Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី បង្កើនការផលិតគ្រឿងចម្បាំងឲ្យលឿន ផ្គត់ផ្គង់ដល់សង្គ្រាមនៅអ៊ុយក្រែន

រដ្ឋធានីមូស្គូ៖ ក្រោយពេល បណ្ដាមន្រ្ដីយោធាបស្ចិមលោកមួយចំនួន បានអះអាង ពីក្រុងមូស្គូកំពុងតែខ្សោះគ្រឿងសព្វាវុធ និង ការផ្គត់ផ្គង់សម្ភារយោធាមិនគ្រប់គ្រាន់ ដល់ទាហាន នៅលើសមរភូមិ នៅអ៊ុយក្រែន ទើបងាកទៅរកទិញគ្រឿងសឹក ពីប្រទេសអ៊ីរ៉ង់ និង កូរ៉េខាងជើង ប៉ុន្ដែឥឡូវ មានសេចក្ដីរាយការណ៍ជាថ្មីទៀត ថា ក្រុងមូស្គូ កំពុងតែបង្កើននូវការផលិតគ្រឿងចម្បាំង សម្រាប់យកមកបំពេញតម្រូវការ នៅក្នុងសង្គ្រាម ប្រឆាំងនឹងអ៊ុយក្រែន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២៦ ខែតុលា ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានធ្វើជាអធិបតី នៅក្នុងគណៈកម្មាធិការថ្មីមួយ ផ្ដោតទៅលើការបង្កើនល្បឿនការផលិតគ្រឿងយុទ្ធោបករណ៍ និង បញ្ជូនគ្រឿងសឹកទាំងនោះ ទៅកាន់កម្លាំងទាហានរបស់ក្រុងមូស្គូ ដែលកំពុងតែធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រឈមមុខនឹងពន្យារពេលការផលិតឧបករណ៍យោធា និង ការខាតបង់គ្រឿងសឹកយ៉ាងច្រើន នៅលើសមរភូមិ នៅក្នុងប្រទេសអ៊ុយក្រែន។ ដោយសារតែប្រឈមមុខនឹងបញ្ហាយ៉ាងខ្លាំង នៅក្នុងសង្គ្រាម ទើបគាត់ជំរុញឱ្យរដ្ឋាភិបាលរបស់គាត់ កាត់បន្ថយការិយាធិបតេយ្យ សម្រាប់បំពាក់គ្រឿងសព្វាវុធ និង ការផ្គត់ផ្គង់គ្រឿងសឹក ឲ្យបានគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ដល់កម្លាំងទាហានរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ជាកន្លែង ដែលកងទ័ពការពារទឹកដីអ៊ុយក្រែន បាន និង កំពុងតែបង្កើនការវាយលុកយ៉ាងខ្លាំង រហូតធ្វើឱ្យកម្លាំងទាហានរបស់គាត់ ដកថយក្រោយ។ កង្វះការផ្គត់ផ្គង់ដល់ទាហានរុស្ស៊ី នៅក្នុងសង្គ្រាម រយៈពេល៨ខែកន្លងមកនេះ ត្រូវបានគេប្រកាស ថា លោក ពូទីន ត្រូវតែបង្កើតរចនាសម្ព័ន្ធ ដើម្បីព្យាយាមដោះស្រាយបញ្ហាទាំងនេះ។

លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ បានធ្វើជាប្រធានគណៈកម្មាធិការមួយ ត្រូវបានរៀបចំឡើង ដើម្បីបង្កើនល្បឿនផលិត និង បញ្ជូនគ្រឿងសព្វាវុធ ទៅផ្គត់ផ្គង់ដល់កម្លាំងទាហានរុស្ស៊ី ហើយបានសង្កត់ធ្ងន់ លើតម្រូវការ សម្រាប់ទទួលបានកម្លាំងខ្លាំងក្លា នៅគ្រប់សមរភូមិ។

ក្រសួងការពារជាតិចក្រភពអង់គ្លេស បានរាយការណ៍ កាលពីថ្ងៃអង្គារ ថា «រុស្ស៊ី ទំនងជានឹងងាកទៅរកការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬដ្រូនច្រើន សម្រាប់ព្យាយាមវាយលុក ទៅលើប្រព័ន្ធការពារដែនអាកាសរបស់កងទ័ពការពរទឹកដីអ៊ុយក្រែន។ ចំណែកគ្រាប់កាំភ្លើងធំរបស់ទាហានរុស្ស៊ី កំពុងតែនៅសេសសល់តិចតូច»។

វិទ្យាស្ថានសិក្សាពីសង្គ្រាម មានមូលដ្ឋាន នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានអះអាង ថា «រុស្ស៊ី យឺតយ៉ាវវាយប្រហារតាមផ្លូវអាកាស ឬប្រើប្រាស់កាំជ្រួច និង យន្តហោះគ្មានមនុស្សបើក ឬដ្រូន អាចឆ្លុះបញ្ចាំង ពីការថយចុះ នៅក្នុងឃ្លាំងស្តុកមីស៊ីល និង ដ្រូន ហើយការវាយប្រហារ កំណត់ពីប្រសិទ្ធភាពលើការសម្រេចគោលដៅយោធា ជាយុទ្ធសាស្ត្ររបស់រុស្ស៊ី»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×