មីយ៉ាន់ម៉ា ៖ ស្ថានភាពនយោបាយ និងអំពើហិ.ង្សានៅមីយ៉ាន់ម៉ាកាន់តែឡើងកម្ដៅ បន្ទាប់ពីរដ្ឋាភិបាលយោធា បានបើកការវាយប្រហារទៅលើចលនាតស៊ូ ដែលត្រូវបានចោទថាជាឧទ្ទាមទៅវិញនោះ ពេលនេះ ត្រូវជំរុញឲ្យបណ្ដាប្រទេសអាស៊ានកោះប្រជុំជាបន្ទាន់ គឺ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពី មីយ៉ាន់ម៉ា បានចេញដំណើរទៅកាន់រដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៉ី នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ ដើម្បីដឹកនាំកិច្ចប្រជុំពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ស្ដីពីបញ្ហានៅមីយ៉ាន់ម៉ា។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំមួយកន្លែង ដែលធ្វើឡើងដោយក្រុមជនជាតិភាគតិច, ការវាយប្រហារនោះបានសម្លាប់មនុស្សប្រហែល ៥០នាក់ និងរបួស ៧០នាក់។
យោធាមីយ៉ាន់ម៉ា បានចេញមុខការពារការវា.យប្រហារតាមអាកាសរបស់ខ្លួន លើការប្រគំតន្ត្រីនេះថា រដ្ឋាភិបាលមីយ៉ាន់ម៉ា បានចាត់ទុកថា នេះជាការឆ្លើយតបដ៏ត្រឹមត្រូវ ចំពោះការវាយប្រហារនៅក្នុងតំបន់ ក្រោយពីក្រុមប្រឆាំងចោទប្រកាន់របបយោធាថា បានកំណត់គោលដៅលើជនស៉ីវិល និងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។
ក្នុងបរិការណ៍នេះ កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីថ្លែងការណ៍មួយ សង្កត់ថា អាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ, អាស៊ាន ជំរុញយ៉ាងខ្លាំងឲ្យមីយ៉ាន់ម៉ា មានការអត់ធ្មត់ជាអតិបរមា និងបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានានា។
ងាកមកកាន់កិច្ចប្រជុំបន្ទាន់ ស្ដីពី បញ្ហាមីយ៉ាន់ម៉ានៅប្រទេសឥណ្ឌូនេស៊ី វិញ គឺ កិច្ចប្រជុំនេះ នឹងពិនិត្យមើលឡើងវិញលើវឌ្ឍនភាពដែលសម្រេចបាន និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីប្រទេសមីយ៉ាន់ម៉ា តើលទ្ធផលវឌ្ឍនភាពជាវិជ្ជមានបានប៉ុណ្ណាហើយ?!៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN








