តាកែវ៖ នៅព្រឹកថ្ងៃទី ០៩ វិច្ឆិកា ២០១៧នេះ លោកឡាយ វណ្ណៈ អភិបាលខេត្តតាកែវ រួមជាមួយមន្ត្រីរាជការ គ្រប់ស្ថាប័ន មន្ទីរជុំវិញខេត្ត និងអ្គងភាព នគរបាល ទាហាន កងរាជអាវុធហត្ថ លោកគ្រូរអ្នកគ្រូ សិស្សានុសិស្សបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅដាក់កំរងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី វីរបុរសអ្នកស្នេហាជាតិដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនដែលបានធ្វើឡើងនៅវិមានឯករាជ្យក្នុងទិវាបុណ្យឯករាជ្យជាតិលើកទី៦៤ (៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០១៧)។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ឡាយ វណ្ណៈ បានថ្លែងនៅចំពោះមុខមហាជន មន្ត្រីរាជការទាំងអស់ថា នេះជា ការចងចាំជានិច្ចនូវឧបការគុណយុទ្ធជន យុទ្ធនារី បុព្វបុរសដែលបានបូជាជីវិតដើម្បីជាតិ និងប្រជារាស្ត្រ។ ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ក៏បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបិតាឯករាជ្យជាតិព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ចដើម្បីទាមទាឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជាឲ្យរួចចាកផុតពីអាណានិគមនិយមបារាំង។
ឆ្នាំ១៩៥៣ គឺជាឆ្នាំដែលប្រជាជាតិខ្មែរ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម ព្រះមហាវីរះក្សត្រព្រះបរមរតនៈកោដ្ឋទទួលបានជោគជ័យផ្តាច់ព្រាត់ធ្វើឲ្យប្រទេសបារាំងផ្ទេរអំណាច និងសមត្ថកិច្ចទាំងស្រុងមកជូនព្រះរាជាណាចក្រកម្ពុជាទាំងរដ្ឋបាលស៊ីវិល,តុលាការ,នគរបាល,ទាហ៊ាន,ការទូត,នយោបាយក្នុងប្រទេស និងក្រៅប្រទេសមកអោយខ្មែរវិញ។នៅថ្ងៃទី៩វិច្ឆិកា ឆ្នាំ១៩៥៣ គឺជាថ្ងៃដែលបារាំងបានប្រគល់ឯករាជ្យទាំងស្រុងមកឲ្យខ្មែរ រួចលាឈប់មកទៀតដោយមិនបានធ្វើឲ្យឈាមខ្មែរ និងឈាមបារាំងហូរនោះទេ៕ តាកែវ