Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូពេទ្យ​ល្បីឈ្មោះ​នៅ​ថៃ ទៅលេង​ប្រទេស​ម៉ាលី ត្រូវ​គេ​ចាប់ជំរិត​អស់​រយៈពេល ២៥ ថ្ងៃ ទាមទារ​លុយ​លោះ​រហូតដល់​ទៅ…

នេះជារឿងមួយភ្ញាក់ផ្អើលខ្លាំងតែម្តង នៅពេលដែលបានដឹងថា វេជ្ជបណ្ឌិតជនជាតិថៃដ៏ល្បីម្នាក់ ដែលធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសម៉ាលី ត្រូវបានគេចាប់ជំរិតនៅទីនោះ អស់រយៈពេល ២៥ ថ្ងៃ។ ប៉ុន្តែ សំណាងហើយ ដែលគាត់មានលុយលោះ ពុំនោះទេ នឹងមានវាសនាមិនខុសមនុស្សជាច្រើនទៀត ដែលកំពុងត្រូវបានជាប់ឃុំឃាំងរាប់ឆ្នាំមកហើយ។

យោងតាមកាសែត thethaiger បានចុះផ្សាយឲ្យដឹងថា វេជ្ជបណ្ឌិតជនជាតិថៃដ៏ល្បីឈ្មោះ លោក Nopparat “Song” Rattanawaraha ដែលត្រូវបានចាប់ជំរិតនៅប្រទេសម៉ាលី កាលពីខែមុន បានត្រលប់មកផ្ទះវិញនៅថ្ងៃនេះ (ទី២៥ តុលា) បន្ទាប់ពីត្រូវបានដោះលែងដោយអ្នកចាប់របស់គាត់។

គ្រូពេទ្យវះកាត់អាយុ ៤៩ ឆ្នាំ រូបនេះ ត្រូវបានចាប់ជំរិត នៅពេលធ្វើដំណើរជិតព្រំដែនសាធារណរដ្ឋម៉ាលី នៅអាហ្វ្រិកខាងលិច ហើយត្រូវបានឃុំខ្លួនអស់រយៈពេល ២៥ ថ្ងៃ។ ក្រុមចាប់ជំរិតរបស់គាត់ បានដោះលែងគាត់កាលពីម្សិលមិញ (ថ្ងៃទី២៤ តុលា) បន្ទាប់ពីគាត់បានរៃអង្គាសប្រាក់បានចំនួន ៦ លានបាត (១៥៦,០០០ ដុល្លារអាមេរិក) ជាថ្នូរនឹងសេរីភាពរបស់គាត់។

Nopparat ដែល​គេ​ស្គាល់​ច្បាស់​ថា Mor Song ឬ Doctor Song គឺជាបុគ្គលម្នាក់មាន​មុខ​មាត់​ដ៏​លេចធ្លោ​ នៅ​លើ​បណ្ដាញ​សង្គម​ថៃ។ ក្រៅ​ពី​ការងារ​ជា​គ្រូពេទ្យ​វះកាត់ លោក Song បាន​ចងក្រង​ឯកសារ​ដំណើរ​ផ្សងព្រេង​របស់​គាត់​ដែល​មាន​ចំណង​ជើង​ថា Doctor Song Travels Around the World (หมอสองท่องโลก) នៅ​លើ Facebook និង Instagram។

Song បានជូនដំណឹងដល់អ្នកតាមដានរបស់គាត់ថា គាត់នឹងចាប់ផ្តើមដំណើរកម្សាន្តរយៈពេល ៣ សប្តាហ៍ដ៏រំភើប ចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ដោយធ្វើដំណើរទៅប្រទេសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន ឆាដ នីហ្សេរីយ៉ា ប៊ូគីណាហ្វាសូ ម៉ាលី កាមេរូន អេក្វាទ័រហ្គីណេ និងសៅតូមេ។

គ្រូពេទ្យវះរូបនេះ ក៏បានអាប់ដេតការធ្វើដំណើររបស់គាត់នៅលើ Facebook និង Instagram ជាមួយនឹងរឿងរ៉ាវ និងរូបភាពប្រចាំថ្ងៃ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា។ អ្នកតាមដានរបស់គាត់មួយចំនួន ក៏បានស្នើសុំឱ្យ ធ្វើការអាប់ដេតបន្ទាប់ពីពីរបីថ្ងៃ នៃការបង្ហោះ ប៉ុន្តែ Song នៅស្ងៀម (ពុំបានបង្ហោះអ្វីនៅលើបណ្តាញសង្គមទៀតទេ)។

តែអ្វីដែលភ្ញាក់ផ្អើលនោះ ស្រាប់តែប្រព័ន្ធផ្សព្វផ្សាយថៃ ត្រូវបានជូនដំណឹងអំពីការបាត់ខ្លួនរបស់គាត់ កាលពីថ្ងៃសៅរ៍ទី២២ ខែតុលា បន្ទាប់ពីអតីតភរិយារបស់គាត់ Yingyae Nonthaporn បានស្វែងរកជំនួយពីប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបាននិយាយថា អតីតស្វាមីរបស់នាងត្រូវបានចាប់ជំរិតនៅអាហ្វ្រិកហើយ។

ប៉ុស្តិ៍លេខ ៣ បានសម្ភាសលេខារបស់ Song ដែលក៏បានឲ្យដឹងថា វេជ្ជបណ្ឌិតរបស់ពួកគេ ត្រូវបានចាប់ជំរិត នៅពេលគាត់ទៅលេងផ្សារមួយ នៅភាគខាងលិចនៃសាធារណរដ្ឋម៉ាលី កាលពីថ្ងៃទី២៨ ខែកញ្ញា។

Song ត្រូវ​បាន​គេ​នាំ​ទៅ​ជំរុំ​ឧក្រិដ្ឋជន​ជ្រៅ​ក្នុង​ព្រៃ -ទីកន្លែងដែល​គាត់​ត្រូវ​បាន​គេ​ចាប់​ដាក់​ច្រវាក់ ប៉ុន្តែ ​មិន​បាន​រង​គ្រោះ​ដល់​រាងកាយ ពី​ការ​ចាប់​ជំរិត​របស់​គាត់​ទេ។

ក្រុម​មួយ​បាន​ផ្តល់​ទូរស័ព្ទ​ដៃ​ដល់ Song ដើម្បី​ទាក់​ទង​ទៅសាច់​ញាតិ ឬ​មិត្តភ័ក្តិ ​ដើម្បី​យក​ថ្លៃ​លោះ។ វេជ្ជបណ្ឌិត​បាន​ចាត់​មិត្ត​ម្នាក់​ឱ្យ​ខ្ចី​ប្រាក់​ប្រាំមួយ​លាន​បាត ​ដើម្បី​ទិញ​សេរីភាព​របស់​គាត់។

Song ​បាន​លាតត្រដាង​ថា ​គាត់​ជាប់​គុក​ជាមួយ​អ្នក​ដទៃ​ដែល​ត្រូវ​ឃុំ​ខ្លួន​ក្នុង​ជំរំ​រាប់​ឆ្នាំ។ ពួក​គេ​នៅ​តែ​នៅ​ក្នុង​ជំរំ ព្រោះ​ពួក​គេ​មិន​មាន​លទ្ធភាព​បង់​ថ្លៃ​លោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×