រុស្ស៊ី ៖ ក្នុងតួនាទីជាប្រធានកិច្ចប្រជុំគណៈកម្មាធិការថ្មីមួយ កាលពីថ្ងៃអង្គារម្សិលមិញនេះ លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ដែលមើលទៅកំពុងប្រឈមនឹងការខាតបង់អាវុធនៅក្នុងសមរភូមិនៃសង្គ្រាមអ៊ុយក្រែននោះ បានជំរុញឲ្យមន្រ្តីថ្នាក់ក្រោមរបស់លោក បង្កើនលទ្ធភាពបំពាក់អាវុធ ផ្គត់ផ្គង់អាវុធ និងផលិតអាវុធឲ្យបានគ្រប់គ្រាន់ដល់កងទ័ពរុស្ស៉ី ដែលកំពុងធ្វើសង្រ្គាម។
បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថាបញ្ហាសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីដែលបានអូសបន្លាយរយៈពេល៨ខែមកនេះ មិនថាអ៊ុយក្រែនជាប្រទេសតូចតាចនោះទេដែលខ្វះខាតអាវុធ ឬខ្សត់ខ្សោយអាវុធធន់ធ្ងន់ សូម្បីតែរុស្ស៊ីជាមហាអំណាចយោធា និងជាប្រទេសអ្នកមានគ្រាន់បើដែរនោះ ក៏ត្រូវចាយវា.យ និងចំណាយអាវុធចេញពីឃ្លាំងអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ហើយពេលនេះកំពុងតែប្រឈមនឹងការខ្វះខាតដូចគ្នា, ដូច្នេះហើយ តម្រូវឲ្យ លោក ពូទីន បង្កើតរចនាសម្ព័ន្ធថ្មីមួយដើម្បីព្យាយាមដោះស្រាយបញ្ហានេះ។
លោក ពូទីន បានជំរុញឲ្យគណៈកម្មាធិការយោធារបស់លោក ពន្លឿនការផលិត និងចែកចាយសព្វាវុធ ទៅដល់កងទ័ពរុស្ស៊ី ធ្វើយ៉ាងណាឱ្យទទួលបានអត្ថប្រយោជន៍ខ្ពស់នៅគ្រប់វិស័យ ជាពិសេសអត្ថប្រយោជន៍នៃសង្គ្រាមនៅអ៊ុយក្រែន។
ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បានស៊ើបដឹង និងធ្វើការវិភាគថា អាវុធរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី ពេលនេះកំពុងតែខ្វះខាតកាន់តែខ្លាំងឡើងៗហើយ ឥឡូវនេះ រុស្ស៊ីទំនងជាងាកទៅពឹងផ្អែកលើការប្រើប្រាស់យន្តហោះដ្រូន ដើម្បីវាយលុកប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ខណៈគ្រាប់កាំភ្លើងធំរបស់រុស្សីក៏កាន់អស់ទៅៗផងដែរ។
បើតាមការស៊ើបរបស់សម្ព័ន្ធមិត្តលោកខាងលិច បានធ្វើសេចក្តីរាយការណ៍ថា ភាគច្រើនអ្នកដែលត្រូវបានកេណ្ឌ (កែន) ឲ្យទៅប្រយុទ្ធនៅអ៊ុយក្រែន ចំនួន ២២ម៉ឺន២ពាន់នាក់ ក្នុងចំណោមគោលដៅដំបូង ៣០ម៉ឺននាក់ គឺមិនទទួលបានឧបករណ៍ជាមូលដ្ឋានយោធាគ្រប់គ្រាន់ ដូចជា សម្ភារ:វេជ្ជសាស្ត្រ ឬអាវក្រោះការពារនោះទេ, (នេះគ្រាន់តែជាព័ត៌មានលេចធ្លាយចេញពីសម្ព័ន្ធមិត្តលោកខាងលិចតែប៉ុណ្ណោះ ចំណែកខាងរុស្ស៊ីយ៉ាងម៉េចយ៉ាងណានោះ វាទាល់តែរុស្ស៊ីខ្លួនឯងទើបដឹងច្បាស់)៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









