ស្ត្រីខូចចិត្តម្នាក់ដែលប៉ុនប៉ងលោតសម្លាប់ខ្លួន ពីលើស្ពានមួយកន្លែងស្ថិតនៅភាគខាងជើងនៃប្រទេសចិន ត្រូវបានជួយសង្គ្រោះជីវិត បន្ទាប់ពីស្ត្រីជាអ្នកបើកបររថយន្តក្រុងម្នាក់ បានបញ្ចុះបញ្ចូលនាងឲ្យផ្លាស់ប្តូរចិត្តគំនិតគិតខ្លីបែបនេះ ។
ការធ្វើអត្តឃាតដ៏គួរឲ្យបារម្ភនេះ ត្រូវបាន «រារាំង» ដោយស្ត្រីម្នាក់ឈ្មោះ Zeng Hanxi ដែលកំពុងបើករថយន្តក្រុងស្ថិតតាមបណ្តោយផ្លូវមួយក្នុងខេត្ត Wuhan កាលពីរសៀលថ្ងៃអាទិត្យ គឺនៅពេលដែលអ្នកស្រី Zeng បានសម្លឹងឃើញស្ត្រីវ័យក្មេងម្នាក់កំពុងឡើងលើបង្កាន់ដៃស្ពានឆ្លងកាត់ទន្លៃ Yangtze ។
វីដេអូផុសនៅលើ PearVideo បានបង្ហាញឲ្យឃើញពីទិដ្ឋភាពស្ត្រីអ្នកបើកបរចិត្តធម៌នោះ បានឈប់រថយន្តជាបន្ទាន់ នៅកណ្តាលស្ពាន ដោយស្រែកចេញពីក្នុងរថយន្តយ៉ាងខ្លាំងថា៖ «ហេ! នាងកុំលោតៗ» និងទីបំផុត នាងក៏ទាញស្ត្រីប៉ុនប៉ងសម្លាប់ខ្លួននោះដោយសុវត្តិភាព ដោយមានការជួយសង្គ្រោះពីអ្នកដំណើរ ។
ស្ត្រីរូបនោះត្រូវបានដឹងថាមានឈ្មោះ Xu ហើយមូលហេតុដែលធ្វើឲ្យនាងសម្រេចចិត្តមកឡើងលើស្ពាន ប៉ុនប៉ងបញ្ចប់ជីវិតបែបនេះ គឺបន្ទាប់កើតមានជម្លោះខ្លាំងក្លាមួយជាមួយប្តីរបស់នាងតាមទូរស័ព្ទ ។
យោងតាម South China Morning Post ប្តីរបស់ Xu រស់នៅ Shenzen ដែលមានចម្ងាយជាង ១ ពាន់គីឡូម៉ែត្រ ពី Wuhan ។
អ្នកស្រី Zeng បានឲ្យដឹងថា៖ «ស្ត្រីវ័យក្មេងនោះពុំឈប់ស្រែកយំជាមួយវិបត្តិរបស់នាងទេ ។ ខ្ញុំបានហៅអ្នកដំណើរទាំងអស់នៅលើរថយន្ត ជួយសង្គ្រោះនាង និងនាំយកនាងចេញពីស្ពាននោះ ព្រោះតែខ្ញុំបារម្ភខ្លាចក្រែងនាងធ្វើបែបនេះម្តងទៀត» ។
Zheng បានដឹកយកស្ត្រីមានបញ្ហាផ្លូវចិត្តនេះ ទៅកាន់ចំណតរថយន្តស្ថិតក្បែរនោះមួយ ដែលជាទីកន្លែងមិត្តភក្តិម្នាក់របស់នាង ត្រូវបានហៅឲ្យមកយកនាងទៅផ្ទះវិញ ៕ ចន្ទី