ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ចាត់ឱ្យ លោក ជា សុផារ៉ា រៀបចំកាត់ឆ្វៀលដីតំបន់២ -៣ ជូនប្រជាពលរដ្ឋឱ្យបានមុនចូលឆ្នាំខ្មែរ ប៉ុន្តែត្រូវតែរឹបអូសអ្នកមានអំណាចទន្ទ្រាន

កំពង់ឆ្នាំង ៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋជាង ៣ពាន់គ្រួសារ ដែលមកទទួលស្រូវពូជ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅកំពង់ឆ្នាំង ហើយខណៈដែលនិយាយពីសុខទុក្ខ ស្បៀងអាហារ គ្រោះទឹកជំនន់ ការដាំដុះ ផលវិបាកផ្សេងៗរបស់ប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ ឲ្យរៀបចំកាត់ឆ្វៀលដីតំបន់ ២ និងតំបន់ ៣ នៅបឹងទន្លេសាប ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានមុនចូលឆ្នាំខ្មែរ ក្នុងខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្លះបានរស់នៅក្នុងតំបន់ទន្លេសាប មិនមែនត្រឹមតែមួយជំនន់នោះទេ ពួកគាត់បានរស់នៅច្រើនជំនាន់ ចូលដល់ខ្ទង់រយឆ្នាំទៅហើយ ដូច្នេះ ទោះក្នុងតំបន់២ តំបន់៣ក្តី ត្រូវសម្រួលឲ្យពួកគាត់អាចរស់នៅទីនោះ ហើយតំបន់ ៣ខ្លះ អាចកាត់មកជាតំបន់២ ហើយតំបន់២ អាចកាត់ចូលតំបន់១ សម្រាប់ប្រជាពលរដ្ឋ, កុំឱ្យអ្នកខ្លះមួយជីវិត ឬពីជីវិត តកូនចៅទៅហើយ នៅមិនទាន់មានដីស្រែ ឬធ្វើស្រែលើដីរដ្ឋទៀត, កាត់ឆ្វៀលជូនគាត់។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលនោះ ខ្ញុំការសោកស្តាយ ដែលបានចុះហត្ថលេខា លើអនុក្រឹត្យនៅឆ្នាំ២០១២ ដោយមិនបានយកចិត្តទុកដាក់ លើការកែសម្រួលតំបន់៣ តំបន់២ និងតំបន់១ នៅបឹងទន្លេសាប។ ប៉ុន្តែពេលនេះ រាជរដ្ឋាភិបាល បានរកឃើញវិធីសាស្ត្រដើម្បីអាចឲ្យប្រជាពលរដ្ឋអាចរស់នៅបានផង និងអាចថែទាំបឹងទន្លេសាបបានផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នឹងធ្វើការងារនេះជាមួយបណ្តាខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ធ្វើម៉េច ធ្វើឲ្យហើយសម្រាប់ខ្ញុំ មុនចូលឆ្នាំខ្មែរ ដែលនៅសល់ប៉ុន្មានខែទៀត។ ខ្ញុំគិតថា អ្នកដែលលិចលង់ដោយទឹកជំនន់ មានមួយផ្នែកស្ថិតនៅក្នុងតំបន់ទន្លេសាប ហើយនេះជាសារមួយសម្រាប់ផ្ញើជូនទៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង ដែលនេះគឺជាការដោះស្រាយ ដើម្បីឲ្យប្រជាពលរដ្ឋយើងមានស្ថេរភាព នៅក្នុងការកសាងជីវភាពរស់នៅ។

ខ្ញុំបានមើលឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋរបស់យើងរស់នៅដោយមិនប្រាកដប្រជាថា តើអញត្រូវរស់នៅកន្លែងណាទៀត ឥឡូវថ្ងៃនេះ ខ្ញុំបញ្ជូនសារជាក់លាក់ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងទន្លេសាប ប៉ុន្តែខ្ញុំគ្រាន់តែសុំយកត្រឡប់មកវិញ នៅដីដែលទន្ទ្រានដោយអ្នកមានអំណាច ឬអ្នកខិលខូចទាំងឡាយ ដែលមិនមែនជាភូមិចាស់ប៉ុណ្ណោះ ហើយយើងត្រូវដាំកូនឈើឡើងវិញ ដើម្បីឲ្យត្រូវជាព្រៃលិចទឹក សម្រាប់ប្រជាពលរដ្ឋ, ហើយបងប្អូនប្រជាពលរដ្ឋ សូមកុំកាប់ព្រៃលិចទឹកក្នុងបឹងទន្លេសាប ត្រូវថែរក្សាព្រៃលិចទឹកនេះឲ្យបានល្អ ព្រោះវាជាជម្រកត្រីពងកូន ជាប្រយោជន៍របស់ប្រជាជនយើងទាំងអស់គ្នា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម