Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ព័ន្ធមិត្ត ៣ ប្រទេស រួមគ្នាព្រមានកូរ៉េខាងជើងថា នឹងឆ្លើយតបធ្ងន់ៗប្រសិនបើហ៊ានបា.ញ់សាកល្បងអាវុធនុយក្លេអ៊ែរ

សម្ព័ន្ធមិត្ត ៣ ប្រទេស ៖ ជាការគំរាមទុកជាមុនដោយខ្លាចប្រទេសកូរ៉េខាងជើងឈានទៅចាប់យកបច្ចេកវិទ្យានុយក្លេអ៊ែរបានសម្រេចនោះ សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានរួមគ្នាព្រមានកូរ៉េខាងជើងថា សម្ព័ន្ធមិត្តទាំង៣ នឹងធ្វើការឆ្លើយតបក្នុងកម្រិតធ្ងន់មិនធ្លាប់មានពីមុនមក ប្រសិនបើទីក្រុងព្យុងយ៉ាងហ៊ានធ្វើតេស្តបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ។

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ការព្រមានរបស់សម្ព័ន្ធមិត្តទាំង៣នេះ ធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញនេះ ដោយបង្ហាញពីក្តីបារម្ភថា កូរ៉េខាងជើងអាចនឹងបន្តធ្វើតេស្តអាវុធនុយក្លេអ៊ែរជាថ្មីឡើងវិញ បន្ទាប់ពីបានផ្អាកមួយរយៈចាប់តាំងពីឆ្នាំ២០១៧មក។

ក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ជាមួយវត្តមានអនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោក តាកេអូ ម៉ូរី (Takeo Mori), អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី វែនឌី សឺមែន (Wendy Sherman) និងអនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក ចូ យុនដុង (Cho Hyun-dong), ពួកគេបានលើកឡើងថា យើងបាន ឯកភាពគ្នាថា ការឆ្លើយតបក្នុងកម្រិតធ្ងន់មិនធ្លាប់មាន និងចាំបាច់នោះ នឹងត្រូវធ្វើឡើង ប្រសិនបើកូរ៉េខាងជើងពិតជាសម្រេចធ្វើតេស្តអាវុធនុយក្លេអ៊ែរ ជាលើកទី៧ មែននោះ។

លោកស្រី វែនឌី សឺមែន អនុរដ្ឋមន្រ្តីការបរទេសអាមេរិក បានទទូចឱ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពបង្កហេតុហានិភ័យក្នុងតំបន់តទៅទៀត និងបានអះអាងថា សហរដ្ឋអាមេរិក អាចនឹងប្រើប្រាស់សមត្ថភាពយោធាគ្រប់បែបយ៉ាង ដើម្បីការពារជប៉ុន និងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន, ហើយថា កូរ៉េខាងជើងត្រូវតែយល់ឱ្យច្បាស់អំពីការប្តេជ្ញាយ៉ាងរឹងមាំរបស់សហរដ្ឋអាមេរិក ចំពោះសន្តិសុខនៃប្រទេសជប៉ុន និងកូរ៉េខាងត្បូង។

គួរកត់សម្គាល់ថា ក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើង បានធ្វើតេស្តអាវុធមហាប្រល័យជាច្រើនគ្រាប់ក្នុងកំលុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះប៉ុណ្ណោះ ដូចជា បាញ់តេស្ត មីស៉ីលផ្លោងបាលីស្ទីករយៈចម្ងាយខ្លី និងមធ្យមច្រើនជាង២០គ្រាប់ និងការបាញ់មីស៉ីលផ្លោង១គ្រាប់ ហោះរំលងប្រទេសជប៉ុនផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×