ភ្នំពេញ ៖ ឆ្លើយតបនឹងសំណួរអំពីការវិវឌ្ឍនៃវិស័យព័ត៌មាន សោតទស្សន៍ និងច្បាប់ស្ដីពីរបបសារព័ត៌មានរបស់ប្រធានស្តីទី គណៈកម្មការទី៥ នៃព្រឹទ្ធសភា, ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកបង្ហាញថា តាមរយៈរដ្ឋធម្មនុញ្ញកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ក្នុងការបញ្ជេញមតិ ប៉ុន្តែការប្រើប្រាស់សិទ្ធិនេះ ត្រូវគោរពសិទ្ធិអ្នកដទៃ និងគោរពសិទ្ធិដែលមានបញ្ញត្តិក្នុងច្បាប់ ប្រសិនបើបុគ្គលណាបំពាននោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់, ចំណែកវិស័យសារព័ត៌មាន ត្រូវគោរព និងអនុវត្តទៅតាមច្បាប់ស្ដីពីរបបសារព័ត៌មាន, អ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌ និងវិជ្ជាជីវៈ គឺកុំបំពានអ្នកដទៃ កុំបំភ្លេចការពិត។
នេះជាការលើកឡើងក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ឈិត គឹមយាត ប្រធានស្តីទី គណៈកម្មការទី៥ នៃព្រឹទ្ធសភា (កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន) ជាមួយ លោក ខៀវ កាញារីទ្ធ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ស្ថីពីដំណើរការវិវឌ្ឍនៃវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា និងបញ្ហាប្រឈមនានា។
ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបង្ហាញថា បើនិយាយពីវិស័យព័ត៌មានរបស់ស្ថាប័នរដ្ឋ និងការអនុវត្តតួនាទីភារកិច្ចវិញ ក្រសួងព័ត៌មាន បានអនុវត្តស្របទៅតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍនជាតិ។
ទាក់ទងនឹងអ្នកសារព័ត៌មាន គឺក្រសួងមានអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដើម្បីគ្រប់គ្រង និងដោះស្រាយវិវាទអ្នកសារព័ត៌មាន ដោយក្រសួងមានមេធាវីប្រចាំក្រសួង និងមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោផងដែរ សម្រាប់ជួយសម្របសម្រួល និងដោះស្រាយក្នុងករណីដែលអ្នកសារព័ត៌មានអនុវត្តត្រឹមត្រូវតាមវិជ្ជាជីវៈ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានគូបញ្ជាក់ថា បើនិយាយពីវឌ្ឍនភាពនៃច្បាប់ស្ដីពីរបបសារព័ត៌មានវិញ ក្រសួងកំពុងតែរៀបចំសេចក្តីព្រាងច្បាប់ ស្តីពី ” សិទ្ធិទទួលព័ត៌មាន ” និងសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្ដីពី របបសារព័ត៌មាន ដើម្បីពង្រឹងការគ្រប់គ្រងអ្នកសារព័ត៌មានឲ្យកាន់តែល្អប្រសើរ និងសិទ្ធទទួលព័ត៌មានរបស់ប្រជាពលរដ្ឋទូទៅផងដែរ, ប៉ុន្តែ បញ្ហាប្រឈមដែលក្រសួងជួបប្រទះនោះ គឺបញ្ហាហិរញ្ញវត្ថុ និងធនធានមនុស្ស នៅមានកម្រិតនៅឡើយ ដែលពុំទាន់អាចឆ្លើយតបបានទាន់ពេលវេលា និងគ្រប់គ្រាន់លើកិច្ចការព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។
បើនិយាយពីការវិវឌ្ឍន៍លើប្រព័ន្ធឌីជីថលវិញ រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះ បានបញ្ជាក់ថា សព្វថ្ងៃក្រសួងព័ត៌មាន បាននិងកំពុងផ្លាស់ប្តូរប្រពន្ធ័ការផ្សាយ ពីអាន់ណាឡូក មកប្រព័ន្ធឌីជីថល ហើយសារៈសំខាន់ដែលត្រូវផ្លាស់ប្តូរនោះ គឺស្របតាមការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស របស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា និងពិភពលោក។ កន្លងមកនេះ ទូរទស្សន៍រដ្ឋ និងឯកជនក្នុងស្រុកមួយចំនួន បានប្តូរមកប្រើប្រព័ន្ធឌីជីថល ជាបណ្តើរៗរួចមកហើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
























