉ុន្ដែជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ក៏ត្រូវបានគេសម្លាប់ផងដែរ។
តំណាងសហគមន៍រ៉ូហ៊ីងយ៉ា នៅក្នុងទីប្រជុំជន Buthidaung បានបញ្ជាក់ ថា «ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា (Rohingya) ដែលចង់រស់នៅ ប្រកបដោយសុខសន្ដិភាព កំពុងតែក្លាយជាគោលដៅវាយប្រហារផងដែរ។ បើទោះរបបយោធាមីយ៉ាន់ម៉ា កំពុងតែប្រយុទ្ធជាមួយនឹងកងទ័ពអារ៉ាកាន់ (AA) ដែលជាចលនាតស៊ូប្រឆាំងនឹងរដ្ឋាភិបាលយ៉ាងណាក្ដី ក៏ពួកជនជាតិភាគរ៉ូហ៊ីងយ៉ា តែងតែជាក្លាយគោលដៅ ហើយចាប់តាំងពីការប្រយុទ្ធគ្នាជាថ្មី បានផ្ទុះឡើង យើងត្រូវបានគេរឹតបន្តឹងយ៉ាងខ្លាំង»។
អ្នកភូមិរ៉ូហ៊ីងយ៉ា នៅក្នុងទីប្រជុំជន Buthidaung បានអះអាង ថា ទាហានរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានដាក់សម្ពាធ មកលើអ្នកភូមិរ៉ូហ៊ីងយ៉ា ឲ្យគេចចេញពីកងទ័ពអារ៉ាកាន់ (AA)។ ពួកយោធា បានចាប់ខ្លួនអ្នកភូមិ ដោយការសង្ស័យ ថា មានទំនាក់ទំនងជាមួយក្រុមចលនាប្រដាប់អាវុធ ហើយថែមទាំងបានចាប់ពង្រត់អ្នកភូមិ ដើម្បីទារយកប្រាក់ទៅលោះ ថែមទៀតផង។
កាលពីពេលកន្លងទៅនេះ អ្នកភូមិស៊ីនថែលព្យីន (Sin Thel Pyin) ម្នាក់ បានបង់លុយ១លានខ្យាត (លុយភូមា) ឬស្មើនឹងប្រហែល ៤៧៧ដុល្លារសហរដ្ឋអាមេរិក ទៅឲ្យទាហាន នៃរបបសឹកមីយ៉ាន់ម៉ា ជាការសងសំណងដល់ពួកគេ ក្រោយពេលគោរបស់គាត់ ចំនួន២ក្បាល បានដើរជាន់មីនរបស់ពួកទាហានរដ្ឋាភិបាលមីយ៉ាន់ម៉ា។
អ្នកភូមិម្នាក់ សុំលក្ខខណ្ឌ មិនប្រាប់អត្ដសញ្ញាណ បានអះអាង ថា «នៅពេលយើងទៅយកគោរបស់យើង ដែលងាប់ត្រឡប់មកវិញ ពួកទាហានរបបសឹកមីយ៉ាន់ម៉ា មិនព្រមនោះឡើយ។ ពួកគេបានប្រាប់មកខ្ញុំ ថា ត្រូវបង់៥០ម៉ឺនខ្យាត ទើបឲ្យគោងាប់នោះ។ ប៉ុន្ដែនៅពេលពួកទាហានទាំងនោះ ដើរចាប់អ្នកស្រុក ទៅសួរចម្លើយ ពួកគេមិនដែលអនុញ្ញាតឲ្យអ្នកស្រុក ត្រឡប់មកវិញនោះដែរ រហូតដល់តែមានប្រាក់បង់ តាមការទាមទាររបស់ពួកគេ ទើបមានការដោះលែង ឲ្យវិលត្រឡប់មកផ្ទះវិញ។
រ៉ាឃីន (Rakhine) ជារដ្ឋដ៏ក្រីក្របំផុត នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយជាកន្លែងមិនមានការងារធ្វើច្រើននោះដែរ។ ស្របពេលវិបត្តិសេដ្ឋកិច្ច បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ចាប់តាំងពីក្រោយរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក យុវជនក្មេងៗ បានចាកចេញពីរដ្ឋរ៉ាឃីន ដែលហែកហួរ ដោយសារសង្រ្គាម ទៅស្វះស្វែងរកធ្វើការ នៅក្រៅប្រទេស។
ដោយឡែក ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ខ្វះខាតអត្ដសញ្ញាណប័ណ្ណ មិនអាចចាកចេញពីប្រទេស ដោយស្របច្បាប់បានឡើយ។ ដូច្នេះ ពួកគេ មានតែត្រូវលាក់ខ្លួន នៅក្នុងរថយន្ដឃ្លុប និង រថយន្ដកុងតឺន័រ ឬ ឆ្លងកាត់តាមសមុទ្រ តាមទូកដែលមានគ្នាច្រើន។ ការធ្វើចំណាកស្រុករបស់ពួកគេ ប្រឈមមុខនឹងការស្លាប់ និង ចាប់ខ្លួនច្រើនណាស់៕ រក្សាសិទ្ធិដោយ ៖ សារាយSN











